ជាតិ
សម្ដេច ហ៊ុន សែន នឹង​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​៨០០​នាក់
16, Mar 2018 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ៨០០​នាក់ នៅ​ព្រឹក​ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ ។​សម្តេច ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃទី​១៦-១៨ មីនា នាទី​ក្រុង​ស៊ីដនី ។​



​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ រសៀល​ថ្ងៃទី​១៦ មីនា (​ម៉ោង​នៅ​អូស្ត្រាលី​) មុននឹង​សម្តេច​បន្ត​ជួបប្រជុំ​ជាមួយ លោក Jeremy Johnson ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អូស្ត្រាលី​ផងដែរ​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា សម្តេច ហ៊ុន សែន រួមទាំង​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាស៊ាន និង​អូស្ត្រាលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ រវាង​លោក ប៉េ​ហាំង ដា​តូ លឹម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកស្រី ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។​

​វត្តមាន​សម្ដេច ហ៊ុន សែន នៅលើ​ទឹកដី​អូស្ត្រាលី មាន​ទាំង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ហើយ​ក៏មាន​ក្រុម​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វត្តមាន​សម្ដេចនាយករ​ដ្ឋ​មន្ត្រី​ផងដែរ​៕


Tag:
 ហ៊ុន សែន​
 ​ អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com