NPCC យក​ការប្រកួត​ជើងឯក​ជនពិការ​ប្រចាំឆ្នាំ ដើម្បី​មើល​ធនធាន​ជម្រើសជាតិ​

កីឡាជាតិ
ជាតិ
NPCC យក​ការប្រកួត​ជើងឯក​ជនពិការ​ប្រចាំឆ្នាំ ដើម្បី​មើល​ធនធាន​ជម្រើសជាតិ​
14, Mar 2018 , 5:39 pm         1847
រូបភាព
​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​(NPCC) បាន​ប្រើការ​ប្រកួត​កីឡាអត្តពលកម្ម​ជនពិការ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ ដើម្បី​មើល​ធនធាន​កីឡាករ​ជម្រើសជាតិ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នា​ឆ្នាំ​២០២៣​។ ជាក់ស្តែង ក្នុងចំណោម​កីឡាករ​៣៦​រូប ដែល​ចូលរួម​ឆ្នាំនេះ NPCC ស​ម្លឺ​ង​ឃើញ​កីឡាករ​ចំនួន​១២​រូប ដែល​ពួកគេ​សុទ្ធសឹង​ជា​កីឡាករ​ចំណូល​ថ្មី​។



​នា​ការប្រកួត​កីឡាអត្តពលកម្ម​ជនពិការ​កម្ពុជា​លើក​ទី​២ ដែលមាន​ការសម្រិតសម្រាំង​កីឡាករ​ចូលរួម គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​សម្លឹង​ឃើញ​យុវជន​មាន​ទេពកោសល្យ​ចំនួន​១២​រូប ដើម្បី​អភិវឌ្ឍន៍​ត្រៀម​ចូលក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​។ ការប្រកួត​កីឡាអត្តពលកម្ម​ជនពិការ​កម្ពុជា​ឆ្នាំនេះ មាន​កីឡាករ​៣៦​រូប​ចូលរួម​។



«​តាមរយៈ​ការប្រកួត​នេះ​យើង​អាច​រកបាន​អត្ត​ព​លិ​ក​ឆ្នើម​ចូល​ជា​ជម្រើសជាតិ ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កីឡាករ​ថ្មី​ចេះតែមាន​ការកើនឡើង​។ ជាក់ស្តែង​ក្នុងចំណោម​កីឡាករ​៣៦​នាក់​ចូលរួម​ឆ្នាំនេះ គឺមាន​កីឡាករ​ថ្មី​ជា​យុវជន​១២​នាក់ ដែល​យើង​ត្រូវ​កសាង​ត្រៀម​ទុក​ចូល​ជម្រើសជាតិ និង​ទៅ​ចូលរួម​ប្រកួត​ខ្នាត​អន្តរជាតិ​ផ្សេងៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យី វាសនា​។

​លោក​បាន​បន្ថែមថា​៖«​យើង​កំពុង​ជំរុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​យើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ដូច្នេះ កីឡាករ​ត្រូវតែ​ខិតខំ​ហ្វឹកហាត់ ដើម្បី​បាន​គុណភាព​ខ្ពស់ សម្រាប់​ឆ្ពោះទៅកាន់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០-១១ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជា​លទ្ធផល​កីឡាករ កីឡាការិនី​ស្ទើរតែ​អស់​សុទ្ធតែ​ទទួលបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​នេះ​ទុកជា​អនុស្សាវរីយ៍​។ តែ​ពួកគេ​មិន​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​នោះទេ ពោលគឺ​បាន​ត្រឹម​ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ការហូបចុក​រយៈពេល​ពី​រ​ថ្ងៃ​តែប៉ុណ្ណោះ​។​



​ការប្រកួត​នេះ​រៀបចំ​ដោយ​គណៈកម្មាការ​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ក្រោម​ការសហការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ជប៉ុន Heart of Gold​។ នៅក្នុង​ពិ​ធិ​បិទ​ការប្រកួត​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕ 

Tag:
 NPCC
  ប៉ា​រ៉ា​ឡាំ​ពិ​ក​
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com