កីឡាអន្តរជាតិ
អន្តរជាតិ
Southampton បញ្ចប់តំណែងអ្នកចាត់ការ បន្ទាប់ពីក្រុមស្ថិតក្បែរតំបន់ត្រូវកាត់ចោល
× Southampton បានបញ្ចប់តំណែងអ្នកចាត់ការលោក Mauricio Pellegrino បន្ទាប់ពីដឹកនាំក្រុមស្ថិតក្បែរតំបន់ត្រូវកាត់ចោល ប្រឈមនឹងធ្លាក់ចេញពីក្របខណ្ឌ Premier League រដូវកាលក្រោយ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៤៦ឆ្នាំ ដឹកនាំក្រុម Saints មិនបានល្អនោះទេដោយឈ្នះតែម្តងប៉ុណ្ណោះក្នុងចំណោមការប្រកួត ១៧លើកចុងក្រោយ និងចាញ់ Newcastle United ៣-០ កាលពីថ្ងៃសៅរ៍ក្នុងក្របខណ្ឌលីកកំពូលអង់គ្លេស។
Saints រកបានតែ ២៨ពិន្ទុទេ ក្នុង៣០ប្រកួត ស្ថិតនៅចំណាត់ថ្នាក់ទី១៧ នាំមុនក្រុមនៅតំបន់ត្រូវកាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ ចាប់តាំងពី Pellegrino បានឡើងមកដឹកនាំក្រុមនេះជំនួសតំណែងលោក Claude Puel កាលពីខែមិថុនា ឆ្នាំ ២០១៧។ ក្នុងក្របខណ្ឌ Premier League សល់តែ៨ប្រកួតទៀតនឹងត្រូវបញ្ចប់រដូវកាល ២០១៧-២០១៨ នេះហើយ។
Southampton ស្ថិតក្នុងរដូវកាលទី៦របស់ពួគនៅលីកកំពូលអង់គ្លេសនេះ និងមិនធ្លាប់បញ្ចប់ក្នុងចំណាត់ថ្នាក់ក្រោមលេខ១៤ដែរ។ ពួកគេក៏ជាក្លិបទី៩ ដែរដែលបានដកតំណែងអ្នកចាត់ការសម្រាប់រដូវកាលនេះ។
ក្លិប Southampton សង្ឃឹមថានឹងតែងតាំងអ្នកចាត់ការថ្មីឲ្យបានឆាប់ ពោលគឺមុនពេលប៉ះជាមួយ Wigan ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃអាទិត្យសប្តាហ៍នេះ។
ក្រៅពីលោក Pellegrino ជំនួយការរបស់លោកពីររូបទៀតរួមមាន លោក Carlos Compagnucci និងលោក Xavier Tamarit ក៏បានចាកចេញពីក្លិបនេះផងដែរ៕
Tag:
បាល់ទាត់
Mauricio Pellegrino
Southampton
© រក្សាសិទ្ធិដោយ thmeythmey.com