កីឡាអន្តរជាតិ
អន្តរជាតិ
Champions League៖ Yedder និង Dzeko នាំ​ក្រុម​រៀងៗ​ខ្លួន​ឡើងទៅ​កាន់​វគ្គ​១/៤
14, Mar 2018 , 9:52 am        
រូបភាព
ខ្សែប្រយុទ្ធ Ben Yedder របស់ Sevilla អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួននៅ Old Trafford។ រូបថត AFP
ខ្សែប្រយុទ្ធ Ben Yedder របស់ Sevilla អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួននៅ Old Trafford។ រូបថត AFP
ដោយ: រួបរួម
​កីឡាករ​បម្រុង Wissam Ben Yedder បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ លើ ម្ចាស់ផ្ទះ​Manchester United ដែល​នាំ​ឲ្យ Sevilla កក់​កៅអី​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ Champions League​។ នា​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ផងដែរ Edin Dzeko បាន​ជួយ​ឲ្យ Roma ឈ្នះ Shakhtar Donetsk ១-០ ។​



​បន្ទាប់ពី​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ Ben Yedder បាន​រង់ចាំ​រហូតដល់​ទៅ​៧២​នាទី នា​ជំនួប​ជើង​ទី​ពីរ​នៅ Old Trafford​។ ២​នាទី​ក្រោយមក ខ្សែប្រយុទ្ធ​បារាំង វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​១ ហើយ​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៧៨ មុនពេល Romelu Lukaku តាម​ពីក្រោយ​បង្គ្រប់កិច្ច​ឲ្យ​ក្រុម​លោក Jose Mourinho​។​

​ជាមួយនឹង​ការនាំ Sevilla ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Ben Yedder បាន​ក្លាយជា​កីឡាករ​បម្រុង​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​លឿន​បំផុត​ក្នុង​ក្របខណ្ឌ Champions League នា​រដូវ​កាល​នេះ ដោយ​ប្រើពេល​៨៧​វិនាទី​។ កីឡាករ​រូបនេះ ក៏​ជាប់​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន (៨​គ្រាប់​) នៅ Champions League ដោយ​គ្មាន​ការបញ្ជូន​ពី​មិត្ត​រួម​ក្រុម​ផងដែរ​។​

​នៅ​រាត្រី​ថ្ងៃ​អង្គារ​ដដែល ខ្សែប្រយុទ្ធ Edin Dzenko បាន​ជួយ​ឲ្យ Roma ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ អតីត​កីឡាករ Manchester City រូបនេះ ធ្វើបាន​សម្រេច​នៅ​នាទី​៥២ មុនពេល​ដែល Ivan Ordets របស់ Shakhtar Donetsk ត្រូវបាន​បណ្តេញចេញ​នៅ​នាទី​៧៩ ។​

​នា​ជំនួប​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន Shakhtar បាន​យកឈ្នះ ២-១ តែ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Dzenko នៅ​អ៊ីតាលី ជួយ​ឲ្យ Roma មានប្រៀប​លើ​រូបមន្ត Away Goals​។​

Roma និង Sevilla រួម​ដំណើរ​ជាមួយ Manchester City, Juventus និង Real Madrid ទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ រីឯ​ពីរ​ក្រុម​ទៀត ត្រូវ​រង់ចាំ​ជំនួប​ជើង​ទី​ពីរ​រវាង Besiktas និង Bayern Munich នៅ​ម៉ោង​១២​អា​ធ្រា​ត្រ និង​ការ​ប៉ះគ្នា​រវាង Barcelona និង Chelsea នៅ​ម៉ោង​២ និង​៤៥​ទៀបភ្លឺ​។​

​កាល​ជើង​ទីមួយ Chelsea និង Barcelona បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ខណៈ Bayern Munich បំបាក់ Besiktas ៥-០៕


Tag:
 បាល់ទាត់​
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com