ឌូ​ទើ​តេ ប្រកាស​ដក​ហ្វីលីពីន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​ស្ថាប័ន​នេះ​បើក​ស៊ើបអង្កេត​បឋម​

អន្តរជាតិ
ឌូ​ទើ​តេ ប្រកាស​ដក​ហ្វីលីពីន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​ស្ថាប័ន​នេះ​បើក​ស៊ើបអង្កេត​បឋម​
14, Mar 2018 , 3:47 pm         13523
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន​នឹង​បញ្ជា​ដក​ហ្វីលីពីន​ចេញពី​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្រោយ​ពេលដែល​ស្ថាប័ន​នេះ​ចាប់ផ្តើម​ស៊ើបអង្កេត​ករណី​សម្លាប់​រង្គាល​ដែល​បង្កដោយ​«​សង្គ្រាម​គ្រឿងញៀន​»​របស់លោក​នោះ​។ ពេល​ហ្វីលីពីន​ដកខ្លួន​ចេញ នៅ​តំបន់​អាស៊ាន នៅ​មានតែ​កម្ពុជា មួយ​ប៉ុណ្ណោះ​ដែល​នៅ​ជា​សមាជិក​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នេះ​។


 
​ដូច​ការរំពឹងទុក លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​បញ្ចប់​សមាជិកភាព​រប​ស់​ហ្វីលីពីន​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ដក​ការផ្តល់​សច្ចាប័ន​របស់​ហ្វីលីពីន​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នោះ​។ ការប្រកាស​ដក​ហ្វីល​ពី​ន​ចេញពី​ស្ថាប័ន​យុត្តាធិការ​អន្តរជាតិ​នេះ មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ព្រោះ លោក ឌូ​ទើ​តេ​ធ្លាប់​ប្រកាស​ធ្វើបែបនេះ​រួច​ម្តង​ហើយ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​ផ្លូវការ​តែ​មិនទាន់​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី តែ​ត្រូវបាន​ទីប្រឹក្សា​ច្បា​ប់លោក ឌូ​ទើ​តេ លោក Salvador Panelo ផ្តល់​ឲ្យ​អ្នកសារព័ត៌មាន​នោះ ការដក​ការផ្តល់​សច្ចាប័ន​របស់​ហ្វីលីពីន​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម​នេះ គឺជា​ការឆ្លើយតប​រប​ស់​ហ្វីលីពីន​ចំពោះ​សកម្មភាព​មន្ត្រី​អង្គការសហប្រជាជាតិ និង​ការបំពាន​នីតិវិធី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​។

​ក្នុង​ឯកសារ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នោះ ប្រធានាធិបតី ឌូ​ទើ​តេ បាន​អះអាង​ដូច្នេះ​៖ « សកម្មភាព​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​ជាការ​វាយប្រហារ​រដ្ឋាភិបាល​របស់ខ្ញុំ​ដោយ​គ្មាន​ហេតុផល​និង​មូលដ្ឋាន​ត្រឹមត្រូវ និង​ធ្វើ​ឡើយ​ប្រកបដោយ​កំហឹង​»​។

​លោក​ឌូ​ទើ​តេ បាន​បន្តថា ចំពោះ​ការ​ស្វះស្វែង​របស់​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​រក​យុត្តាធិការ​ដើម្បី​កាត់ទោស​លោក​នោះ ជា​រឿង​ដែល​បំពាន​លើ​នីតិវិធី និង​គោលការណ៍​សន្ម​ត់​ជាមុន​ថា គ្មាន​ទោស​នោះ​។ 

​តាមពិតទៅ លោក ឌូ​ទើ​តេ ប្រកាស​ដក​ហ្វីលីពីន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​នេះ​ក៏​ដោយសារ​ការិយាល័យរ​ដ្ឋ​អាជ្ញា​តុលាការ​នេះ​ចាប់ផ្តើម​ការស៊ើបអង្កេត​បឋម​លើ​សង្គ្រាម​គ្រឿងញៀន​របស់លោក ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង​។ កាលពី​សប្តាហ៍​មុន លោក ឌូ​ទើ​តេ អះអាងថា តុលាការ​នេះ​មិនមាន​យុត្តាធិការ​អូស​យក​លោក​ទៅ​កាត់ទោស​ឡើយ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ហ្វីលីពីន​ជា​រដ្ឋ​សមាជិក​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ដែល​លិខិតបទដ្ឋាន​ដែល​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​នេះឡើយ​។

​ហ្វីលីពីន​បាន​ចុះហត្ថលេខា​លើ​លក្ខន្តិកៈ​នេះ​កាលពី​ឆ្នាំ ២០០០ និង​បានផ្តល់​សច្ចាប័ន​នៅក្នុង​ខែសីហា​ឆ្នាំ ២០១១​។ ក្នុង​រយៈពេល ៦០​ថ្ងៃក្រោយ​ហ្វីលីពីន​តម្កល់​លិខិតបទដ្ឋាន​ផ្តល់​សច្ចាប័ន​ហើយ លក្ខន្តិកៈ​នេះ​ចូល​ជាធរ​មាននៅ​ហ្វីលីពីន ហើយ​រាល់​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​ហ្វីលីពីន​ប្រព្រឹត្តឡើង​ដោយ​តួអង្គ​ជា​រដ្ឋ​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​នេះ​។ យោងតាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម តុលាការ​នេះ​មាន​យុត្តាធិការ​តែ​លើ​បទឧក្រិដ្ឋ​ចំនួន​បួន​ជាក់លាក់​ប៉ុណ្ណោះ​ក្នុងនោះ​មានដូចជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ បទឧក្រិដ្ឋ​សង្គ្រាម ប្រល័យ​ពូជ​សាន៍ និង​ឈ្លានពាន​។

​កន្លងមក រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Bensouda បាន​ព្រមាន​ហ្វីលីពីន​ម្តង​ហើយ​ថា រាល់​មនុស្ស​ទាំងអស់​នៅ​ហ្វីលីពីន ដែល​បង្ក ឬ​ពាក់ព័ន្ធ​សកម្មភាព​ហិង្សា​ធ្ងន់ធ្ងរ​ទ្រង់ទ្រាយ​ធំ ដោយ​បញ្ជា ឬ​ស្នើ ឬ​ជំរុញ និង​ចូលរួម ក្នុង​រូបភាព​ណាក៏ដោយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។

​លោក ឌូ​ទើ​តេ រង​ការ​ថ្កោលទោស និង​ទិតៀន​ខ្លាំង​ពី​សំណាក់​ស្ថាប័ន​សិទ្ធិមនុស្ស និង​អង្គការ​អន្តរជាតិ​ដោយសារ​ការបន្ត​សង្គ្រាម​គ្រឿងញៀន​បង្ហូរឈាម​របស់​លោក​ចាប់ពី​ពេល​លោក​ឡើងកាន់តំណែង​ពាក់កណ្តាល​ឆ្នាំ ២០១៦​។ ប៉ូលិស​អះអាងថា ជនសង្ស័យ​គ្រឿងញៀន​លើ​ពី​បី​ពាន់​នាក់​ប៉ុណ្ណោះ​ត្រូវបាន​សម្លាប់​ដោយសារ​តដៃ​ជាមួយ​ប៉ូលិស ខណៈដែល​ខាង​សិទ្ធិមនុស្ស​អះអាងថា មនុស្ស​ដែល​ស្លាប់មាន​មិនតិចជាង​១២០០០​នាក់​ឡើយ​។​


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង