អន្តរជាតិ
ឌូទើតេ ប្រកាសដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រោយស្ថាប័ននេះបើកស៊ើបអង្កេតបឋម
× ប្រធានាធិបតីហ្វីលីពីននឹងបញ្ជាដកហ្វីលីពីនចេញពីលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្រោយពេលដែលស្ថាប័ននេះចាប់ផ្តើមស៊ើបអង្កេតករណីសម្លាប់រង្គាលដែលបង្កដោយ«សង្គ្រាមគ្រឿងញៀន»របស់លោកនោះ។ ពេលហ្វីលីពីនដកខ្លួនចេញ នៅតំបន់អាស៊ាន នៅមានតែកម្ពុជា មួយប៉ុណ្ណោះដែលនៅជាសមាជិកនៃលក្ខន្តិកៈទីក្រុងរ៉ូមនេះ។
ដូចការរំពឹងទុក លោក រ៉ូឌ្រីហ្គោ ឌូទើតេ នឹងបញ្ចប់សមាជិកភាពរបស់ហ្វីលីពីនក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយដកការផ្តល់សច្ចាប័នរបស់ហ្វីលីពីនលើលក្ខន្តិកៈទីក្រុងរ៉ូមនោះ។ ការប្រកាសដកហ្វីលពីនចេញពីស្ថាប័នយុត្តាធិការអន្តរជាតិនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយព្រោះ លោក ឌូទើតេធ្លាប់ប្រកាសធ្វើបែបនេះរួចម្តងហើយ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការតែមិនទាន់ចុះហត្ថលេខាដោយប្រធានាធិបតី តែត្រូវបានទីប្រឹក្សាច្បាប់លោក ឌូទើតេ លោក Salvador Panelo ផ្តល់ឲ្យអ្នកសារព័ត៌មាននោះ ការដកការផ្តល់សច្ចាប័នរបស់ហ្វីលីពីនពីលក្ខន្តិកៈក្រុងរ៉ូមនេះ គឺជាការឆ្លើយតបរបស់ហ្វីលីពីនចំពោះសកម្មភាពមន្ត្រីអង្គការសហប្រជាជាតិ និងការបំពាននីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះ។
ក្នុងឯកសារដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នោះ ប្រធានាធិបតី ឌូទើតេ បានអះអាងដូច្នេះ៖ « សកម្មភាពរបស់មន្ត្រីអង្គការសហប្រជាជាតិជាការវាយប្រហាររដ្ឋាភិបាលរបស់ខ្ញុំដោយគ្មានហេតុផលនិងមូលដ្ឋានត្រឹមត្រូវ និងធ្វើឡើយប្រកបដោយកំហឹង»។
លោកឌូទើតេ បានបន្តថា ចំពោះការស្វះស្វែងរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីរកយុត្តាធិការដើម្បីកាត់ទោសលោកនោះ ជារឿងដែលបំពានលើនីតិវិធី និងគោលការណ៍សន្មត់ជាមុនថា គ្មានទោសនោះ។
តាមពិតទៅ លោក ឌូទើតេ ប្រកាសដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌនេះក៏ដោយសារការិយាល័យរដ្ឋអាជ្ញាតុលាការនេះចាប់ផ្តើមការស៊ើបអង្កេតបឋមលើសង្គ្រាមគ្រឿងញៀនរបស់លោក ដែលអាចជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផង។ កាលពីសប្តាហ៍មុន លោក ឌូទើតេ អះអាងថា តុលាការនេះមិនមានយុត្តាធិការអូសយកលោកទៅកាត់ទោសឡើយ ប៉ុន្តែគេដឹងច្បាស់ថា ហ្វីលីពីនជារដ្ឋសមាជិកនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលលិខិតបទដ្ឋានដែលបង្កើតតុលាការព្រហ្មទណ្ឌនេះឡើយ។
ហ្វីលីពីនបានចុះហត្ថលេខាលើលក្ខន្តិកៈនេះកាលពីឆ្នាំ ២០០០ និងបានផ្តល់សច្ចាប័ននៅក្នុងខែសីហាឆ្នាំ ២០១១។ ក្នុងរយៈពេល ៦០ថ្ងៃក្រោយហ្វីលីពីនតម្កល់លិខិតបទដ្ឋានផ្តល់សច្ចាប័នហើយ លក្ខន្តិកៈនេះចូលជាធរមាននៅហ្វីលីពីន ហើយរាល់បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនៅហ្វីលីពីនប្រព្រឹត្តឡើងដោយតួអង្គជារដ្ឋស្ថិតក្រោមយុត្តាធិការរបស់តុលាការនេះ។ យោងតាមលក្ខន្តិកៈទីក្រុងរ៉ូម តុលាការនេះមានយុត្តាធិការតែលើបទឧក្រិដ្ឋចំនួនបួនជាក់លាក់ប៉ុណ្ណោះក្នុងនោះមានដូចជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម ប្រល័យពូជសាន៍ និងឈ្លានពាន។
កន្លងមក រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Bensouda បានព្រមានហ្វីលីពីនម្តងហើយថា រាល់មនុស្សទាំងអស់នៅហ្វីលីពីន ដែលបង្ក ឬពាក់ព័ន្ធសកម្មភាពហិង្សាធ្ងន់ធ្ងរទ្រង់ទ្រាយធំ ដោយបញ្ជា ឬស្នើ ឬជំរុញ និងចូលរួម ក្នុងរូបភាពណាក៏ដោយត្រូវទទួលខុសត្រូវចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក ឌូទើតេ រងការថ្កោលទោស និងទិតៀនខ្លាំងពីសំណាក់ស្ថាប័នសិទ្ធិមនុស្ស និងអង្គការអន្តរជាតិដោយសារការបន្តសង្គ្រាមគ្រឿងញៀនបង្ហូរឈាមរបស់លោកចាប់ពីពេលលោកឡើងកាន់តំណែងពាក់កណ្តាលឆ្នាំ ២០១៦។ ប៉ូលិសអះអាងថា ជនសង្ស័យគ្រឿងញៀនលើពីបីពាន់នាក់ប៉ុណ្ណោះត្រូវបានសម្លាប់ដោយសារតដៃជាមួយប៉ូលិស ខណៈដែលខាងសិទ្ធិមនុស្សអះអាងថា មនុស្សដែលស្លាប់មានមិនតិចជាង១២០០០នាក់ឡើយ។
Tag:
ហ្វីលីពីន
រ៉ូឌ្រីហ្គោ ឌូទើតេ
តុលាការព្រហ្មទណ្ឌអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com