កីឡាជាតិ
ជាតិ
កីឡាការិនី វី ស្រី​ខួច តាំងចិត្ត​បោះជំហាន​ទៅមុខ​ជានិច្ច​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន​
11, Mar 2018 , 2:39 pm        
រូបភាព
ដោយ:
​កីឡាការិនី វី ស្រី​ខួច បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​តាំងពី​នាង​មាន​អាយុ​១៦​ឆ្នាំ​។ តាមរយៈ​វិស័យនេះ ស្រី​ខួច បាន​ជួយ​ឲ្យ​គ្រួសារ​នាង​តាំងពី​គ្មាន​ផ្ទះ រហូត​មានផ្ទះ​ជា​កម្មសិទ្ធិ​។ លោកស្រី ហ៊ិ​ន ម៉ៅ ម្តាយបង្កើត​របស់ ស្រី​ខួច បាន​រៀបរាប់ថា បច្ចុប្បន្ន​ជីវភាព​គ្រួសារ​លោកស្រី​មាន​ភាពល្អប្រសើរ​ជាង​មុន​តាំងពី ស្រី​ខួច ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​។ តែ​លោកស្រី ហាក់​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​អនាគត​កូនស្រី ពាក់ព័ន្ធ​រឿង​គូស្រករ​។

 
 
​ពី​ការហាត់​ដើម្បី​ការពារ​ខ្លួន​រហូត វី ស្រី​ខួច បាន​ក្លាយជា​កីឡាការិនី​ប្រដាល់​គុន​ខ្មែរ ដ៏​ល្បីល្បាញ​មួយរូប​នៅ​កម្ពុជា​។ ភាពល្បីល្បាញ​មិនមាន​តែ​ក្នុងស្រុក​នោះទេ ស្រី​ខួច បាន​សាង​ភាព​អស្ចារ្យ​នេះ​នៅ​ឆាក​អន្តរជាតិ​ផងដែរ តាមរយៈ​ការ​ឈ្នះ​ខ្សែក្រវាត់​នៅ​ប្រទេស​បារាំង​។ បច្ចុប្បន្ន​កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូបនេះ ជា​កីឡាការិនី​ជម្រើសជាតិ​ប្រដាល់សកល​របស់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។ 

សំឡេង៖
 


 
«​ពីដំបូង​ឡើយ​ហាត់​មិនមែន​ប៉ង​ចង់​ឡើង​វាយ​នោះទេ គ្រាន់តែ​បងប្រុស​ខ្ញុំ​គាត់​សួរថា តើ​ខ្ញុំ​ចង់​ហាត់​(​គុន​ខ្មែរ​)​អត់​? ដោយ​ពេលនោះ​ខ្ញុំ​ធ្វើការ​ពេលយប់ ដូច្នេះ​ខ្ញុំ​ចង់​ចេះ​ក្បាច់គុន​ខ្លះៗ​ដើម្បី​ទុក​ការពារ​ខ្លួន​។ ពេល​ខ្ញុំ​ចាប់ផ្តើម​ហាត់​គ្រូ​សួរថា មានចិត្ត​ចង់​ឡើង​ប្រកួត​អត់​? ពេលនោះ ខ្ញុំ​ថា​ចង់​សាក​ចង់ដឹង​ដែរ​..​។ គ្រាន់តែ​ឡើង​ប្រកួត​សាកល្បង​ម្តង​មក ខ្ញុំ​ចាប់ផ្តើម​ចង់​ហាត់​ចង់វាយ​រហូត​តែម្តង​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡាការិនី វី ស្រី​ខួច ពេល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​ជា​កូនស្រី​ទី​២​ក្នុង​គ្រួសារ​មាន​ជីវភាព​មិនសូវ​ធូរធា​នៅ​ក្រុង​តាខ្មៅ ដែលមាន​បងប្អូន​៧​នាក់ កីឡាការិនី វី ស្រី​ខួច បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពី​អាយុ​១៦​ឆ្នាំ​។ ជីវភាព​ខ្វះខាត និង​ការស្រលាញ់​ដែលមាន​ជីតា និង​បងប្រុស​បង្កើតជា​អ្នក​ហាត់គុន​អាចជា​ដើមចម​ដែល​ជំរុញ​ឲ្យ ស្រី​ខួច ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ខ្សត់​មនុស្ស​ស្រី​មួយ​នេះ​។ 
 
​ពាក់ព័ន្ធ​ការចូល​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​របស់ ស្រី​ខួច ទាំង​វ័យ​ត្រូវបំពេញ​ការសិក្សា​នេះ ម្តាយបង្កើត​របស់​នាង លោកស្រី ហ៊ិ​ន ម៉ៅ បាន​និយាយថា ដោយសារ​គ្រួសារ​អ្នកស្រី​មាន​ជីវភាព​ខ្វះខាត​រក​ព្រឹក​ខ្វះ​ល្ងាច ទើបត្រូវ​បង្ខំចិត្ត​ឲ្យ​កូន​ចូលប្រឡូក​ក្នុង​វិស័យ ដែល​លោកស្រី​តែងតែ​ទទួល​ពាក្យ​ការរិះគន់​ពី​អ្នកជិតខាង​មួយ​នេះ​។​
 
​ប៉ុន្តែ​តាមរយៈ​ការ​ប្រឡូក​ក្នុង​វិស័យនេះ​របស់ ស្រី​ខួច បាន​ជួយ​ឲ្យ​គ្រួសារ​មួយ​ដែល​ធ្លាប់មាន​ជីវភាព​ខ្វះខាត​រក​ព្រឹក​ខ្វះ​ល្ងាច និង​គ្មាន​ផ្ទះ​ស្នាក់នៅ​ត្រឹមត្រូវ មាន​ជីវភាព​ល្អប្រសើរ និង​មានផ្ទះ​ជា​កម្មសិទ្ធិ​ខ្លួនឯង​។ «​ពីដំបូង​ឡើយ​ខ្ញុំ​គ្មាន​ផ្ទះ គ្មាន​ទីលំនៅ​ច្បាស់លាស់​នោះទេ ដើរ​តែ​ជួល​ផ្ទះជួល​ដី​គេ​នៅ ដើរ​តែ​នៅ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​កីឡា​នេះ ខ្ញុំ​មាន​លុយ​ទិញ​ដី​ធ្វើ​ផ្ទះ​ខ្លួនឯង មាន​ម៉ូតូ​ជិះ​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាការិនី វី ស្រី​ខួច​។ 
 
​ជាមួយគ្នានេះ​ម្តាយបង្កើត​របស់​កីឡាការិនី វី ស្រី​ខួច លោកស្រី ហ៊ិ​ន ម៉ៅ បាន​និយាយ​ពី​ទុក្ខលំបាក​ដូច្នេះ​ថា​៖«​ពីមុន​គ្រួសារ​ខ្ញុំ​គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន​នោះទេ គឺ​ជួល​ផ្ទះ​គេ​នៅ មាន​កន្លែង​ខ្លះ​ខ្ញុំ​ជួល​បាន​ពី​៤​ទៅ​៥​ខែ​រួចហើយ​ដូរ​ទៅមួយ​ទៀត​។ បន្ទាប់មក​ខ្ញុំ​បាន​ជួល​ដី​គេ តែ​ត្រូវបាន​ម្ចាស់​គេ​ថា គេ​ត្រូវ​លក់​ដី​នេះ គេ​ក៏​ឲ្យ​ខ្ញុំ​ចេញ និយាយ​រួម​ស្ទើរ​១០​ត្រឡប់ ទម្រាំ ស្រី​ខួច ឡើង​វាយ​យកលុយ​ទិញ​ដី​ធ្វើ​ផ្ទះ​បាន​ដូច​សព្វថ្ងៃនេះ​»​។​
 
​ទម្រាំ​ទទួលបាន​ដូច​សព្វថ្ងៃ ស្រី​ខួច ធ្លាប់​រង​ការរិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​ការចូល​ប្រឡូក​ក្នុង​វិស័យនេះ​ផងដែរ ដោយមាន​អ្នកខ្លះ​លើកឡើងថា នាង​ជា​ស្រី​ហេតុអ្វី​មិន​ទៅធ្វើ​ការងារ​ផ្សេង បែរជា​មក​ធ្វើជា​អ្នក​ប្រដាល់​ឲ្យ​វាយ​ទៅវិញ​។ យ៉ាងនេះ​ក្តី ដោយមាន​ការជំរុញ​និង​លើកទឹកចិត្ត​ពី​ឱ​ពុក​ម្តាយ​ឲ្យ​កុំ​ខ្វល់​នឹង​ការរិះគន់​អ្នកដទៃ ស្រី​ខួច មិនដែល​យក​អារម្មណ៍​គិតពី​បញ្ហា​នេះឡើយ​។ អ្វីដែល​សំខាន់ នាង បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​សម្រួច​ទៅរក​គោលដៅ រហូត​ទទួលបាន​ការសរសើរ​ត្រឡប់មកវិញ​។​
 
​ក្នុង​សម្លៀកបំពាក់​កីឡា​ដែល​ទើប​ហាត់​ចប់​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ វី ស្រី​ខួច បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ហាត់​ប្រដាល់សេរី គេ​ឃើញ​ខ្ញុំ​ឡាំ​គ្នា​ឱប​គ្នា​កាច់​គ្នា​ជាមួយ​ប្រុសៗ គេ​ថា​ខ្លួន​ស្រី​ទៅ​ហាត់​អីចឹង វា​អត់​សម​អត់​ទំនង​អី​ណា​..​។ តែ​ក្រោយមក ខ្ញុំ​បាន​ឡើង​ប្រកួត​ទទួលបាន​ជ័យជម្នះ និង​បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស គេ​សរសើរ​ខ្ញុំ​វិញ គេ​ថា​តាំងពីដើម​មិនដែល​មាន​ស្រី​ណា​មាន​សមត្ថភាព ហើយ​បាន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ដូចនេះ​ទេ​»​។   
 
​មិន​ត្រឹមតែ ស្រី​ខួច នោះទេ ដែល​ទទួលរង​នូវ​ការរិះគន់​ទាំងនេះ​ពី​មហាជន សូម្បីតែ​ម្តាយ​នាង ក៏​រង​ការរិះគន់​នេះ​ផងដែរ​។ លោកស្រី ហ៊ិ​ន ម៉ៅ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​អ្នកស្រុក​គេ​រិះគន់​យើង គេ​ថា​អត់​ម្តេច​មិន​ទៅរក​ការងារ​ធ្វើ​ផ្សេង​ពី​នឹង​(​ប្រដាល់​) សុខចិត្ត​ឲ្យ​កូនស្រី​ឡើង​ប្រដាល់​លើ​រេញ​។ តែ​ខ្ញុំ​តប​វិញ​ថា មិនដឹង​ធ្វើ​ម៉េច​ទេ​បើ​វា​ចង់​ចឹ​ង ហើយ​ណាមួយ​វា​បាន​ជួយ​ដោះស្រាយ​ជីវភាព​យើង​ឲ្យ​មាន​ភាពប្រសើរឡើង ពី​ទុក្ខលំបាក​១០០​ភាគរយ មក​សល់​ត្រឹមតែ​៤០​ភាគរយ​»​។​
 
​ទន្ទឹមនឹងនេះ លោកស្រី​វ័យ​៥១​ឆ្នាំ​រូបនេះ ហាក់​បង្ហាញ​ក្តីបារម្ភ​ចំពោះ​អនាគត​របស់ ស្រី​ខួច ដោយ​លោកស្រី​ព្រួយបារម្ភ​ខ្លាច​គ្មាន​អ្នក​ស្រលាញ់​ស្រី​ជា​អ្នក​ប្រដាល់​ដូច​កូន​របស់​លោកស្រី​។ តែ​ការព្រួយបារម្ភ​នេះ​ហាក់​ផ្ទុយ​ពី​ការយល់ឃើញ​របស់​សា​ម៉ី​ខ្លួន ខណៈ វី ស្រី​ខួច អះអាងថា នាង​មិន​ខ្វល់​ពី​បញ្ហា​នេះឡើយ សំខាន់​នាង​អាច​គ្រួសារ​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ 


 
​តាមរយៈ​ការចូល​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​របស់​កីឡាការិនី វី ស្រី​ខួច បាន​ទាក់ទាញ​កីឡាការិនី​ជាច្រើន​ឲ្យ​ចូលរួម​កីឡា​មួយ​នេះ​។ «​ប្រុស​អាចធ្វើ​បាន​ស្រី​ក៏​អាច​ធ្វើបាន ប្រុស​អាច​វាយ​បាន ស្រី​ក៏​អាច​វាយ​បាន​»​។ ជា​សារ​របស់ ស្រី​ខួច ចង់​ផ្តាំ​ទៅ​ស្ត្រីៗ​កម្ពុជា​កុំ​ឲ្យ​ខ្លា​ចនឹង​ពាក្យរិះគន់​របស់​មហាជន សម្រាប់​វិស័យ​កីឡា​មួយ​នេះ​។ ជាមួយគ្នានេះ ស្រី​ខួច ស្នើ​ដល់​ស្ត្រីៗ​កម្ពុជា​កុំ​មានការ​ខ្មាសអៀន និង​ចូលរួម​ជាមួយ​កីឡាប្រដាល់​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើជា​ធនធាន​តំណាង​ឲ្យ​ប្រទេសជាតិ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ កុំ​ឲ្យ​ចាញ់​បរទេស​។ 
 
​ក្រៅពី​កីឡាការិនី វី ស្រី​ខួច ក៏មាន​បងប្អូន​៤​នាក់​ផ្សេងទៀត​ផងដែរ ដែល​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​នេះ​។ បងប្អូន​ទាំង​៤​នោះ​រួមមាន​កីឡាករ វី សាវុធ​, វី សុភា​ស់​, កីឡាការិនី វី ស្រី​ឆាយ និង​កីឡាការិនី វី ស្រី​ស្រស់​៕         

Tag:
 ប្រដាល់​គុន​ខ្មែរ​
  វី ស្រី​ខួច
© រក្សាសិទ្ធិដោយ thmeythmey.com