កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​៤៤​រូប​មកពី​៦​ក្លិប​-​សមាគម​ប្រជែង​គ្នា​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង​
14, Mar 2018 , 3:17 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​៥ បាន​បើក​ការប្រកួត​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៤ មីនា ឆ្នាំ​២០១៨ នេះ ដោយមាន​កីឡាករ​កីឡាការិនី​ចំនួន​៤៤​រូប​មកពី​៦​ក្លិប​-​សមាគម​ចូលរួម​។ លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​នេះ​មិន​បើក​សេរី​សម្រាប់​ការចូលរួម​នោះឡើយ ពោលគឺ​អនុញ្ញាត​ឲ្យ​តែ​ក្លិប​-​សមាគម​ដែលមាន​សមត្ថភាព​ខ្លាំង​ចូលរួម​តែប៉ុណ្ណោះ​។



​កីឡាករ​កីឡាការិនី​ចំនួន​៤៤​នាក់​(​ស្រី​២១​នាក់​)​មកពី​៦​ក្លិប​-​សមាគម​បានមក​ជួបជុំគ្នា​នៅ​ទីលាន​វាយ​កូន​បាល់ និង​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៨​។ ការប្រកួត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមីនា ឆ្នាំ​២០១៨ មាន​៧​ប្រភេទ​វិញ្ញាសា​ចូលរួម ហើយ​បែង​ចែកជា​៣​កម្រិត គឺ ក​១, ក​២ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​។



​តាមពិត​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុ​ជាមាន​ក្លិប​-​សមាគម​ជា​សមាជិក​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ជាច្រើន ប៉ុន្តែ​ការប្រកួត​នេះ​សហព័ន្ធ​កំណត់​យកតែ​៦​ក្លិប​ដែលមាន​កីឡាករ​ខ្លាំង​ចូលរួម​តែប៉ុណ្ណោះ​។ ពាក់ព័ន្ធ​នឺង​បញ្ហា​នេះ​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា ដោយសារ​ក្លិប​-​សមាគម​ទាំងនោះ​ពុំទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រកួតប្រជែង​។

«​ឆ្នាំនេះ​យើង​ផ្តោតទៅលើ​គុណភាព ដូច្នេះ​យើង​អនុញ្ញាត​ឲ្យ​តែ​៦​ក្លិប​-​សមាគម​ដែលមាន​កីឡាករ​ខ្លាំងៗ​ចូលរួម​តែប៉ុណ្ណោះ​។ បើ​យើង​អនុញ្ញាត​ឲ្យ​កីឡាករ​ចូលរួម​ច្រើនពេក​វា​អូសបន្លាយ​ពេលវេលា ណាមួយ​កីឡាករ​ទាំងនោះ​ពុំទាន់​មាន​សមត្ថភាព​គ្រាប់​ក្រាន់​ក្នុងការ​ប្រកួតប្រជែង​។ ដូច្នេះ​យើង​នឹងដាក់​ឲ្យ​ពួកគាត់​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ នា​ចុងខែ​មីនា ខាងមុខ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ប៊ុនហេង​។



​អនុប្រធាន​ទី​១​រូបនេះ​បាន​បន្តថា ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ចម្រាញ់​កីឡាករ​ជើង​ខ្លាំង​ត្រៀម​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​។ បច្ចុប្បន្ន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ក្នុងការ​ប្រមូលផ្តុំ​ជម្រើស​ចំនួន​២៤​រូប​រួមមាន​ឈុត​ធំ​១២​រូប​និង​ថ្នាល​១២​រូប​។

​ក្លិប​-​សមាគម​ទាំង​៦​ដែល​ចូលរួម​នៅ​ឆ្នាំនេះ​មកពី​រាជធានី​ចំនួន​៥ និង​ខេត្ត​កំពង់​ស្ព​ចំនួន​១​។ ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង គ្រោង​នឹង​បិទ​ការប្រកួត​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨៕


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  ពានរង្វាន់​សម្តេច ស ខេង ឆ្នាំ​២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com