​ស្ត្រី​ខ្លាំង អែន​ជេ​ឡា មឺ​ហ្គែ​ល ជាប់ឆ្នោត​ជា​អធិការបតី​អាល្លឺម៉ង់​នៅ​អាណត្តិ​ទី​បួន​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ស្ត្រី​ខ្លាំង អែន​ជេ​ឡា មឺ​ហ្គែ​ល ជាប់ឆ្នោត​ជា​អធិការបតី​អាល្លឺម៉ង់​នៅ​អាណត្តិ​ទី​បួន​
14, Mar 2018 , 5:31 pm        
រូបភាព
លោកស្រី មឺហ្គែល  ទទួលលិខិតតែងតាំងពីលោកប្រធានាធិបតី Frank-Walter Steinmeier ក្រោយត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត (រូបភាព AFP)
លោកស្រី មឺហ្គែល ទទួលលិខិតតែងតាំងពីលោកប្រធានាធិបតី Frank-Walter Steinmeier ក្រោយត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត (រូបភាព AFP)
ដោយ: ថ្មីៗ
សភា​អាល្លឺម៉ង់​សម្រេច​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល ធ្វើជា​អធិការបតី​អាល្លឺម៉ង់​ក្នុង​អាណត្តិ​ទី​បួន​នៅ​ថ្ងៃ​ពុធ​ទី ១៤ ខែមីនា​នេះ​។  ការបោះឆ្នោត​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​ថ្មី​នេះ​ធ្វើឡើង ក្រោយ​អ្នកនយោបាយ​អាល្លឺម៉ង់​ដោះស្រាយ​វិបត្តិ​ជាប់គាំង​នយោបាយ​ដែល​អូសបន្លាយ​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ មកនេះ​ដោយ​ជោគជ័យ​។   


​ចុងក្រោយ នៅ​ថ្ងៃ​ពុធ ទី ១៤ ខែមីនា​នេះ លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល ត្រូវបាន​សភា​អាល្លឺម៉ង់​បោះឆ្នោត​គាំទ្រ​ជា​អធិការបតី​ជាថ្មីទៀត​សម្រាប់​អាណត្តិ​ទី​បួន ដោយ​សំឡេងគាំទ្រ ៣៦៤ ទល់ ៣១៥ សំឡេង ខណៈដែល​សមាជិកសភា​ប្រាំបួន​នាក់​ផ្សេងទៀត​បោះឆ្នោត​អនុប្បវាទ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយ​ការបោះឆ្នោត​នេះ លោកស្រី មឺ​ហ្គែ​ល ត្រូវ​ទទួលបាន​ការតែងតាំង​ជា​ផ្លូវការ​ពី​ប្រធានាធិបតី Frank-Walter Steinmeier មុនពេល​លោកស្រី​ស្បថ​ចូលកាន់​តំណែង​នៅថ្ងៃនេះ​នោះ​។ 
 
​ពេល​បោះឆ្នោត​ក្នុង​សភា​ជាន់​ទាប Bundestag លោកស្រី​បាន​និយាយ​ដូច្នេះ​៖ «​ខ្ញុំ​ទទួលយក​ការបោះឆ្នោត​នេះ​»​។ បន្ទាប់មក​គេ​លឺ​សូរសំឡេង​ហ៊ោរ និង​ទះដៃ​អបអរសាទរ​លោកស្រី​ផងដែរ ហើយ​ស្វាមី​លោកស្រី លោក Joachim Sauer និង​ម្តាយ​លោកស្រី​ដែលមាន​វ័យ ៨៩ ឆ្នាំ​លោកស្រី Herlind Kasner ក៏​ស្ថិតនៅ​ក្នុងចំណោម​នោះដែរ​។​
 
​តាមពិតទៅ​សមាជិកសភា​ចាប់ផ្តើម​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​លោកស្រី ក្រោយ​ពេលដែល​វិបត្តិ​ជាប់គាំង​នយោបាយ​ដែលមាន​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​នោះ​ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់ ក្រោយ​ការឯកភាព​គ្នា​បង្កើតរ​ដ្ឋា​ភិ​បាលច​ម្រុះ​។ 
 
​ការបោះឆ្នោត​ខែកញ្ញា គណបក្ស​ស្តាំនិយម​ដែល​ប្រើប្រាស់​គោលនយោបាយ​ប្រជា​ឧបាយ (Populist) បាន​កើន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល ដែល​ធ្វើ​ឲ្យ​គណបក្ស​ដទៃ​ផ្សេងទៀត​នោះ​ចុះខ្សោយ ហើយក៏​ធ្វើ​ឲ្យ​បក្ស​លោកស្រី មឺ​ហ្គែ​ល សហភាព​ប្រជាធិបតេយ្យ​គ្រឹ​ស្ត (CDU) បាត់បង់​សំឡេង​ភាគច្រើន​ដែល​ធ្លាប់មាន​ផងដែរ​។ ដូច្នេះហើយ​បានជា​លោកស្រី​ត្រូវ​បង្ខំចិត្ត​មក​ចង​សម្ព័ន្ធមិត្ត​ជាមួយ​គណបក្ស​កណ្តាល​និយម​លម្អៀង​ឆ្វេង សង្គម​ប្រជាធិបតេយ្យ (SDP) នោះ​ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាល​រួមគ្នា​។ គេ​បារម្ភ​ថា រដ្ឋាភិបាលចម្រុះ​នេះ​អាច​នឹង​បែកបាក់​គ្នា​ផង​នៅពេល​ណាមួយ​ខាងមុខ មុន​ចប់​អាណត្តិ​។ 
 
​ក្រោយពី​ស្បថ​ចូលកាន់​តំណែង​ជាថ្មី​ហើយ លោកស្រី នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុងប៉ារីស​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដោយ​មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​ពី​ផែនការ​កែទម្រង់​សហភាព​អឺរ៉ុប​មុន​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​អឺរ៉ុប​ផង​។  ម៉ា​ក្រុង ធ្លាប់​ព្រមាន​ថា បើ​អាល្លឺម៉ង់​មិន​ចូលរួម​ក្នុងការ​ជំរុញ​ការកែទម្រង់​អឺរ៉ុប​ទេ គម្រោង​កែទម្រង់​សហ​ភា​អឺរ៉ុប​របស់លោក​នឹង​អាច​បរាជ័យ​ផង​៕ 
 

Tag:
 អែន​ជេ​ឡា មឺ​ហ្គែ​ល​
  អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 62698 [1] => 10,21 [2] => ​ស្ត្រី​ខ្លាំង អែន​ជេ​ឡា មឺ​ហ្គែ​ល ជាប់ឆ្នោត​ជា​អធិការបតី​អាល្លឺម៉ង់​នៅ​អាណត្តិ​ទី​បួន​ [3] => content [4] => [5] => អែន​ជេ​ឡា មឺ​ហ្គែ​ល​, អាល្លឺម៉ង់​ [6] => 0 [7] => 0 [8] => )