Manchester United បានធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ត្រឹមវគ្គ១៦ចុងក្រោយ បន្ទាប់ពីចាញ់ Sevilla ២-១ ក្នុងការប្រកួតជើងទី២ នៅរាត្រីថ្ងៃទី ១៣ ខែមិនា។ បរាជ័យលើទឹកដីខ្លួនឯងដ៏អាមាសនេះ លោក Jose Mourinho បាននិយាយបែបធម្មតាថា វាមិនមែនជារឿងថ្មីទេដែលក្រុមរហស្សនាមបិសាចក្រហមធ្លាក់ត្រឹមវគ្គនេះនោះ។
អតីតអ្នកចាត់ការ Real Madrid និងChelsea បន្ថែមទៀតថា៖«ខ្ញុំបានអង្គុយកៅអីនេះពីរលើកនៅក្នុងក្របខណ្ឌ Champions League បន្ទាប់ពីបានផ្តួលក្រុម Manchester United [នៅវគ្គ ១៦ ក្រុមចុងក្រោយ] នៅឯទឹកដី Old Trafford។ ខ្ញុំអង្គុយកៅអីនេះជាមួយ Porto (ឆ្នាំ ២០០៤) និង Real Madrid (ឆ្នាំ ២០១៣) ហើយវាមិនមានអ្វីថ្មីទេសម្រាប់ Man Utd»។
ក្រុមដែលមានមូលដ្ឋានក្នុងក្រុង Manchester នៅសល់ក្តីសង្ឃឹមតែ១ទៀតប៉ុណ្ណោះគឺត្រូវដណ្តើមពាន FA Cup ឲ្យបានសម្រាប់រដូវកានេះ បន្ទាប់ពីពានក្នុងស្រុកដ៏ទៃទៀតត្រូវខ្ទាតចេញអស់ទៅហើយ។
ចំណែកការប្រកួត១គូទៀត ក្រុម AS Roma បានវាយបកយកឈ្នះ Shakhtar Donetsk ១-០ នៅក្នុងទឹកដីខ្លួនឯងអាចឈានទៅវគ្គ ៨ក្រុមផ្តាច់ព្រ័ត្របន្តទៀត។ កាលពីជើងទី១ ក្រុមមកពីអ៊ុយក្រែនឈ្នះ ២-១ លើក្រុមពីអ៊ីតាលី ប៉ុន្តែបើគិតតាមលក្ខខណ្ឌ Away Goal ក្រុម Roma មានគ្រាប់បាល់ល្អជាង៕