ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍​នៃ​អង្គការសហប្រជាជាតិ ទៅ​សួរ​សម្តេច ស ខេង ពី​ជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល​
12, Mar 2018 , 7:53 pm        
រូបភាព
លោកស្រី រ៉ូណា ស្មីត ជួបសម្តេច ស ខេង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងមហាផ្ទៃ
លោកស្រី រ៉ូណា ស្មីត ជួបសម្តេច ស ខេង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ​ស្របពេល​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស កំពុង​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា ស្រាប់តែ​ជម្លោះដីធ្លី​ដ៏​ធ្ងន់ធ្ងរ​មួយ​រវាង​ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ក៏បាន​ផ្ទុះឡើង​។ ក្នុងជំនួប​ជាមួយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២0១៨ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​ឆ្លៀត​សួរ​ពី​វិវាទ​ដីធ្លី​នេះ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​និង​មូលហេតុ​ពិតប្រាកដ​។



   
​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​រវាង​លោកស្រី រ៉ូ​ណា ស្មី​ត និង​សម្តេច ស ខេង ត្រូវបាន​ផ្តល់​ដល់​អ្នក​កាសែត ដោយ​លោក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងមហាផ្ទៃ​។ ក្រោយ​បញ្ចប់​កិច្ចសន្ទនា​បិទទ្វារ​ប្រមាណ​ជា​២​ម៉ោង អ្នកកាសែត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​សម្ភាស​លោកស្រី រ៉ូ​ណា ស្មី​ត ឬ​សម្តេច ស ខេង នោះទេ​។​
 
​បើតាម​លោក ផាត សុ​ផានិត សម្តេច ស ខេង ឆ្លើយតប​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត ថា សម្តេច ទទួលបាន​របាយការណ៍​បឋម​មួយចំនួន​ហើយ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នៅ​ស្រុក​ស្នូល ខេត្តក្រចេះ ដែលកើតឡើងកាលពី​ប៉ុន្មាន​ថ្ងៃមុន​។  សម្តេច ស ខេង ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត ទៀតថា សម្តេច  បាន​ចាត់​ក្រុមការងារ ដែល​រួមមាន ខាង​នគរបាល និង​ខាង​អធិការកិច្ច ឲ្យ​ចុះទៅ​ស្រាវជ្រាវ​បន្ថែម​លើ​ករណីនេះ​។ 
 
​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ បាន​ស្រង់​ចម្លើយ​របស់​សម្តេច ស ខេង ដែល​ផ្តល់ជូន​លោកស្រី រ៉ូ​ណា ស្មី​ត ទៅប្រាប់​អ្នកកាសែត​យ៉ាងណា​ដូច្នេះ ៖«​សម្តេច [​ប្រាប់​លោកស្រី​ថា​] មកដល់ពេលនេះ សម្តេច មិនទាន់​ទទួលបាន​របាយការណ៍​ពី​ក្រុមការងារ​នោះទេ​។ ពេល​ទទួលបាន​លទ្ធផល​យ៉ាងណា​នោះ សម្តេច នឹងធ្វើ​កិច្ចការងារ​នេះ បន្តទៀត​»​។ 
 
​គួររម្លឹកថា កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២0១៨ ក្រុម​សមត្ថកិច្ច ដែល​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ប្រើ​អាវុធ ខណៈ​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​។ អាជ្ញាធរ​រួមទាំង​តុលាការ​ក្នុង​ខេត្តក្រចេះ បាន​អះអាងថា ការផ្ទុះអាវុធ​នេះ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន រងរបួស ប៉ុន្តែ​ពុំមាន​អ្នកស្លាប់ នោះទេ​៕ 

អត្ថបទទាក់ទង
 
 

Tag:
 រ៉ូណា ស្មីត
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com