ពីនេះ ពីនោះ
ត្រី​ក្បក ធើ្វ​ដំណើរ​ជាង​២០០០​គីឡូម៉ែត្រ ពី​សមុទ្រ ចូលមក​រស់នៅក្នុង​ទន្លេមេគង្គ​
13, Mar 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ក្បក មានឈ្មោះ​វិទ្យាសាស្ត្រ (Tenualosa thibaudeaui) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Laotian shad ជា​ប្រភេទ​ត្រី​ដែល​គេ​សន្មត​ថា បានធ្វើ​ចរាចរ​ជាង ២០០០ គីឡូម៉ែត្រ​ពី​សមុទ្រ ចូលមក​រស់នៅ​តាម​ដង​ទន្លេធំៗ តំបន់​ទំនាប​តាម​ដៃទន្លេ និង​ទំនាប​លិច​ទឹក ក្នុង​ទន្លេមេគង្គ​។

-

ត្រី​ក្បក មាន​ប្រវែង​ដងខ្លួន​អតិបរមា ៣០ ស​.​ម និង​មាន​ទម្ងន់ ១​គីឡូក្រាម ជា​ប្រភេទ​ត្រី​ស៊ី​តែ​ចំណី​តូច​ល្អិតៗ ដែល​យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន ដូច​​ជា​ផ្លុ​ង​តុង​រុក្ខជាតិ ផ្លុ​ង​តុង​សត្វ និង​បាក់តេរី និង​ប្រភេទ​សត្វ​តូច​ល្អិត​ផ្សេងៗ​ទៀត ដែល​រស់ក្នុង​ទឹក​។ ត្រី​ក្បក ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ខ្សែទឹក​ខាងលើ ក្នុងប្រទេស​ឡាវ ចុះមក​ក្នុងប្រទេស​កម្ពុជា ក្នុង​ខែកក្កដា ដោយ​អាច​ហូរ​តាម​ចរន្តទឹក​ជំនន់​ពី​ទន្លេមេគង្គ និង​ចូលទៅក្នុង​បឹង​ទន្លេសាប​។ ក្នុងពេល​ទឹក​បឹង​ទន្លេសាប​ស្រក​ចុះ ត្រី​ក្បក ក៏​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។ ខណៈពេល​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ វា​ក៏​ចាប់ផ្តើម​ធ្វើដំណើរ​ឆ្លងកាត់​ល្បាក់ខោន ឆ្ពោះទៅ​ភាគខាងត្បូង​ប្រទេស​ឡាវ​វិញ​។ យ៉ាងហោចណាស់ មាន​តំបន់​ពីរ​ដែល​ត្រី​ប្រភេទ​នេះ រស់​ច្រើន​ក្នុង​អាង​ទន្លេមេគង្គ​។

ទីមួយ នៅ​ជុំវិញ​តំបន់​សា​យ៉ា​បូរី ភាគ​ខាងជើង​ប្រទេស​ឡាវ និង​ផ្នែក​ខ្សែទឹក​ខាងលើ​។ ទី​ពីរ នៅ​ទន្លេមេគង្គ​ក្រោម ដែល​វា​ធ្វើដំណើរ​ចេញ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម ចូលទៅ​តំបន់​ប៉ា​កសាន ភាគ​ខាងក្រោម​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។ ត្រី​ក្បក ត្រូវបាន​គេ​គិតថា ពង​កូន​នៅ​ភាគ​កណ្តាល​នៃ​ទន្លេមេគង្គ ដោយ​ត្រី​ជំទង់ៗ រក​ចំណី​នៅ​ទីជម្រក​ក្នុង​តំបន់​ទំនាប​លិច​ទឹក និង​ដៃទន្លេ​។ ត្រី​ក្បក ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង បញ្ជី​ក្រហម IUCNRed List (Vulnerable) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ងាយ​រងគ្រោះ​ផុត​ពូជ ។ តំបន់​អាងទឹក​ជ្រៅ​នៅតាម​ដង​ទន្លេមេគង្គ រវាង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ បើ​មានការ​សាងសង់​ទំនប់​វារិ​អគ្គិសនី នោះ​ដង់ស៊ីតេ​មច្ឆជាតិ​ប្រភេទ​នេះ នឹង​ងាយ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​។​

(​អត្ថ​ប​ទៈ Chhut Chheana រូបភាពៈ Phanara Thach / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com