ជាតិ
កម្ពុជាក្នុងផ្លូវបំបែក? អ្នកនាំពាក្យថា លោកស្រី ស្មីត និយាយដោយមិនផ្សារភ្ជាប់ការពិត លោកស្រី រ៉ូណា ស្មីត វាយតម្លៃថា កម្ពុជាដើរដល់ផ្លូវបំបែក តែលោក សុខ ឥសាន ច្រានចោល ហើយថា ជាការវាយតម្លៃមិនផ្អែកលើស្ថានភាពពិត
× ភ្នំពេញ៖ អ្នករាយការណ៍ឲ្យអង្គការសហប្រជាជាតិ មើលឃើញថា កម្ពុជា កំពុងប្រាសចាកពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច ថ្លែងការពារថា ការមើលឃើញនេះ មិនបង្ហាញពីសច្ចភាព និងភាពជាក់ស្តែងនៅកម្ពុជាឡើយ។
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានវាយតម្លៃជារួមថា ប្រទេសកកម្ពុជា កំពុងធ្លាក់ចុះជាគំហុកនូវសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និងប្រជាធិបតេយ្យ ខណៈការបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់។ ទំនងដោយសារតែមិនស្ថិតក្នុងគន្លងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបែបនេះហើយ ទើបបានជាលោកស្រី លើកឡើងថា កម្ពុជា ដើរដល់ផ្លូវបំបែក។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងបែបនេះថា៖«ប្រទេសកម្ពុជា មកដល់ផ្លូវបំបែកដ៏សំខាន់មួយ។ ដូច្នេះ ត្រូវតែចាប់យកសិទ្ធិមនុស្ស ដែលចាំបាច់មិនអាចខ្វះបាន ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព»។
ប្រសាសន៍ខាងលើរបស់លោកស្រី រ៉ូណា ស្មីត ត្រូវបានមន្ត្រីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន។ សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ ក្រោយពីលោកស្រី បញ្ចប់ទស្សកិច្ចរយៈពេល១0ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២0១៨។
បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី រ៉ូណា ស្មីត បានលើកឡើងនូវទឡ្ហីករណ៍ជាច្រើន ដែលជាមូលហេតុ ទាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឲ្យដើរថយក្រោយ។ ទឡ្ហីករណ៍ទាំងនោះ មានដូចជា ការរំលាយបក្សប្រឆាំង ការចាប់លោក កឹម សុខា ការរឹតត្បិតសង្គមស៊ីវិល ការប្រើច្បាប់ ដើម្បីកាត់បន្ថយសិទ្ធិសេរីភាព ការបិទសារព័ត៌មាន ភាពចង្អៀតនៃប្រើសេរីភាពខាងបញ្ចេញមតិ និងសេរីភាពខាងប្រមូលផ្តុំ ជាដើម។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ពីសម្តីរបស់លោកស្រី យ៉ាងដូច្នេះថា៖«ការរឹតត្បិតសំឡេងប្រជាជនកម្ពុជា នៅទីបំផុតអាចគំរាមកំហែងដល់ស្ថិរភាពយ៉ាងពិតប្រាកដ»។
ក្រៅពីសេចក្តីប្រកាសព័ត៌មាន លោកស្រី រ៉ូណា ស្មីត ក៏បានសរសេរសេចក្តីថ្លែងការណ៍មួយដោយផ្ទាល់ដៃផងដែរ ដែលបង្ហាញពីការមើលឃើញជារួមរបស់លោកស្រី មកលើស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្តីថ្លែងការណ៍កម្រាស់៤ទំព័រជាភាសាអង់គ្លេស់ និងត្រូវបានបកប្រែជាភាសាខ្មែរកម្រាស់៥ទំព័រ បានបង្ហាញពីចំណុចអវិជ្ជមានជាច្រើនផ្នែកសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និងប្រជាជាធិបតេយ្យ ដូចទៅនឹងសេចក្តីប្រកាសព័ត៌មានដែរ។
តាមរយៈសេចក្តីថ្លែងការណ៍ លោកស្រី រ៉ូណា ស្មីត បានចាត់ទុកការហាមឃាត់ថ្នាក់នាំ១១៨រូបនៃគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ និងការយកអាសនៈនៃគណបក្សនេះ ទៅឲ្យគណបក្សដទៃ ថាការបដិសេធនូវសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជ្រើសរើសអ្នកតំណាង។ លោកស្រី អំពាវនាវឲ្យមានការពិចារណាឡើងវិញចំពោះការដកសិទ្ធិនយោបាយរបស់ក្រុមអ្នកប្រឆាំង។ លើសពីនេះ លោកស្រី ថែមទាំងអំពាវនាវឲ្យការពារនិងធ្វើឲ្យប្រសើរឡើងវិញ នូវសេរីភាពនៃការបង្កើតសមាគម សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការប្រមូលផ្តុំ។
លោកស្រី រ៉ូណា ស្មីត ក៏មានកង្វល់ផងដែរ ចំពោះការបង្កើតនិងការកែប្រែច្បាប់នៅកម្ពុជា។ លោកស្រី បានទាមទារ ឲ្យមានការពិភាក្សាឲ្យល្អិតល្អន់ និងមានការចូលរួមយ៉ាងទូលំទូលាយ ក្នុងការបង្កើតនិងការកែប្រែច្បាប់ណាមួយ។ ចំណែក ការអនុវត្តច្បាប់វិញ ក៏មានបញ្ហាដូចគ្នា ចំពោះការមើលឃើញរបស់លោកស្រី។ លោកស្រី ហ៊ានអះអាងថា ការទទួលបានយុត្តិធម៌ នៅតែត្រូវបានបដិសេធចំពោះមនុស្សជាច្រើន។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិខាងលើ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ខ្ញុំ បានសម្តែងកង្វល់ចំពោះការអត្ថាធិប្បាយនានា ដែលផ្តោតតែទៅលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាជាងការអត្ថាធិប្បាយពីសិទ្ធិមនុស្ស។ ខ្ញុំ សូមបញ្ជាក់ជាថ្មីថា សិទ្ធិមនុស្ស គឺសំខាន់ខ្លាំងណាស់ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សិទ្ធិមនុស្សមិនអាចត្រូវបានគោរពដោយអន្លើរៗ ឬមើលរំលងនោះទេ ហើយក៏មិនអាចបោះបង់ចោលដែរ។ សន្តិភាព ដែលខ្វះយុត្តិធម៌ គឺមិនស្ថិតស្ថេរឡើយ ហើយការអភិវឌ្ឍដែលខ្វះសេរីភាព គឺជាការបោះបង់ប្រជាជនចោល»។
រយៈពេល១០ថ្ងៃនៃទស្សនកិច្ចនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជួបថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ដែលរួមមាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក អូន ព័ន្ធមុនី្នរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក យូ ឧត្តរា អនុប្រធានតុលាការកំពូល លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក សិក ប៊ុនហុក ប្រធានគ.ជ.ប និងលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ ក្រៅពីនេះ លោកស្រី ក៏ជួបជាមួយភាគីពាក់ព័ន្ធផ្សេងទៀតដែរ មានដូចជាតំណាងសង្គមស៊ីវិល តំណាងគណបក្សនយោបាយ និតំណាងសហគមន៍ ជាដើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមកឆ្លើយតបនឹងលោកស្រី រ៉ូណា ស្មីត ចំពោះការមើលឃើញក្នុងផ្លូវអវិជ្ជមានមកលើកម្ពុជា។ លោក អះអាងថា ការសន្និដ្ឋាន និងការវាយតម្លៃរបស់លោកស្រី រ៉ូណា ស្មីត គឺមិនផ្សារភ្ជាប់ទៅនឹងការពិត នៅកម្ពុជានោះទេ។
លោក សុខ ឥសាន បកស្រាយថា ក្រុមប្រឆាំង បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ទើបរងនូវចំណាត់ការពីតុលាការ។ អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងការបោះឆ្នោតខាងមុខ ទោះបីគ្មានបក្សប្រឆាំង ក៏នៅតែមានប្រជាធិបតេយ្យសេរីពហុបក្សដែរ។ បើប្រទេសខ្លះមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏នៅមានប្រទេសជាច្រើនទៀតទទួលស្គាល់ដែរ។ ប្រជាធិបតេយ្យនៅកម្ពុជានៅតែរឹងមាំនិងរីកចម្រើន»។
លោក សុខ ឥសាន បន្តថា កម្ពុជា បានបើកសិទ្ធិយ៉ាងទូលំទូលាយ សម្រាប់អង្គការសង្គមស៊ីវិល ដែលមានដល់រាប់ពាន់ នាពេលបច្ចុប្បន្ន។ លោក បន្ថែមថា សេរីភាពនៃការបញ្ចេញមតិ ក៏ត្រូវបានបើកទូលំទូលាយដែរ ដោយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។
មិនមែនតែលោកស្រី រ៉ូណា ស្មីត នោះទេ សហគមន៍អន្តរជាតិនានា ក៏រិះគន់រដ្ឋាភិបាលកម្ពុជាដែរ ថាធ្វើឲ្យមានវិបត្តិផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សហគមន៍អន្តរជាតិទាំងនោះ ទាមទារឲ្យរដ្ឋាភិបាល ផ្តាស់ប្តូរឥរិយាបទ ដើម្បីកែលម្អស្ថានភាពឡើងវិញ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលនិងបក្សកាន់អំណាច យល់ថា អ្វីដែលខ្លួនធ្វើកន្លងមក គឺត្រឹមត្រូវ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយក៏ព្រមានត្រឡប់ទៅវិញ កុំសហគមន៍អន្តរជាតិលូកដៃចូល៕
© រក្សាសិទ្ធិដោយ thmeythmey.com