ពាក់កណ្តាល​ម៉ារ៉ាតុន​ព្រះសីហនុ​៖ ជើងឯក​ផ្នែក​បុរស​បាន​លើ ម៉ា វី​រ៉ូ ខណៈ​ផ្នែក​នារី បាន​លើ​កីឡាការិនី​បរទេស​
កីឡាជាតិ
ជាតិ
ពាក់កណ្តាល​ម៉ារ៉ាតុន​ព្រះសីហនុ​៖ ជើងឯក​ផ្នែក​បុរស​បាន​លើ ម៉ា វី​រ៉ូ ខណៈ​ផ្នែក​នារី បាន​លើ​កីឡាការិនី​បរទេស​
14, Mar 2018 , 7:59 am        
រូបភាព
កីឡាករ ម៉ា វីរ៉ូ ទទួលរង្វាន់ពេលគ្រងជើងឯកព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិខេត្តព្រះសីហនុ
កីឡាករ ម៉ា វីរ៉ូ ទទួលរង្វាន់ពេលគ្រងជើងឯកព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិខេត្តព្រះសីហនុ
​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ​កម្ពុជា ម៉ា វី​រ៉ូ នៅតែ​អាច​រក្សា​ភាពខ្លាំង តាមរយៈ​ការ​គ្រង​ជើងឯក​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៧​នៅ​ខេត្ត​ព្រះសីហនុ ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៨​។ កីឡាការិនី​បរទេស​បាន​ក្តោប​ក្តាប់​ទាំងស្រុង​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​ផ្នែក​នារី​។ ព្រឹត្តិការណ៍​រត់ប្រណាំង ដែល​ធ្វើឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ស្វែងរក​មូលនិធិ​សប្បុរសធម៌​មួយ​នេះ អាច​ទាក់ទាញ​អ្នករត់​បាន​ប្រមាណ​ជាង​២​ពាន់​នាក់​នៅ​ឆ្នាំនេះ​។



​ក្រោយ​ប្រើពេល​១​ម៉ោង ២០​នាទី និង​៣៥​វិនាទី​លើ​ការរត់​ចំណាយ​២១​គីឡូម៉ែត្រ​បាន​ជួយ​ឲ្យ​កីឡាករ ម៉ា វី​រ៉ូ គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៧​នៅ​ខេត្ត​ព្រះសីហនុ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​។ ម៉ា វី​រ៉ូ ជា​កីឡាករ​កម្ពុជា​ម្នាក់​គត់ ដែល​បាន​ជាន់​ឈ្នាន់​ជ័យលាភី​លើ​វិញ្ញាសា​ស្តង់ដារ​អន្តរជាតិ​(២១.៥៩)​មួយ​នេះ ខណៈ​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​កីឡាករ​អាល្លឺម៉ង់ Adelmann Frank ក្រោយ​ប្រើពេល​១​ម៉ោង​២៤​នាទី​និង​៣២​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ Cenenov Semenv Adei ក្រោយ​ប្រើពេល​១​ម៉ោង​និង​២៦​នាទី​។



​ចំណែក​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ផ្នែក​នារី កីឡាការិនី​បរទេស​បាន​ក្តោប​ក្តាប់​ទាំងស្រុង​តែម្តង ដោយ​កីឡាការិនី​អាល្លឺម៉ង់ Hamill Jill គ្រង​ជើងឯក​ក្រោយ​ប្រើ​ពេលវេលា ១​ម៉ោង ៣២​នាទី និង​៤​វិនាទី​។ រីឯ​លេខ​២​បាន​ទៅ​កីឡាការិនី​ជប៉ុន Sasaki Tatsuko និង​លេខ​៣​បាន​ទៅ​កីឡាការិនី​សហរដ្ឋអាមេរិក Bawden Sara​។

​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​លេខ​១​បាន​ទៅ​កីឡាករ ធុល ចាន់​ដា​វុ​ធ រីឯ​លេខ​២​បាន​ទៅ​កីឡាករ ជឿ សម្ផស្ស និង​លេខ​៣​បាន​ទៅ​កីឡាករ​អេ​ត្យូ​ពី Tamiru Andage Ayal​។ ចំណែក​ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី​អង់គ្លេស Thomas Amneliese ខណៈ​លេខ​២​បាន​ទៅ​កីឡាការិនី​កូរ៉េ Hu Seooung និង​លេខ​៣​បាន​ទៅ​កីឡាការិនី​ខ្មែរ ហេង ម៉ី​ជូ​។



​លោក សែម ផល្លា អ្នកគ្រង់​គ្រង​ទូទៅ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ា​តុ​ន​អន្តរជាតិ​បាន​វាយតម្លៃថា ការប្រកួត​ឆ្នាំនេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​ទាំង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ផ្លូវ​រត់ និង​សុវត្ថិភាព​កីឡាករ​។ ការជោគជ័យ​នេះ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ភាគី​ពាក់ព័ន្ធ និង​ការចូល​រួមសហការ​រ​បស់​អាជ្ញាធរ​ដែនដី​នៅ​ទីនោះ​។​

​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​អាច​នឹង​វិ​វត្ត​ខ្លួន​ជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​អន្តរជាតិ​ក្នុងករណី​មាន​អ្នកចូលរួម​វិញ្ញាសា​នេះ​ចាប់​១០០​នាក់​ឡើងទៅ​។ ការវិវត្ត​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​។ តែ​យ៉ាងណា គម្រោង​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សែម ផល្លា​។



​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​២​ពាន់​នាក់​ចូលរួម​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនេះ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​១ ជប៉ុន​លេខ​២ អាមេរិក​លេខ​៣ អង់គ្លេស​លេខ​៤ ខណៈ​ជនជាតិ​ចិន​មាន​ចំនួន​តិចតួច​បំផុត​។


លោក សែម ផល្លា (ស្តាំ)អ្នកគ្រប់គ្រងទួទៅព្រឹត្តិការណ៍ម៉ារ៉ាតុន និងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅកម្ពុជា

​បើ​យោងតាម លោក សែម ផល្លា ចំនួន​នេះ​មានការ​កើនឡើង​តិចតួច​ធៀប​នឹង​ឆ្នាំមុន ដោយសារ​ខេត្ត​ព្រះសីហនុ​មិនសូវ​សម្បូរ​ជើង​ហោះ​ត្រង់​ពី​ក្រៅប្រទេស ហើយ​ការ​តម្លើងថ្លៃ​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ និង​ម្ហូបអាហារ​ក៏​ជា​ផ្នែក​មួយ​ផងដែរ​។ ទន្ទឹមនឹងនេះ​អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ ស្នើ​ឲ្យ​វិស័យ​ឯកជន​ត្រូវ​ចូលរួម​សហការគ្នា តាមរយៈ​ការមិន​តម្លើងថ្លៃ​សេវា​កម្មស​ណ្ឋ​គារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាតិ​ដើម ក្នុងអំឡុងពេល​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​៕  


Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​ខេត្ត​ព្រះសីហនុ​
  ម៉ា វី​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 62656 [1] => 31,9 [2] => ពាក់កណ្តាល​ម៉ារ៉ាតុន​ព្រះសីហនុ​៖ ជើងឯក​ផ្នែក​បុរស​បាន​លើ ម៉ា វី​រ៉ូ ខណៈ​ផ្នែក​នារី បាន​លើ​កីឡាការិនី​បរទេស​ [3] => content [4] => [5] => ពាក់កណ្តាល​ម៉ារ៉ាតុន​ខេត្ត​ព្រះសីហនុ​, ម៉ា វី​រ៉ូ​ [6] => 69 [7] => 0 [8] => )