AFC Cup៖ ជាមួយ​ទុន ៣-២ បឹងកេត ទៅ​តទល់​នៅ​ទឹកដី Home United វិញ​នៅ​ល្ងាច​នេះ​

កីឡាជាតិ
ជាតិ
AFC Cup៖ ជាមួយ​ទុន ៣-២ បឹងកេត ទៅ​តទល់​នៅ​ទឹកដី Home United វិញ​នៅ​ល្ងាច​នេះ​
14, Mar 2018 , 10:32 am         1710
រូបភាព
លោក កែវ កុសល គ្រូបង្វឹកបឹងកេត នាសន្និសីទសារព័ត៌មាន
លោក កែវ កុសល គ្រូបង្វឹកបឹងកេត នាសន្និសីទសារព័ត៌មាន
​ក្រុម​បឹងកេត​ត្រូវ​តទល់​ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី សម្រាប់​ជំនួប​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៨ នា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១៤ មីនា នៅ​កីឡដ្ឋាន Jalan Besar Stadium ប្រទេស​សិង្ហ​បុរី​។ គ្រូបង្វឹក​បឹងកេត លោក កែវ កុសល បាន​អះអាងថា បឹងកេត​នឹង​ប្រើ​ចំណុចខ្លាំង​ដែល​ខ្លួន​បាន​យកឈ្នះ​ក្នុង​ជើង​ទី​១​ប្រើ​ក្នុងជំនួប​ល្ងាច​នេះ​។ តែ​គ្រូបង្វឹក​ក្រុម​សិង្ហ​បុរី​និយាយថា ខ្លួន​នឹង​កែប្រែ​រាល់​ចំណុច​ខ្វះខាត ដែល​កើតឡើង​ក្នុងជំនួប​ជើង​ទី​១​។



​នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ លោក កែវ កុសល គ្រូបង្វឹក​ក្រុម​បឹងកេត​បាន​អះអាងថា បឹងកេត​យក​យុទ្ធសាស្ត្រ​ដែល​ខ្លួន​បាន​យកឈ្នះ​ក្រុម Home United ក្នុង​ជើង​ទី​១ ដើម្បី​តទល់​ជាមួយ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​នា​ល្ងាច​នេះ​។ ក្នុងន័យនេះ បឹងកេត​នឹងសិក្សា​ពី​ចំណុចខ្លាំង ក៏ដូចជា​បច្ចេកទេស​ល្អៗ​របស់ខ្លួន​ក្នុង​ជើង​ទី​១ ធ្វើជា​យុទ្ធសាស្ត្រ​ពេល​ជួបគ្នា​ក្នុង​ជើង​ទី​២​។

«​ជាការ​ពិតណាស់​ក្នុងជំនួប​ល្ងាច​នេះ យើង​ត្រូវតែ​ប្រើ​ចំណុចខ្លាំង នូវ​អ្វីដែល​យើង​ធ្លាប់ធ្វើ​បានល្អ គឺ​យើង​ត្រូវតែ​ប្រើ​។ ហើយ​បច្ចេកទេស ក៏ដូចជា​តិច​និក​យើង​នឹង​ផ្លាស់ប្តូរ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​នៅ​ល្ងាច​នេះ​»​។ នេះ​ជាការ​អះអាង​របស់លោក កែវ កុសល ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​១៣ មីនា​។

​លោក​បាន​បន្តទៀតថា មុន​ការប្រកួត​ម្តងៗ​លោក​តែងតែ​ប្រាប់​កូនក្រុម​ថា ពេល​លេង​ត្រូវ​ស្តាប់​គ្រូ​ដែល​ឈរ​ស្អែក​ខាងក្រៅ ព្រោះ​អាចមាន​អ្វីដែល​ត្រូវ​កែតម្រូវ និង​ផ្លាស់ប្តូរ​បច្ចេកទេស​។ លោក​បន្ថែមថា លោក​បាន​មើល​ទម្រង់​លេង​របស់​ក្រុម​នេះ​ចំនួន​ពីរ​វីដេអូ​តាម You Tube ឃើញថា​ទម្រង់​លេង​មាន​លក្ខណៈផ្សេងៗ​គ្នា​។ តែ​យ៉ាងណា​លោក​ថា វា​មិនមែនជា​បញ្ហា​ចោទ​នោះទេ បឹងកេត​មក​ទឹកដី​សិង្ហ​បុរី​ជាមួយ​ទំនុកចិត្ត ហើយនឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​នៅ​ល្ងាច​នេះ​។​

​ជាមួយគ្នានេះ​គ្រូបង្វឹក​ក្រុម Home United លោក Aidil Sharin បាន​និយាយថា លោក​នឹងសិក្សា​ពី​ចំណុច​ខ្វះខាត​ដែល​កូនក្រុម​បានធ្វើ​ក្នុង​បរាជ័យ​ក្រៅ​ទឹកដី​នា​ជំនួប​ទី​១ ដើម្បី​កែប្រែ​ក្នុងការ​តទល់​ជាមួយ​បឹងកេត​នៅ​ល្ងាច​នេះ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ នៅតែ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​សមត្ថភាព​កីឡាករ​បរទេស​ទាំង​៤​រូប​របស់​បឹងកេត ដោយ​ចាត់ទុក​កីឡា​ទាំងនេះ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ខ្លួន​។

​ទោះបី​យ៉ាងនេះ​ក្តី​គ្រូបង្វឹក​សិង្ហ​បុរី​រូបនេះ​បានបង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា វា​ជាការ​ប្រកួត​ដ៏​សំខាន់​ដែល​យើង​ត្រូវ​យកឈ្នះ​ត្រឡប់មកវិញ​ក្រោយ​យើង​បរាជ័យ​ក្នុង​ជើង​ទី​១ ហើយ​យើង​សង្ឃឹមថា​យើង​នឹង​អាច​បន្ត​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់​នេះ  យើង​នឹង​ព្យាយាម​រក​អោយបាន​៣​ពិន្ទុ ព្រោះ​វា​ការប្រកួត​ក្នុង​ទឹកដី​របស់​យើង ខ្ញុំ​ជឿជាក់​លើ​កូនក្រុម​របស់ខ្ញុំ​»​។​

​នា​ការប្រកួត​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម Home United របស់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៣-២​។

​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Home United ក្នុងជំនួប​ជើង​ទី​២​នៃ​ជម្រុះ​ពានរង្វាន់ AFC Cup 2018 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១៤ ខែមីនា នៅ​កីឡដ្ឋាន Jalan Besar Stadium នា​ទឹកដី​សិង្ហ​បុរី​។ ជាមួយគ្នានេះ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន​នា​វេលា​ម៉ោង​៤​និង​៣០​នាទី​(​ម៉ោង​នៅ​កម្ពុជា​) នា​កីឡដ្ឋាន Thuwunna Stadium ក្នុង​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា​៕ 


Tag:
 AFC Cup 2018
  បឹងកេត​
  កែវ កុសល​
  Home United
© រក្សាសិទ្ធិដោយ thmeythmey.com