ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
ក្រសួងប្រៃសណីយ៍ បារម្ភបញ្ហាលួចចូលគណនីហ្វេសប៊ុក ដែលកាន់តែច្រើនឡើង
× ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងព្យាយាមទប់ស្កាត់បញ្ហាការលួចចូលគ្រប់គ្រង់គណនី ឬទំព័រហ្វេសប៊ុក (Hacking) ក្នុងពេលកន្លងមកនេះ។ នៅថ្ងៃទី១៣ខែកុម្ភៈនេះ ក្រសួងបានកោះប្រជុំអ្នកពាក់ព័ន្ធពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័ត ដើម្បីរកវិធានការចំពោះបញ្ហានេះ។
ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧មក ការហេកចូលប្រព័ន្ធអ៊ីនធឺណិតបានកើតឡើងច្រើនគួរឲ្យកត់សម្គាល់ ពិសេសការហេកចូលក្នុងហ្វេសប៊ុករបស់ស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំ។ នេះបើតាមការថ្លែងរបស់លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលដឹកនាំកិច្ចប្រជុំខាងលើនេះ។
តាមរយៈកិច្ចប្រជុំនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើឲ្យប្រតិបត្តិករទូរសព្ទចល័តបន្តតាមដានបញ្ហាសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត។ ហើយក្រសួងត្រៀមចេញគោលការណ៍ណែនាំទៅដល់អ្នកប្រើប្រាស់អ៊ីនធឺណិត និងប្រកាសលេខទូរសព្ទជាសាធារណៈ (Hotline) ដើម្បីបញ្ចៀស និងដោះស្រាយបញ្ហាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
នៅដើមឆ្នាំ២០១៨នេះ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាបានឡើងដល់ ៦,៨ លាននាក់។ នេះបើតាមតួលេខរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com