កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប៉ះ​សម្តី​ជាមួយ​ប្រធាន​ក្លិប Man Utd ខណៈ PSG ចំហ​ទ្វារ​ស្វាគមន៍​
15, Mar 2018 , 10:39 pm        
រូបភាព
​ក្លិប Paris Saint-Germain បាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​នាំយក​លោក Jose Mourinho មក​ដឹកនាំ​ក្រុម ប្រសិនបើ Manchester United មិន​គាំទ្រ​អ្នកចាត់ការ​រូបនេះ​ក្នុងការ​ផ្តល់​ទឹកប្រាក់​បន្ថែម​ដើម្បី​ទិញ​ចូល​កីឡាករ​មក​ពង្រឹង​ក្រុម​នៅពេល​ទី​ផ្សាយ​ដូរ​ដោះ​កីឡាករ​បើកទ្វារ​រដូវ​កាល​ក្រោយ​។​



​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស​និយាយ​ដូច្នេះ​បន្ទាប់ពី​លឺដំណឹង​ថា​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ប៉ះទង្គិច​សម្តី​គ្នា​ជាមួយ​ក្រុមប្រឹក្សាភិបាលរ​បស់​ក្លិប​រហស្សនាម​បិសាច​ក្រហម​អំពី​ចំនួន​ថវិការ​ដែល​ត្រូវ​ចំណាយ​លើ​ការផ្ទេ​កីឡាករ​នៅ​រដូវក្តៅ​ខាងមុខ​។​

​បន្ទាប់ពី​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​នៃ​ពានរង្វាន់ UEFA Champions League ក្រោម​ថ្វៃ​ជើង Sevilla យ៉ាង​អាម៉ាស​នោះ Mourinho បាន​ទទូច​ទៅកាន់​ក្លិប​ថា​លោក​ត្រូវការ​លុយ​ច្រើន​ទៀត​ដើម្បី​ចំណាយ​សម្រាប់​ការប្រកួតប្រជែង​ទាំង​ពាន​ក្នុងស្រុក និង​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​

​ប៉ុន្តែ​បើតាម​ការផ្សាយ​របស់ The Mirror ក្រុមប្រឹក្សា Man Utd មានការ​ស្ទាក់ស្ទើរ​ក្នុងការ​បំពេញ​តាម​ការទាមទារ​របស់​អ្នកចាត់ការ​រហស្សនាម Special One ត្បិត​ធ្លាប់​ផ្តល់​ការចំណាយ​រហូតដល់ ៣០០​លាន​ផោន (​ជិត​៤២០​លាន​ដុល្លារ​) រួចមកហើយ ចាប់តាំងពី​លោក​ឡើង​ដឹកនាំ​ក្នុង​ឆ្នាំ​២០១៦​មក​។​



​ដំណឹង​ខាងលើនេះ​បានធ្វើ​ឲ្យ​ខាង​ភាគី PSG មានសង្ឃឹម​ក្នុងការ​នាំយក​អ្នកចាត់ការ​វ័យ ៥៤​ឆ្នាំ​មក​ដឹកនាំ​ក្រុម​ជំនួស​លោក Unai Emery ដែល​កំពុង​ដឹកនាំ​បច្ចុប្បន្ន ស្របពេល Mourinho និង Man Utd កំពុង​ប្រេះឆា​។​

​មួយវិញទៀត​កាលពី​ខែតុលា​កន្លងទៅ អតីត​អ្នកចាត់ការ Real Madrid និង​Cheslea រូបនេះ ធ្លាប់បាន​ផ្តល់​កិច្ច​សម្ភាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​បង្ហាញ​ការចាប់អារម្មណ៍​ជាមួយ​ក្រុម​កំពុង​នាំមុខគេ​នៃ​លី​ក​កំ​ពូ​បារាំង​នេះដែរ​។ តែ​យ៉ាងណា Mourinho ក៏បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​មាន​មួលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​រហូតដល់​ឆ្នាំ ២០២០ រួចទៅហើយ​៕


Tag:
 បាល់ទាត់​
  Manchester United
  Paris Saint-Germain
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com