ជាតិ
លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក ប្រាក់ សុខុន យល់ឃើញ​ខុសគ្នា​លើ​ករណី​លោក កឹម សុខា​
14, Mar 2018 , 3:57 pm        
រូបភាព
ជំនួបរវាងអ្នករាយការណ៏ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៨
ជំនួបរវាងអ្នករាយការណ៏ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៨
​ភ្នំពេញ​៖ ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ករណី​រំលាយ​បក្សប្រឆាំង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​អ្នក​រាយ​ការ​ណ៍ពិសេស​នៃ​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​



​ស្ថិតនៅក្នុង​ក្រសែភ្នែក​តាមដាន​របស់​លោកស្រី រ៉ូ​ណា ស្មី​ត បញ្ហា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ករណី​ឃុំខ្លួន​លោក កឹម សុខា គឺជា​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​។ ប៉ុន្តែ​ការលើកឡើង​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត ត្រូវបាន​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ពន្យល់​វិញ​ថា ករណី​របស់​មេដឹកនាំ និង​បញ្ហា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​រដ្ឋាភិបាល​អនុវត្ត​តាមច្បាប់ និង​ជា​សេចក្តីសម្រេច​របស់​តុលាការ​ប៉ុណ្ណោះ ពោលគឺ​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស​អ្វី​ឡើយ​។​

​តាមរយៈ​សន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ ស​ន្ទ​រី បាន​ស្រង់​សម្ដី​ក្នុងជំនួប​លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក ប្រាក់ សុខុន នៅ​ព្រឹក​ថ្ងៃទី​១៤ មីនា យ៉ាង​ដូច្នេះ​ថា​៖«​ការពិភាក្សាគ្នា​នោះ មាន​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​លើ​បញ្ហា​សិទ្ធិមនុស្ស ក្នុងនោះ​ក៏មាន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បញ្ហា​ឯកឧត្តម កឹម សុខា​។ ហើយ​ការពិភាក្សាគ្នា​នោះ មាន​ចំណុច​មួយចំនួន ដែល​ភាគី​ទាំងពីរ មានការ​យល់​គ្នា​ទៅវិញទៅមក ហើយ​ក៏មាន​ចំណុច​ដែល​ភាគី​យល់​ខុសគ្នា​។ យល់​ខុសគ្នា ដូចជា​ការចាត់វិធានកា​រ​(​ករណី​លោក កឹម សុខា​) និង​ការសម្រេច​របស់​តុលាការ គឺ​យើង​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​។ ខាង​អង្គការសិទ្ធិមនុស្ស គាត់​គិតថា ភារកិច្ច​គាត់​សំខាន់ គឺ​គិត​លើ​បញ្ហា​សិទ្ធិមនុស្ស ដូច្នេះ​ការវិភាគ​របស់គាត់​ផ្អែកលើ​បញ្ហា​សិទ្ធិមនុស្ស​…​។​

​បន្ថែម​ពីនេះ​រដ្ឋមន្ត្រីការបរទេស​លោក ប្រាក់ សុខុន បាន​ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត ថា កម្ពុជា​ត្រូវការ​សន្តិភាព ស្ថេរភាព និង​កិច្ចអភិវឌ្ឍន៍ ហើយ​កម្ពុជា មិន​ទទួលយក​រាល់​សកម្មភាព និង​សេចក្តីថ្លែងការណ៍​ណាមួយ ដែល​បំពាន​ដល់​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​។ ជាពិសេស​ការ​ថ្លែង​រិះគន់​លើ​នីតិបញ្ញត្តិ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ជុំ ស​ន្ទ​រី ដែល​បាន​ស្រង់​សម្ដី​ក្នុង​កិច្ចប្រជុំ ។​

​គួរ​បញ្ជាក់ថា អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោកស្រី រ៉ូ​ណា ស្មី​ត បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យមើល​បញ្ហា​សិទ្ធិមនុស្ស​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជួបពិភាក្សា​ជាមួយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​, រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង , ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​លោក ស៊ិ​ក ប៊ុន​ហុក ជាដើម ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស ,​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ការបោះឆ្នោត​នៅ​កម្ពុជា​។

​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោកស្រី រ៉ូ​ណា ស្មី​ត ក៏​ធ្វើ​សន្និសីតកាសែត នៅ​រសៀល​ថ្ងៃទី​១៤ មីនា​នេះ ជុំវិញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា មុននឹង​សរសេរ​របាយការណ៍​ពី​បច្ចុប្បន្នភាព​កម្ពុជា បញ្ជូនទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​៕


Tag:
 ប្រាក់ សុខុន​
  រ៉ូ​ណា​ល់ ស្មី​ត​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com