ជាតិ
អគ្គិសនី​សៀមរាប​ផ្អាក​ការផ្គត់ផ្គង់​នៅ​ថ្ងៃទី​១៨​មីនា ដើម្បី​ត្រួតពិនិត្យ​បណ្តា​អនុ​ស្ថានីយ៍​
16, Mar 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ អគ្គិសនី​ខេត្តសៀមរាប នឹង​ផ្អាក​រាល់​ការផ្គត់ផ្គង់​ទាំងស្រុង​នៅ​ថ្ងៃទី​១៨ ខែមីនា​។ ការផ្អាក​នេះ ដោយសារ​មានការ​ចុះ​ត្រួតពិនិត្យ និង​ថែទាំ បណ្តា​អនុ​ស្ថានីយ៍​ចំនួន ៥ ដែល​ភ្ជាប់​ពី​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប​។​



​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​សៀមរាប ចុះ​ថ្ងៃទី​១៥ ខែមីនា ការផ្អាក​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែមីនា ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​រសៀល នៅ​អនុ​ស្ថានីយ៍​អគ្គិសនី​សៀមរាប​ទី​១ និង​អនុ​ស្ថានីយ៍​អគ្គិសនី​សៀមរាប​ទី​២ ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ២​រសៀល តែ​តំបន់​ខ្លះ​ក្នុង​ក្រុង​សៀមរាប​អាច​នឹងមាន​អគ្គិ​សី​ប្រើ​ធម្មតា ដែល​ផ្គត់ផ្គង់​ដោយ​ថាមពល​រោងចក្រ​អគ្គិសនី​កម្លាំង ១០MW​។

​ក្នុងនោះដែរ អគ្គិសនី​សៀមរាប នឹង​ផ្លាស់ប្តូរ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី នៅ​ទីតាំង​អនុ​ស្ថានីយ៍​សៀមរាប​ទី​១ និង​ទី​២ ដែលមាន​ប្រភពពី​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៧ មីនា នៅវេលា​ម៉ោង ៥​ព្រឹក ដោយ​ប្តូរ​មក​ប្រភព​ផ្គត់ផ្គង់​ដូចដើម​វិញ​នៅ​ម៉ោង ៥​រសៀល​។​

​អគ្គិសនី​កម្ពុជា​ប្រាប់​ពី​មូល​ហេតុថា ការផ្អាក​នៅ​អនុ​ស្ថានីយ៍​នៅ​ខេត្តសៀមរាប ដោយសារ​ខេត្ត​នេះ មាន​ប្រភព​មួយ​ខ្សែ ដែលមាន​កម្លាំង ១១៥ KV (​គីឡូវ៉ាត់​) ពី​បន្ទាយមានជ័យ នោះ គឺ​ដើម្បី​ត្រួតពិនិត្យ ថែ ព្រោះ​កន្លងមក​អគ្គិសនី​បាន​លើក​ការត្រួតពិនិត្យ​នេះ​រយៈពេល​៣​ឆ្នាំ​មកហើយ តែ​ឆ្នាំនេះ ត្រូវការ​ត្រួតពិនិត្យ​ជា​ចាំបាច់​។

​តាម​សេចក្តីជូនដំណឹង អគ្គិសនី​កម្ពុជា​ចុះ​ថ្ងៃទី​១៤ រាជរដ្ឋាភិបាល​បានដាក់​ទិសដៅ​ក្នុង​ការសាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០KV ពី​ខេត្តបាត់ដំបង មក​ខេត្តសៀមរាប   ដើម្បី​ផ្តល់​ប្រភព​ផ្គត់ផ្គង់​មួយទៀត ដែលមាន​ស្ថេរភាព និង​កម្លាំង​ធំ​ជាង​មុន ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​។ អគ្គិសនី​កម្ពុជា​បន្ថែមថា នៅពេល​ខ្សែ​បញ្ជូន​ថ្មី​នេះ​ដំណើរការ ការផ្គត់ផ្គង់​នឹងមាន​និរន្តរភាព​ជាង​ពេលបច្ចុប្បន្ន ហើយ​នៅពេល​មានការ​ត្រួតពិនិត្យ ជួសជុល​ថែទាំ​បែបនេះ នឹងមិន​មានការ​អាក់ខាន​ការផ្គត់ផ្គង់​ជា​ទ្រង់ទ្រាយ​ធំ​បែបនេះ​ឡើយ​៕


Tag:
 អគ្គិសនី​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com