Mourinho៖ Man Utd ធ្លាក់​ពី UCL ត្រឹម​វគ្គ​១៦​ក្រុម ជា​រឿង​ធម្មតា​ទៅហើយ​

កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ Man Utd ធ្លាក់​ពី UCL ត្រឹម​វគ្គ​១៦​ក្រុម ជា​រឿង​ធម្មតា​ទៅហើយ​
14, Mar 2018 , 2:08 pm         1570
រូបភាព
Manchester United បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ UEFA Champions League ត្រឹម​វគ្គ​១៦​ចុងក្រោយ បន្ទាប់ពី​ចាញ់ Sevilla ២-១ ក្នុងការ​ប្រកួត​ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី ១៣ ខែ​មិនា​។ បរាជ័យ​លើទឹក​ដី​ខ្លួនឯង​ដ៏​អា​មាស​នេះ លោក Jose Mourinho បាន​និយាយ​បែប​ធម្មតា​ថា វា​មិនមែនជា​រឿង​ថ្មី​ទេ​ដែល​ក្រុម​រហស្សនាម​បិសាច​ក្រហម​ធ្លាក់​ត្រឹម​វគ្គ​នេះនោះ​។​



អត្ថបទទាក់ទង

​កាលពី​ជើង​ទី​១ ក្នុង​ទឹកដី​របស់ Sevilla  ក្រុម​របស់លោក Mourinho ធ្វើ​បានល្អ​ទៅហើយ​ដោយ​ទទួលបាន​លទ្ធផល សូន្យ​ស្មើ ប៉ុន្តែ​សម្រាប់​ជើង​ទី​២ ក្នុង​ទឹកដី Old Trafford នេះ​មិន​ត្រឹមតែ​មិនអាច​ឈ្នះ​ទេ តែ​ពួកគេ​បែ​ជា​ចាញ់​ទៅវិញ​។​



​ខ្សែប្រយុទ្ធ​របស់​ក្រុម​មកពី​អេ​ស្ប៉ា​ញ Wissam Ben Yedder ដែល​ទើប​ប្តូរ​ចូល អាច​រកបាន​ដល់​ទៅ​២​គ្រាប់​យ៉ាង​ភ្ញាក់​ផ្អើ​ក​ក្នុង​រយៈពេល​តែ​៤​នាទី​ប៉ុណ្ណោះ ពោលគឺ​នៅ​នាទី​៧៤ និង ៧៨ មុនពេល Romelu Lukaku រកបាន​១​គ្រាប់​វិញ​នៅ​នាទី ៨៤​។​

​បន្ទាប់ពី​មិនអាច​នាំ​ក្រុម​ឈានទៅ​បន្តបាន អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥៤​ឆ្នាំ​បាន​និយាយថា​៖« ខ្ញុំ​មិន​គិតថា​ការលេង​របស់​យើង​អន់​ទេ​។ ខ្ញុំ​មិន​សោកស្តាយ​ឡើយ​។ ខ្ញុំ​និង​កីឡាករ​ទាំងអស់​បាន​ប្រឹង​អស់ពី​សមត្ថភាព​ហើយ​។ យើង​បាន​ព្យាយាម​ហើយ តែ​យើង​នៅតែ​ចាញ់ នេះ​ជា​បាល់ទាត់​»​។​

​អតីត​អ្នកចាត់ការ Real Madrid និង​Chelsea បន្ថែមទៀតថា​៖«​ខ្ញុំ​បាន​អង្គុយ​កៅអី​នេះ​ពីរលើក​នៅក្នុង​ក្របខណ្ឌ Champions League បន្ទាប់ពី​បាន​ផ្តួល​ក្រុម Manchester United [​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​] នៅឯ​ទឹកដី Old Trafford​។ ខ្ញុំ​អង្គុយ​កៅអី​នេះ​ជាមួយ Porto (​ឆ្នាំ ២០០៤) និង Real Madrid (​ឆ្នាំ ២០១៣) ហើយ​វា​មិនមាន​អ្វី​ថ្មី​ទេ​សម្រាប់ Man Utd»​។​



​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នៅសល់​ក្តីសង្ឃឹម​តែ​១​ទៀត​ប៉ុណ្ណោះ​គឺ​ត្រូវ​ដណ្តើមពាន FA Cup ឲ្យ​បាន​សម្រាប់​រដូវ​កា​នេះ បន្ទាប់ពី​ពាន​ក្នុងស្រុក​ដ៏ទៃទៀត​ត្រូវ​ខ្ទាត​ចេញ​អស់​ទៅហើយ​។​

​ចំណែក​ការប្រកួត​១​គូ​ទៀត ក្រុម AS Roma បាន​វាយបក​យកឈ្នះ Shakhtar Donetsk ១-០ នៅក្នុង​ទឹកដី​ខ្លួនឯង​អាចឈាន​ទៅ​វគ្គ ៨​ក្រុម​ផ្តាច់ព្រ័ត្រ​បន្តទៀត​។ កាលពី​ជើង​ទី​១ ក្រុម​មកពី​អ៊ុយ​ក្រែ​ន​ឈ្នះ ២-១ លើ​ក្រុម​ពី​អ៊ីតាលី ប៉ុន្តែ​បើ​គិត​តាម​លក្ខខណ្ឌ Away Goal ក្រុម Roma មាន​គ្រាប់​បាល់​ល្អ​ជាង​៕


'
Tag:
 បាល់ទាត់​
  Champions League
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1516next