សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន ជា​ម៉ាស៊ីន​ជំរុញ​ការ​ងើបឡើង​សេដ្ឋកិច្ចពិ​ភព​លោក​
11, Mar 2018 , 8:19 pm        
រូបភាព
ដោយ:
​មហា​យក្ស​ចិន ដែលមាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន​១២.៨​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ នឹង​នៅ​បន្ត​ដើរតួនាទី​ជា​ម៉ាស៊ីន​ជំរុញ​ការ​ងើបឡើង​សេដ្ឋកិច្ចពិភពលោក​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​។​

 
​ក្នុង​ទិន្នន័យ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ កាលពី​ឆ្នាំ​២០១៧ សេដ្ឋកិច្ច​របស់​ចិន​មាន​ទំហំ​ប្រមាណ​១៥​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក និង​ចូលរួមចំណែក​ដល់់​កំណើន​សេដ្ឋកិច្ចពិភពលោក​ដល់​ទៅ​៣០​ភាគរយ​។ ទំហំ​ដ៏​ធំ​នៃ​សេដ្ឋកិច្ច​នេះ បាន​ជួយ​ពង្រឹង​កៅអី​ចិន​ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី​ពីរ​។​
 
​បើតាម​ទិន្នន័យ​ដដែល​នេះ ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ចិន មាន​ទំហំ​២៧.៨​ទ្រី​លាន​យ័ន​ក្នុង​ឆ្នាំ​២០១៧ ចំណែកឯ​ទុនបម្រុង​សម្រាប់​ការផ្លាស់ប្ដូរ​អន្តរជាតិ បាន​កើន​ដល់​ទៅ​៣.១៤​ទ្រី​លាន​យ័ន​ក្នុង​ឆ្នាំ​២០១៧ ដែលជា​ទុនបម្រុង​ធំជាងគេ​របស់​ពិភពលោក​។ ជាមួយគ្នានេះ អត្រា​មានការ​ងារ​ធ្វើ​ក៏​បន្ត​កើនឡើង ហើយ​អត្រា​អត់​ការងារ​នៅ​តំបន់​ទីក្រុង​បាន​ធ្លា​ក់មក​ត្រឹម​៣.៩​ភាគរយ​។ 
 
​ជាមួយគ្នានេះដែរ របាយការណ៍​របស់​កា​រិ​យា​ល័យ​ស្ថិត​តិ​ចិន​បង្ហាញ​ដែរ​ថា ទិន្នផល​ផលិត​ប្រចាំឆ្នាំ​បាន​រក្សា​នៅ​កម្រិត​៦០០​លាន​តោន​រយៈពេល​៥​ឆ្នាំ​ជាប់​គ្នា​។ នៅ​ឆ្នាំមុន ចំណូល និង​ចំណាយ​សម្រាប់​មនុស្ស​ម្នាក់​របស់​ជនជាតិ​ចិន បាន​កើនឡើង​ដូចគ្នា គឺ​៩​ភាគរយ និង​៧.១​ភាគរយ​ជា​បន្តបន្ទាប់​គ្នា​។ 
 
​ចំណែកឯ​ការសាងសង់​ផ្លូវ និង​ប្រព័ន្ធ​រថភ្លើង​ក៏ត្រូវ​បាន​ពង្រីក​យ៉ាងខ្លាំង​ដែរ​។ ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវបាន​សាងសង់​ឡើងវិញ​មាន​ចម្ងាយ​ដល់​ទៅ​៦,៧៩៦​គីឡូម៉ែត្រ ស្រប​ពេលដែល​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មាន​ប្រវែង​ជាង​ពីរពាន់​គីឡូម៉ែត្រ​ឯណោះ ហើយ​ប្រព័ន្ធ​ខ្សែ​អុ​ប​ទិ​ក​វិញ​មាន​ប្រវែង​៧​លាន​គីឡូម៉ែត្រ​។ ការណ៍​នេះ ធ្វើ​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​នេះ មាន​ប្រព័ន្ធ​ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ប្រព័ន្ធ​អុ​ប​ទិ​ក​ធំជាងគេ​លើ​ពិភពលោក​៕  

© រក្សាសិទ្ធិដោយ thmeythmey.com