អន្តរជាតិ
នយោបាយអន្តរជាតិ
ស្ត្រីខ្លាំង អែនជេឡា មឺហ្គែល ជាប់ឆ្នោតជាអធិការបតីអាល្លឺម៉ង់នៅអាណត្តិទីបួន លោកស្រី មឺហ្គែល ទទួលលិខិតតែងតាំងពីលោកប្រធានាធិបតី Frank-Walter Steinmeier ក្រោយត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត (រូបភាព AFP)
× សភាអាល្លឺម៉ង់សម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោកស្រី អែនជេឡា មឺហ្គែល ធ្វើជាអធិការបតីអាល្លឺម៉ង់ក្នុងអាណត្តិទីបួននៅថ្ងៃពុធទី ១៤ ខែមីនានេះ។ ការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋាភិបាលថ្មីនេះធ្វើឡើង ក្រោយអ្នកនយោបាយអាល្លឺម៉ង់ដោះស្រាយវិបត្តិជាប់គាំងនយោបាយដែលអូសបន្លាយរយៈពេលប្រហែលកន្លះឆ្នាំ មកនេះដោយជោគជ័យ។
ចុងក្រោយ នៅថ្ងៃពុធ ទី ១៤ ខែមីនានេះ លោកស្រី អែនជេឡា មឺហ្គែល ត្រូវបានសភាអាល្លឺម៉ង់បោះឆ្នោតគាំទ្រជាអធិការបតីជាថ្មីទៀតសម្រាប់អាណត្តិទីបួន ដោយសំឡេងគាំទ្រ ៣៦៤ ទល់ ៣១៥ សំឡេង ខណៈដែលសមាជិកសភាប្រាំបួននាក់ផ្សេងទៀតបោះឆ្នោតអនុប្បវាទ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រោយការបោះឆ្នោតនេះ លោកស្រី មឺហ្គែល ត្រូវទទួលបានការតែងតាំងជាផ្លូវការពីប្រធានាធិបតី Frank-Walter Steinmeier មុនពេលលោកស្រីស្បថចូលកាន់តំណែងនៅថ្ងៃនេះនោះ។
ពេលបោះឆ្នោតក្នុងសភាជាន់ទាប Bundestag លោកស្រីបាននិយាយដូច្នេះ៖ «ខ្ញុំទទួលយកការបោះឆ្នោតនេះ»។ បន្ទាប់មកគេលឺសូរសំឡេងហ៊ោរ និងទះដៃអបអរសាទរលោកស្រីផងដែរ ហើយស្វាមីលោកស្រី លោក Joachim Sauer និងម្តាយលោកស្រីដែលមានវ័យ ៨៩ ឆ្នាំលោកស្រី Herlind Kasner ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
តាមពិតទៅសមាជិកសភាចាប់ផ្តើមបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោកស្រី ក្រោយពេលដែលវិបត្តិជាប់គាំងនយោបាយដែលមានរយៈពេលប្រហែលកន្លះឆ្នាំនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ ក្រោយការឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះ។
ការបោះឆ្នោតខែកញ្ញា គណបក្សស្តាំនិយមដែលប្រើប្រាស់គោលនយោបាយប្រជាឧបាយ (Populist) បានកើនប្រជាប្រិយភាពគួរឲ្យកត់សម្គាល ដែលធ្វើឲ្យគណបក្សដទៃផ្សេងទៀតនោះចុះខ្សោយ ហើយក៏ធ្វើឲ្យបក្សលោកស្រី មឺហ្គែល សហភាពប្រជាធិបតេយ្យគ្រឹស្ត (CDU) បាត់បង់សំឡេងភាគច្រើនដែលធ្លាប់មានផងដែរ។ ដូច្នេះហើយបានជាលោកស្រីត្រូវបង្ខំចិត្តមកចងសម្ព័ន្ធមិត្តជាមួយគណបក្សកណ្តាលនិយមលម្អៀងឆ្វេង សង្គមប្រជាធិបតេយ្យ (SDP) នោះដើម្បីឈានទៅបង្កើតរដ្ឋាភិបាលរួមគ្នា។ គេបារម្ភថា រដ្ឋាភិបាលចម្រុះនេះអាចនឹងបែកបាក់គ្នាផងនៅពេលណាមួយខាងមុខ មុនចប់អាណត្តិ។
ក្រោយពីស្បថចូលកាន់តំណែងជាថ្មីហើយ លោកស្រី នឹងធ្វើដំណើរទៅកាន់ក្រុងប៉ារីសដើម្បីជួបជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដោយមេដឹកនាំទាំងពីរនឹងជជែកពីផែនការកែទម្រង់សហភាពអឺរ៉ុបមុនកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបផង។ ម៉ាក្រុង ធ្លាប់ព្រមានថា បើអាល្លឺម៉ង់មិនចូលរួមក្នុងការជំរុញការកែទម្រង់អឺរ៉ុបទេ គម្រោងកែទម្រង់សហភាអឺរ៉ុបរបស់លោកនឹងអាចបរាជ័យផង៕
Tag:
អែនជេឡា មឺហ្គែល
អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com