អន្តរជាតិ
អតីតប្រធានាធិបតីកូរ៉េខាងត្បូងចូលបំភ្លឺក្នុងសំណុំរឿងទទួលសំណូក អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញា (រូបភាព៖ AFP)
× រដ្ឋអាជ្ញាទីក្រុងសេអ៊ូល នៅថ្ងៃទី១៤ ខែមីនា បានសួរចម្លើយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ (Lee Myung-bak) ទាក់ទងសំណុំរឿងពុករលួយអំឡុងពេលលោកកាន់អំណាច។ លោក លី ម្យុងបាក់ ក្លាយជាអតីតប្រមុខរដ្ឋកូរ៉េខាងត្បូងចុងក្រោយគេ ដែលត្រូវរដ្ឋអាជ្ញាកោះហៅបែបនេះ។ នៅខាងក្រៅអាគាររដ្ឋអាជ្ញា អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបបានសុំទោសប្រជាជនទាំងអស់ចំពោះការបង្កបញ្ហាបែបនេះ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បានបង្ហាញមុខនៅអាគាររដ្ឋអាជ្ញាក្នុងទីក្រុងសេអ៊ូលតាមការកោះហៅដើម្បីឆ្លើយទៅនឹងសំណួរជុំវិញករណីពុករលួយ។ លោក លី ត្រូវបានរដ្ឋអាជ្ញាកោះហៅក្នុងនាមជាជនសង្ស័យក្នុងសំណុំរឿងទទួលសំណូក បំពានអំណាចប្រធានាធិបតី ការគេចវេសពន្ធ និងការលួចបន្លំ។ លោក លី ត្រូវបានសួរចម្លើយក្នុងបន្ទប់ដែលរដ្ឋអាជ្ញាធ្លាប់ប្រើប្រាស់សួរចម្លើយអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ កាលពីឆ្នាំមុន។
លោក លី ដែលកាន់តំណែងប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ជាប់សង្ស័យថាបានទទួលលុយពីអង្គភាពចារកម្មជាតិ ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនជាច្រើនទៀតនៅដើមអាណត្តិរបស់លោក។ លោកក៏ជាប់សង្ស័យទាក់ទងការបង្កើតមូលនិធិមានទឹកប្រាក់រាប់សិបលានដុល្លារក្រោមរូបភាពក្រុមហ៊ុនផលិតសម្ភាររថយន្តឈ្មោះ DAS របស់បងប្រុសរបស់លោក ប៉ុន្តែរដ្ឋអាជ្ញាជឿថា ក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់លោក លី ទៅវិញ។
មុនពេលចូលការិយាល័យរដ្ឋអាជ្ញា អតីតប្រធានាធិបតីរូបនេះបានធ្វើសេចក្ដីថ្លែងការណ៍សុំទោសមួយចំពោះមុខអ្នកសារព័ត៌មានរាប់រយនាក់។ លោក លី និយាយថា លោកឈរនៅខាងមុខអាគាររដ្ឋអាជ្ញាដោយអារម្មណ៍ខ្ទេចខ្ទី និងសោកស្ដាយជាខ្លាំងចំពោះការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញា ចំពេលដែលប្រទេសជួបបញ្ហា។ យ៉ាងណាមិញ លោក លី ដែលមានអាយុ៧៧ឆ្នាំទៅហើយនោះ សង្ឃឹមថា លោកគឺជាមេដឹកនាំចុងក្រោយគេដែលត្រូវបានសួរចម្លើយ។ នេះបើតាមការផ្សាយរបស់ Xinhua ។
អ្នកនយោបាយអភិរក្សរូបនេះបានទាត់ចោលការសង្ស័យទាំងអស់ និងចាត់ទុកសំណុំរឿងនេះ ជាការសងសឹកនយោបាយរបស់រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន ។ ប៉ុន្តែក្រុមរដ្ឋអាជ្ញាបានស្រាវជ្រាវឃើញភស្តុតាងសមល្មមដើម្បីដាក់បន្ទុកលើលោក លី ក្រោយការឆែកឆេរផ្ទះអតីតជំនួយការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ មនុស្សជំនិតខ្លះរបស់លោក លី បានសារភាពកំហុសរបស់ពួកគេរួចស្រេចអស់ហើយដែរ។ បន្ទាប់ការសាកសួរពេញមួយថ្ងៃ ក្រុមរដ្ឋអាជ្ញាអាចស្នើសុំដីកាចាប់ខ្លួនលោក លី ទៀតផង។
លោក លី គឺជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងនៅមានជីវិតចុងក្រោយគេ ដែលត្រូវបានបង្គាប់ឲ្យចូលខ្លួនបែបនេះ។ អ្នកស្នងតំណែងបន្តពីលោក គឺលោកស្រី ប៉ាក ហ្គឺនហេ កំពុងជាប់ឃុំខ្លួនលសំណុំរឿងពុករលួយនេះដែរ។ អតីតប្រធានាធិបតីបីនាក់ផ្សេងទៀតដូចជាលោក ឈុន ដូវ៉ាន់ និងលោក រ៉ូ តេវូ ត្រូវបានរដ្ឋអាជ្ញាកោះហៅដែរ និងត្រូវបានកាត់ទោសជាប់ពន្ធនាគារជាបន្តបន្ទាប់ ឯលោក រ៉ូ មូយុន វិញ ត្រូវបានកោះហៅដូចគ្នា តែក៏បានធ្វើអត្តឃាតក្រោយជាប់សង្ស័យ៕
Tag:
កូរ៉េខាងត្បូង
លី ម្យុងបាក់
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com