សិល្បៈអន្តរជាតិ
អន្តរជាតិ
បន្ទាប់ពីតម្បាញប្រពៃណី ឡាវរៀបចំឯកសារស្នើបញ្ចូល «រាំវង់» ក្នុងបញ្ជីបេតិកភណ្ឌ នារីឡាវ បញ្ចេញក្បាច់រាំវង់។ រូបថត Nava Mekong
× រដ្ឋាភិបាលឡាវ កាលពីថ្ងៃទី៩ ខែមីនា បានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងពាក់ព័ន្ធដើម្បីរៀបចំឯកសារស្នើដាក់បញ្ចូលចង្វាក់ Lam Vong Lao (រាំវង់) ទៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីរបស់អង្គការយូណេស្កូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឡាវ KPL ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Bosengkham Vongdara បានចុះហត្ថលេខាតែងតែគណៈកម្មការមួយ ដើម្បីដឹកនាំការរៀបចំ និងស្រាវជ្រាវឯកសារពាក់ព័ន្ធ សម្រាប់ការស្នើរសុំចុះបញ្ជីរបាំក្បាច់រាំវង់ (Lam Vong Lao) ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក។
KPL បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក Bouangeun Xaphouvong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវផងដែរនោះ មន្ត្រីជំនាញ ក៏បានពិភាក្សាគ្នាលើគម្រោងស្នើដាក់បញ្ចូល ពិធី Baci នាឱកាសបុណ្យចូលឆ្នាំ និងពិធីបុណ្យ Kong Khao Festival ចូលទៅក្នុងបញ្ជីយូណេស្កូផងដែរ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ ឡាវ បានដាក់សំណើរផ្លូវការសុំបញ្ចូលសិល្បៈប្រពៃណីតម្បាញក្បាច់នាគ (Traditional art of Naga weaving) ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ។ គណកម្មាធិការបេតិកភណ្ឌពិភពលោករបស់យូណេស្កូ (WHC) នឹងរៀបចំសម័យប្រជុំលើកទី៣៩របស់ខ្លួននៅក្រុង Port-Louis សាធារណរដ្ឋ ម៉ូរីទូស ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ។
នាអំឡុងសម័យប្រជុំនោះ WHC នឹងវាយតម្លៃលើបញ្ជីបេតិកភណ្ឌប្រមាណ៥០ដែលបានដាក់សំណើរផ្លូវការ ខណៈឡាវរង់ចាំមើលការសម្រេចទាក់ទងនឹងសិល្បៈប្រពៃណីតម្បាញក្បាច់នាគ (Traditional art of Naga weaving) កម្ពុជាមានល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) រីឯថៃ មាន របាំល្ខោនពាក់របាំងមុខ ឬល្ខោនខោល (Khon Masked Dance) ដែលត្រូវរង់ចាំអ៊ុតមើលផងដែរ៕
Tag:
ឡាវ
រាំវង់
យូណេស្កូ
បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com