ជាតិ
លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន យល់ឃើញខុសគ្នាលើករណីលោក កឹម សុខា ជំនួបរវាងអ្នករាយការណ៏ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៨
× ភ្នំពេញ៖ ករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងករណីរំលាយបក្សប្រឆាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ស្ថិតនៅក្នុងក្រសែភ្នែកតាមដានរបស់លោកស្រី រ៉ូណា ស្មីត បញ្ហារំលាយគណបក្សសង្គ្រោះជាតិ និងករណីឃុំខ្លួនលោក កឹម សុខា គឺជាបញ្ហារំលោភសិទ្ធិមនុស្ស ដែលវាធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា។ ប៉ុន្តែការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ត្រូវបានរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ពន្យល់វិញថា ករណីរបស់មេដឹកនាំ និងបញ្ហារំលាយគណបក្សសង្គ្រោះជាតិនេះ គឺរដ្ឋាភិបាលអនុវត្តតាមច្បាប់ និងជាសេចក្តីសម្រេចរបស់តុលាការប៉ុណ្ណោះ ពោលគឺគ្មានការរំលោភសិទ្ធិមនុស្សអ្វីឡើយ។
តាមរយៈសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានស្រង់សម្ដីក្នុងជំនួបលោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៤ មីនា យ៉ាងដូច្នេះថា៖«ការពិភាក្សាគ្នានោះ មានបញ្ហាជាច្រើន ដែលពាក់ព័ន្ធលើបញ្ហាសិទ្ធិមនុស្ស ក្នុងនោះក៏មានការរំលាយគណបក្សសង្គ្រោះជាតិ និងបញ្ហាឯកឧត្តម កឹម សុខា។ ហើយការពិភាក្សាគ្នានោះ មានចំណុចមួយចំនួន ដែលភាគីទាំងពីរ មានការយល់គ្នាទៅវិញទៅមក ហើយក៏មានចំណុចដែលភាគីយល់ខុសគ្នា។ យល់ខុសគ្នា ដូចជាការចាត់វិធានការ(ករណីលោក កឹម សុខា) និងការសម្រេចរបស់តុលាការ គឺយើងផ្អែកលើទិដ្ឋភាពច្បាប់។ ខាងអង្គការសិទ្ធិមនុស្ស គាត់គិតថា ភារកិច្ចគាត់សំខាន់ គឺគិតលើបញ្ហាសិទ្ធិមនុស្ស ដូច្នេះការវិភាគរបស់គាត់ផ្អែកលើបញ្ហាសិទ្ធិមនុស្ស…។
បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បានប្រាប់លោកស្រី រ៉ូណា ស្មីត ថា កម្ពុជាត្រូវការសន្តិភាព ស្ថេរភាព និងកិច្ចអភិវឌ្ឍន៍ ហើយកម្ពុជា មិនទទួលយករាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ណាមួយ ដែលបំពានដល់ឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា។ ជាពិសេសការថ្លែងរិះគន់លើនីតិបញ្ញត្តិកម្ពុជា។ នេះជាការលើកឡើងរបស់លោក ជុំ សន្ទរី ដែលបានស្រង់សម្ដីក្នុងកិច្ចប្រជុំ ។
គួរបញ្ជាក់ថា អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីត្រួតពិនិត្យមើលបញ្ហាសិទ្ធិមនុស្ស។ ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង , ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក ជាដើម ដើម្បីពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស ,ការរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតនៅកម្ពុជា។
ក្រោយបញ្ចប់ជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏ធ្វើសន្និសីតកាសែត នៅរសៀលថ្ងៃទី១៤ មីនានេះ ជុំវិញដំណើរទស្សនកិច្ចនៅកម្ពុជា មុននឹងសរសេររបាយការណ៍ពីបច្ចុប្បន្នភាពកម្ពុជា បញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕
Tag:
ប្រាក់ សុខុន
រ៉ូណាល់ ស្មីត
UN
© រក្សាសិទ្ធិដោយ thmeythmey.com