ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍៖ អ្នកឃើញហេតុការណ៍ និងនគរបាលមានមានតួនាទីអ្វីខ្លះ?
× ជំពូកទី៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងយ៉ាងច្បាស់ពីសកម្មភាព និងកិច្ចការដែលប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍ និងនគរបាលចរាចរណ៍ ត្រូវអនុវត្តន៍។
តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៣៤ , ៣៥,៣៦ ,៣៧ និង៣៨ នៅក្នុងជំពូកទី៦ បានចែងដូចខាងក្រោម៖
មាត្រា៣៤
គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក។ នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ផ្លូវគោកត្រូវខិតខំឲ្យអស់សមត្ថភាពដើម្បី៖
១. រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ។
២. ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
៣. រក្សាសន្តិសុខឲ្យដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់ជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
៤. ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុ ស្តីពីគ្រោះថ្នាក់ចរាចរណ៍។
មាត្រា៣៥
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ភាគីពាក់ព័ន្ធនឹងគ្រោះថ្នាក់ ត្រូវអនុវត្តដូចខាងក្រោម៖
១. បញ្ឈប់យានយន្តរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត។
២. មិនត្រូវធ្វើឲ្យមានការប្រែប្រួល ដល់ទីកន្លែងកើតហេតុ ឬឲ្យបាត់ដាន ឬស្នាម ដែលជាកត្តាមានប្រយោជន៍ ដល់ការស្វែងរកអ្នកទទួលខុសត្រូវ ក្នុងរឿងគ្រោះថ្នាក់។
៣. ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោកនៅជិតបំផុត។
៤. មិនត្រូវប្រើហិង្សា ឬបង្កជម្លោះរវាងភាគពាក់ព័ន្ធ។
៥. មិនត្រូវចាក់ចេញពីកន្លែងកើតហេតុ មុនការព្រមព្រៀងគ្នា ឬដោយគ្មានការអនុញ្ញាតពីនគរបាលចរាចរណ៍ផ្លូវគោក។
ចំពោះអ្នកឃើញហេតុករណ៍ ត្រូវជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោកដែលនៅជិតបំផុត។
មាត្រា៣៦
បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូខាតតែទ្រព្យសម្បត្តិ ភាគីទាំងពីរ អាំចសម្រួលគ្នាបានដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកឡើយ។
មាត្រា៣៧
ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកឃើញហេតុការណ៍នេះ ត្រូវចាត់ចែងជូនព័ត៌មានទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោក ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត។
មាត្រា៣៨
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសសកម្មទូត នគរបាលចរាចរណ៍ផ្លូវគោក ត្រូវចម្លងកំណត់ហេតុ និងធ្វើរបាយការណ៍ស្តីពីគ្រោះថ្នាក់នេះ ផ្ញើទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាងមកចូលរួមសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យ និងលើកវិធានការសមស្រប៕
Tag:
ចរាចរណ៍
គ្រោះថ្នាក់
© រក្សាសិទ្ធិដោយ thmeythmey.com