កីឡាជាតិ
ជាតិ
AFC Cup៖ ជាមួយទុន ៣-២ បឹងកេត ទៅតទល់នៅទឹកដី Home United វិញនៅល្ងាចនេះ លោក កែវ កុសល គ្រូបង្វឹកបឹងកេត នាសន្និសីទសារព័ត៌មាន
× ក្រុមបឹងកេតត្រូវតទល់ជាមួយក្រុម Home United របស់សិង្ហបុរី សម្រាប់ជំនួបជើងទី២នៃវគ្គជម្រុះពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៨ នាម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៤ មីនា នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី។ គ្រូបង្វឹកបឹងកេត លោក កែវ កុសល បានអះអាងថា បឹងកេតនឹងប្រើចំណុចខ្លាំងដែលខ្លួនបានយកឈ្នះក្នុងជើងទី១ប្រើក្នុងជំនួបល្ងាចនេះ។ តែគ្រូបង្វឹកក្រុមសិង្ហបុរីនិយាយថា ខ្លួននឹងកែប្រែរាល់ចំណុចខ្វះខាត ដែលកើតឡើងក្នុងជំនួបជើងទី១។
នាសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេតបានអះអាងថា បឹងកេតយកយុទ្ធសាស្ត្រដែលខ្លួនបានយកឈ្នះក្រុម Home United ក្នុងជើងទី១ ដើម្បីតទល់ជាមួយម្ចាស់ផ្ទះសិង្ហបុរីនាល្ងាចនេះ។ ក្នុងន័យនេះ បឹងកេតនឹងសិក្សាពីចំណុចខ្លាំង ក៏ដូចជាបច្ចេកទេសល្អៗរបស់ខ្លួនក្នុងជើងទី១ ធ្វើជាយុទ្ធសាស្ត្រពេលជួបគ្នាក្នុងជើងទី២។
«ជាការពិតណាស់ក្នុងជំនួបល្ងាចនេះ យើងត្រូវតែប្រើចំណុចខ្លាំង នូវអ្វីដែលយើងធ្លាប់ធ្វើបានល្អ គឺយើងត្រូវតែប្រើ។ ហើយបច្ចេកទេស ក៏ដូចជាតិចនិកយើងនឹងផ្លាស់ប្តូរទៅតាមស្ថានការណ៍ជាក់ស្តែងនៅល្ងាចនេះ»។ នេះជាការអះអាងរបស់លោក កែវ កុសល ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី១៣ មីនា។
លោកបានបន្តទៀតថា មុនការប្រកួតម្តងៗលោកតែងតែប្រាប់កូនក្រុមថា ពេលលេងត្រូវស្តាប់គ្រូដែលឈរស្អែកខាងក្រៅ ព្រោះអាចមានអ្វីដែលត្រូវកែតម្រូវ និងផ្លាស់ប្តូរបច្ចេកទេស។ លោកបន្ថែមថា លោកបានមើលទម្រង់លេងរបស់ក្រុមនេះចំនួនពីរវីដេអូតាម You Tube ឃើញថាទម្រង់លេងមានលក្ខណៈផ្សេងៗគ្នា។ តែយ៉ាងណាលោកថា វាមិនមែនជាបញ្ហាចោទនោះទេ បឹងកេតមកទឹកដីសិង្ហបុរីជាមួយទំនុកចិត្ត ហើយនឹងព្យាយាមធ្វើឲ្យបានល្អនៅល្ងាចនេះ។
ជាមួយគ្នានេះគ្រូបង្វឹកក្រុម Home United លោក Aidil Sharin បាននិយាយថា លោកនឹងសិក្សាពីចំណុចខ្វះខាតដែលកូនក្រុមបានធ្វើក្នុងបរាជ័យក្រៅទឹកដីនាជំនួបទី១ ដើម្បីកែប្រែក្នុងការតទល់ជាមួយបឹងកេតនៅល្ងាចនេះ។ តែយ៉ាងណាគ្រូបង្វឹករូបនេះ នៅតែបង្ហាញក្តីបារម្ភចំពោះសមត្ថភាពកីឡាករបរទេសទាំង៤រូបរបស់បឹងកេត ដោយចាត់ទុកកីឡាទាំងនេះជាឧបសគ្គដ៏ធំសម្រាប់ខ្លួន។
ទោះបីយ៉ាងនេះក្តីគ្រូបង្វឹកសិង្ហបុរីរូបនេះបានបង្ហាញពីទំនុកចិត្តយ៉ាងដូច្នេះថា៖«ខ្ញុំគិតថា វាជាការប្រកួតដ៏សំខាន់ដែលយើងត្រូវយកឈ្នះត្រឡប់មកវិញក្រោយយើងបរាជ័យក្នុងជើងទី១ ហើយយើងសង្ឃឹមថាយើងនឹងអាចបន្តនៅក្នុងការប្រកួតពានរង្វាន់នេះ យើងនឹងព្យាយាមរកអោយបាន៣ពិន្ទុ ព្រោះវាការប្រកួតក្នុងទឹកដីរបស់យើង ខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ»។
នាការប្រកួតជើងទី១នៅពហុកីឡដ្ឋានជាតិ ក្រុមបឹងកេតបានយកឈ្នះក្រុម Home United របស់សិង្ហបុរីក្នុងលទ្ធផល ៣-២។
បឹងកេតត្រូវប្រជែងជាមួយក្រុមម្ចាស់ផ្ទះ Home United ក្នុងជំនួបជើងទី២នៃជម្រុះពានរង្វាន់ AFC Cup 2018 នាវេលាម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៤ ខែមីនា នៅកីឡដ្ឋាន Jalan Besar Stadium នាទឹកដីសិង្ហបុរី។ ជាមួយគ្នានេះក្រុម Shan United របស់មីយ៉ាន់ម៉ាត្រូវប្រជែងជាមួយក្រុម Ceres Negros របស់ហ្វីលីពីននាវេលាម៉ោង៤និង៣០នាទី(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Thuwunna Stadium ក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា៕
Tag:
AFC Cup 2018
បឹងកេត
កែវ កុសល
Home United
© រក្សាសិទ្ធិដោយ thmeythmey.com