អន្តរជាតិ
លោក វ៉ាង យ៉ាង ក្លាយជាប្រធានសភាពិគ្រោះយោបល់របស់ចិន លោក វ៉ាង យ៉ាង ប្រធានថ្មីនៃសភាពិគ្រោះយោបល់ប្រជាជន (រូបភាព៖ Xinhua)
× លោក វ៉ាង យ៉ាង បានជាប់ឆ្នោតជាប្រធានថ្មីរបស់សភាពិគ្រោះយោបល់ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៤ ខែមីនា។ លោក វ៉ាង យ៉ាង នឹងក្លាយតំណែងដែលមានរយៈពេល៥ឆ្នាំនេះ ជំនួសលោក យូ ជឹងសឹង ដែលចូលនិវត្តន៍។ ការជាប់ឆ្នោតរបស់លោក វ៉ាង យ៉ាង គឺជាផ្នែកមួយនៃការរុះរើក្បាលម៉ាស៊ីនដឹកនាំរដ្ឋរបស់ចិន។ ឯតំណែងដឹកនាំរដ្ឋផ្សេងទៀតដូចជាប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសំខាន់ នឹងត្រូវសម្រេចក្នុងកិច្ចប្រជុំសភាប្រជាជន។
ក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ សម័យប្រជុំលើកទីមួយនៃសភាពិគ្រោះយោបល់នីតិកាលទី១៣ សមាជិកជាងពីរពាន់នាក់បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងគណៈកម្មាធិការអចិន្ត្រយ៍ដើម្បីដឹកនាំស្ថាប័ននេះរយៈពេល៥ឆ្នាំទៅមុខ។ លោក វ៉ាង យ៉ាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបានជាប់ឆ្នោតជាប្រធានអាណត្តិថ្មី ខណៈលោក យូ ជឹងសឹង បានចូលនិវត្តន៍។
ការជាប់ឆ្នោតរបស់លោក វ៉ាង យ៉ាង មិនមែនជារឿងភ្ញាក់ផ្អើលឡើយ។ នេះក៏ព្រោះលោកត្រូវបានផ្គូរផ្គងឲ្យកាន់តំណែងនេះតាំងពីក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រយ៍ការិយាល័យនយោបាយក្នុងមហាសន្និបាតបក្សលើកទី១៩មកម្ល៉េះ។ បើតាមរាប់លំដាប់ លោក វ៉ាង គឺជាមន្ត្រីជាន់ខ្ពស់លំដាប់ទីបួននៃគណៈកម្មាធិការដែលមានសមាជិក៧រូបនេះ។
មុនជាប់ឆ្នោតជាប្រធានសភាពិគ្រោះយោបល់ លោក វ៉ាង យ៉ាង គឺជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី លី ខឹឈាំង ។ លោកធ្លាប់ដឹកនាំការចរចាជាមួយអាមេរិកលើរឿងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ខណៈលោក វ៉ាង យ៉ាង កាន់តំណែងប្រធាន សភាពិគ្រោះយោបល់នេះមានអនុប្រធានដល់ទៅ២៤នាក់ឯណោះ។
ក្រៅពីតំណែងប្រធានសភាពិគ្រោះយោបល់នេះ ចិនក៏នឹងមានក្បាលម៉ាស៊ីនដឹកនាំថ្មីដែរមួយចំនួនទៀតដែរ ប៉ុន្តែត្រូវសម្រេចក្នុងកិច្ចប្រជុំរបស់សភាប្រជាជន ដែលកំពុងដំណើការដូចគ្នា។ លោក ស៊ី ជិនភីង ប្រមុខបក្សកុម្មុយនីស្តចិន នឹងបន្តតំណែងជាប្រធានាធិបតី៥ឆ្នាំទៀត ហើយលោក លី ខឹឈាំង មេដឹកនាំលំដាប់ទីពីររបស់ចិន ក៏នឹងអង្គុយកៅអីនាយករដ្ឋមន្ត្រីមួយអាណត្តិទៀតដែរ។ ប្រធានសភាថ្មីនឹងបានទៅលោក លី ចាន់ស៊ូ មេដឹកនាំលំដាប់ទីបី និងជាមនុស្សជំនិតរបស់លោក ស៊ី ផ្ទាល់។
ដោយឡែក សមាសភាពរដ្ឋាភិបាលអាណត្តិថ្មី នឹងត្រូវសម្រេចក្នុងកិច្ចប្រជុំសភាប្រជាជនដែរ។ ក្រសួងមួយចំនួននឹងមានរដ្ឋមន្ត្រីថ្មី ក្រោយចិនបានសម្រេចកែសម្រួលរចនាសម្ព័ន្ធដឹកនាំរដ្ឋទ្រង់ទ្រាយធំកាលពីថ្ងៃទី១៣ ខែមីនារួចមក៕
Tag:
ចិន
វ៉ាង យ៉ាង
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com