លោក វ៉ាង យ៉ាង ក្លាយជា​ប្រធានសភា​ពិគ្រោះ​យោបល់​របស់​ចិន​

អន្តរជាតិ
លោក វ៉ាង យ៉ាង ក្លាយជា​ប្រធានសភា​ពិគ្រោះ​យោបល់​របស់​ចិន​
14, Mar 2018 , 4:56 pm         1133
រូបភាព
លោក វ៉ាង យ៉ាង ប្រធានថ្មីនៃសភាពិគ្រោះយោបល់ប្រជាជន (រូបភាព៖ Xinhua)
លោក វ៉ាង យ៉ាង ប្រធានថ្មីនៃសភាពិគ្រោះយោបល់ប្រជាជន (រូបភាព៖ Xinhua)
​លោក វ៉ាង យ៉ាង បាន​ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី​របស់​សភា​ពិគ្រោះ​យោបល់​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៤ ខែមីនា​។ លោក វ៉ាង យ៉ាង នឹង​ក្លាយ​តំណែង​ដែលមាន​រយៈពេល​៥​ឆ្នាំនេះ ជំនួស​លោក យូ ជឹ​ង​សឹង ដែល​ចូលនិវត្តន៍​។ ការជាប់ឆ្នោត​របស់លោក វ៉ាង យ៉ាង គឺជា​ផ្នែក​មួយ​នៃ​ការរុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​របស់​ចិន​។ ឯ​តំណែង​ដឹកនាំ​រដ្ឋ​ផ្សេងទៀត​ដូចជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​សំខាន់ នឹងត្រូវ​សម្រេច​ក្នុង​កិច្ចប្រជុំសភា​ប្រជាជន​។



​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤ សម័យប្រជុំ​លើកទីមួយ​នៃ​សភា​ពិគ្រោះ​យោបល់​នីតិកាល​ទី​១៣ សមាជិក​ជាង​ពីរពាន់​នាក់​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន និង​គណៈកម្មាធិការ​អចិន្ត្រយ៍​ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះ​រយៈពេល​៥​ឆ្នាំ​ទៅមុខ​។ លោក វ៉ាង យ៉ាង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​អាណត្តិ​ថ្មី ខណៈ​លោក យូ ជឹ​ង​សឹង បាន​ចូលនិវត្តន៍​។​

​ការជាប់ឆ្នោត​របស់លោក វ៉ាង យ៉ាង មិនមែនជា​រឿង​ភ្ញាក់ផ្អើល​ឡើយ​។ នេះ​ក៏​ព្រោះ​លោក​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​កាន់តំណែង​នេះ​តាំងពី​ក្លាយជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រយ៍​ការិយាល័យ​នយោបាយ​ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៩​មកម្ល៉េះ​។ បើតាម​រាប់​លំដាប់ លោក វ៉ាង គឺជា​មន្ត្រីជាន់ខ្ពស់​លំដាប់​ទី​បួន​នៃ​គណៈកម្មាធិការ​ដែលមាន​សមាជិក​៧​រូបនេះ​។

​មុន​ជាប់ឆ្នោត​ជា​ប្រធានសភា​ពិគ្រោះ​យោបល់ លោក វ៉ាង យ៉ាង គឺជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ។ លោក​ធ្លាប់​ដឹកនាំ​ការចរចា​ជាមួយ​អាមេរិក​លើ​រឿង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ខណៈ​លោក វ៉ាង យ៉ាង កាន់តំណែង​ប្រធាន សភា​ពិគ្រោះ​យោបល់​នេះ​មាន​អនុប្រធាន​ដល់​ទៅ​២៤​នាក់​ឯណោះ​។​

​ក្រៅពី​តំណែង​ប្រធានសភា​ពិគ្រោះ​យោបល់​នេះ ចិន​ក៏​នឹងមាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ដែរ​មួយចំនួនទៀត​ដែរ ប៉ុន្តែ​ត្រូវ​សម្រេច​ក្នុង​កិច្ចប្រជុំ​របស់​សភា​ប្រជាជន ដែល​កំពុង​ដំណើការ​ដូចគ្នា​។ លោក ស៊ី ជិន​ភីង ប្រមុខ​បក្ស​កុម្មុយនីស្ត​ចិន នឹង​បន្ត​តំណែង​ជា​ប្រធានាធិបតី​៥​ឆ្នាំ​ទៀត ហើយ​លោក លី ខឹ​ឈាំ​ង មេដឹកនាំ​លំដាប់​ទី​ពីរ​របស់​ចិន ក៏​នឹង​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​មួយ​អាណត្តិ​ទៀត​ដែរ​។ ប្រធានសភា​ថ្មី​នឹង​បាន​ទៅ​លោក លី ចាន់​ស៊ូ មេដឹកនាំ​លំដាប់​ទី​បី និង​ជាម​នុស្ស​ជំនិត​របស់លោក ស៊ី ផ្ទាល់​។

​ដោយឡែក សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី នឹងត្រូវ​សម្រេច​ក្នុង​កិច្ចប្រជុំសភា​ប្រជាជន​ដែរ​។ ក្រសួង​មួយចំនួន​នឹងមាន​រដ្ឋមន្ត្រី​ថ្មី ក្រោយ​ចិន​បានសម្រេច​កែសម្រួល​រចនា​សម្ព័ន្ធ​ដឹកនាំ​រដ្ឋ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី​១៣ ខែមីនា​រួចមក​៕


Tag:
 ​ចិន​
  វ៉ាង យ៉ាង​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង