កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Chelsea ៖ Messi ជា​កីឡាករ​អស្ចារ្យ​ដែល​អាច​ឃើញ​រាល់​៥០​ឆ្នាំ​ម្តង​ប៉ុណ្ណោះ​
15, Mar 2018 , 11:44 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​លោក Antonio Conte បាន​កោតសរសើរ Lionel Messi ថា​ជា​កីឡាករ​មាន​ទេពកោសល្យ​ដាច់​គេ​លើ​លោក ដែល​យើង​អាច​ឃើញ​ក្នុង​រយៈពេល​តែ ៥០​ឆ្នាំ​ម្តង​ប៉ុណ្ណោះ​។ អ្នកចាត់ការ Chelsea លើកឡើង​បែបនេះ ក្រោយ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​១​គ្រាប់​ជួយ Barcelona យកឈ្នះ​ក្រុម​លោក​ក្នុង​ការប្រកួត​ជើង​ទី​២ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ EUFA Champions League នៅ​រាត្រី​ថ្ងៃទី ១៤ ខែមីនា​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ Theguardian​។​



Messi ជា​តួអង្គ​សំខាន់​ជាងគេ​ដែល​នាំ​ឲ្យ Barcelona អាច​យកឈ្នះ Chelsea រហូតដល់​ទៅ ៣-០ ក្នុងការ​ប្រកួត​ជើង​ទី​២ ដើម្បី​ឈានទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​។​
២​គ្រាប់​របស់​ខ្សែប្រយុទ្ធ​វ័យ​៣០ សុទ្ធតែ​ធ្វើបាន​ដោយ​ការ​ស៊ុត​តាម​ប្រលោះ​ជើង​អ្នកចាំទី Thibaut Courtois ហើយ​រូបគេ​ក៏​ជា​អ្នក​បញ្ជូន​បាល់ (Asisst) ឲ្យ Ousmane Dembele ស៊ុត​ចូល​១​គ្រាប់​ដែរ​។​



​ការបង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​នៅលើ​ទីលាន​របស់ Messi បានធ្វើ​ឲ្យ លោក Conte មិន​សរសើរ​មិនបាន​។ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​និយាយថា​៖«​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​បាន​ផ្លាស់ប្តូរ​លទ្ធផល​ចុងក្រោយ និង​ប្តូរ​អ្វី​គ្រប់យ៉ាង​សម្រាប់​ការ​ប្រ​កូត​ទាំងពីរ​ជើង​»​។

​អតីត​អ្នកចាត់ការ Juventus វ័យ​៤៨​ឆ្នាំរូបនេះ ​ក៏បាន​អរគុណ​កូនក្រុម​របស់ខ្លួន​ដែល​បាន​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ទាំងពីរ​ជើង ប៉ុន្តែ​ពួកយើង​គ្មាន​សំណាង ព្រោះ Messi បាន​ផ្លាស់ប្តូរ​គ្រប់​យ៉ាង​។​

Conte បាន​បន្ថែមថា​៖«​ខ្ញុំ​ត្រូវតែ​សរសើរ​ការប្តេជ្ញាចិត្តរ​បស់​កីឡាករ​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​ព្រោះ​ពួកគេ​បានផ្តល់​អ្វី​គ្រប់យ៉ាង​។ ប៉ុន្តែ Messi បានធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែកគ្នា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​សរសើរ​គេ​មិនបាន​។ ការសរសើរ​នរណាម្នាក់​ដូចជា Messi គឺ​យើង​ត្រូវតែ​ធ្វើ​។ យើង​កំពុងនិយាយ​ពី​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ល្អ​បំផុត​នៅលើ​លោក ហើយ​តែងតែ​រក​គ្រាប់​បាល់​បាន ៦០​គ្រាប់​ក្នុង​១​រដូវ​កាល​។ កំពូល​កីឡាករ​ប្រភេទ​នេះ គឺ​កើតមានឡើង​តែ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ម្តង​ប៉ុណ្ណោះ​»​។​



២​គ្រាប់​របស់ Messi ក៏បាន​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡា​ករទី​២​ដែល​អាច​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះដែរ បន្ទាប់ពី​គូរ​ប្រជែង Cristiano Ronaldo ធ្វើបាន ១១៧​គ្រាប់​។​

​ក្រៅពី Barcelona ដែល​អាច​ឈានទៅ​វគ្គ​បន្ត ក្រុម​មកពី​អាល្លឺម៉ង់ Bayern Munich ក៏បាន​កៅអី​ទៅ​វគ្គ​១/៤​ចុងក្រោយ​ដែរ បន្ទាប់ពី​យកឈ្នះ Besiktas ៣-១ ក្នុង​ជើង​ទី​២​។​
៨​ក្រុម​ដែល​ឆ្លង​ផុត​វគ្គ​១/៨ ពានរង្វាន់ Champions League រួមមាន Manchester City, Liverpool, Juventus, Real Madrid, Roma, Sevilla, Bayern Munich និង Barcelona៕



Tag:
 បាល់​ទាត់​
  EUFA Champions League
  Lionel Messi
  Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com