អន្តរជាតិ
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​ទទួល​សំណូក​
14, Mar 2018 , 2:48 pm        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញា (រូបភាព៖ AFP)
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញា (រូបភាព៖ AFP)
​រដ្ឋអាជ្ញា​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​១៤ ខែមីនា បាន​សួរចម្លើយ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុ​ង​បាក់ (Lee Myung-bak) ទាក់ទង​សំណុំរឿង​ពុករលួយ​អំឡុងពេល​លោក​កាន់អំណាច​។ លោក លី ម្យុ​ង​បាក់ ក្លាយជា​អតីត​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ចុងក្រោយ​គេ ដែល​ត្រូវ​រដ្ឋអាជ្ញា​កោះហៅ​បែបនេះ​។ នៅ​ខាងក្រៅ​អាគារ​រដ្ឋអាជ្ញា អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូប​បាន​សុំទោស​ប្រជាជន​ទាំងអស់​ចំពោះ​ការបង្ក​​បញ្ហាបែប​នេះ​។



​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុ​ង​បាក់ បានបង្ហាញ​មុខ​នៅ​អាគារ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​សេ​អ៊ូ​លតា​ម​ការកោះហៅ​ដើម្បី​ឆ្លើយ​ទៅនឹង​សំណួរ​ជុំវិញ​ករណី​ពុករលួយ​។ លោក លី ត្រូវបាន​រដ្ឋអាជ្ញា​កោះហៅ​ក្នុងនាម​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ទទួល​សំណូក បំពាន​អំណាច​ប្រធានាធិបតី ការ​គេចវេស​ពន្ធ និង​ការលួចបន្លំ​។ លោក លី ត្រូវបាន​សួរចម្លើយ​ក្នុង​បន្ទប់​ដែល​រដ្ឋអាជ្ញា​ធ្លាប់​ប្រើប្រាស់​សួរចម្លើយ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ កាលពី​ឆ្នាំមុន​។​

​លោក លី ដែល​កាន់តំណែង​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ជាប់​សង្ស័យថា​បានទទួល​លុយ​ពី​អង្គភាព​ចារកម្ម​ជាតិ ពី​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​នៅ​ដើម​អាណត្តិ​របស់លោក​។ លោក​ក៏​ជាប់​សង្ស័យ​ទាក់ទង​ការបង្កើត​មូលនិធិ​មាន​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​ក្រោមរូបភាព​ក្រុមហ៊ុន​ផលិត​សម្ភារ​រថយន្ត​ឈ្មោះ DAS របស់​បងប្រុស​របស់​លោក ប៉ុន្តែ​រដ្ឋអាជ្ញា​ជឿថា ក្រុមហ៊ុន​នេះ​ជា​កម្មសិទ្ធិ​របស់លោក លី ទៅវិញ​។​

​មុនពេល​ចូល​ការិយាល័យ​រដ្ឋអាជ្ញា អតីត​ប្រធានាធិបតី​រូបនេះ​បានធ្វើ​សេចក្ដីថ្លែងការណ៍​សុំទោស​មួយ​ចំពោះមុខ​អ្នកសារព័ត៌មាន​រាប់រយ​នាក់​។ លោក លី និយាយថា លោក​ឈរ​នៅខាងមុខ​អាគារ​រដ្ឋអាជ្ញា​ដោយ​អារម្មណ៍​ខ្ទេចខ្ទី និង​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការស៊ើបអង្កេត​របស់​ក្រុម​រដ្ឋអាជ្ញា ចំ​ពេលដែល​ប្រទេស​ជួប​បញ្ហា​។ យ៉ាងណាមិញ លោក លី ដែលមាន​អាយុ​៧៧​ឆ្នាំ​ទៅហើយនោះ សង្ឃឹមថា លោក​គឺជា​មេដឹកនាំ​ចុងក្រោយ​គេ​ដែល​ត្រូវបាន​សួរចម្លើយ​។ នេះ​បើតាម​ការផ្សាយ​របស់ Xinhua ។​

​អ្នកនយោបាយ​អភិរក្ស​រូបនេះ​បាន​ទាត់ចោល​ការសង្ស័យ​ទាំងអស់ និង​ចាត់ទុក​សំណុំ​រឿងនេះ ជាការ​សងសឹក​នយោបាយ​របស់​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ។ ប៉ុន្តែ​ក្រុម​រដ្ឋអាជ្ញា​បាន​ស្រាវជ្រាវ​ឃើញ​ភស្តុតាង​សមល្មម​ដើម្បី​ដាក់បន្ទុក​លើ​លោក លី ក្រោយ​ការឆែកឆេរ​ផ្ទះ​អតីត​ជំនួយការ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ មនុស្ស​ជំនិត​ខ្លះ​របស់លោក លី បាន​សារភាព​កំហុស​របស់​ពួកគេ​រួចស្រេច​អស់ហើយ​ដែរ​។ បន្ទាប់​ការសាកសួរ​ពេញ​មួយថ្ងៃ ក្រុម​រដ្ឋអាជ្ញា​អាច​ស្នើសុំ​ដីកាចាប់ខ្លួន​លោក លី ទៀតផង​។​

​លោក លី គឺជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅមាន​ជីវិតចុងក្រោយ​គេ ដែល​ត្រូវបាន​បង្គាប់​ឲ្យ​ចូលខ្លួន​បែបនេះ​។ អ្នក​ស្នង​តំណែង​បន្ត​ពី​លោក គឺ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ កំពុង​ជាប់ឃុំ​ខ្លួន​ល​សំណុំរឿង​ពុករលួយ​នេះដែរ​។ អតីត​ប្រធានាធិបតី​បីនាក់​ផ្សេងទៀត​ដូចជា​លោក ឈុន ដូ​វ៉ាន់ និង​លោក រ៉ូ តេ​វូ ត្រូវបាន​រដ្ឋអាជ្ញា​កោះហៅ​ដែរ និង​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ជា​បន្តបន្ទាប់ ឯ​លោក រ៉ូ មូ​យុន វិញ ត្រូវបាន​កោះហៅ​ដូចគ្នា តែ​ក៏បាន​ធ្វើអត្តឃាត​ក្រោយ​ជាប់​សង្ស័យ​៕


Tag:
 កូរ៉េខាងត្បូង​
  លី ម្យុ​ង​បាក់​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com