អន្តរជាតិ
ករណីបំពុលអតីតចារកម្មរុស្ស៊ី៖ អង់គ្លេស និងរុស្ស៊ីបន្តសង្គ្រឺតធ្មេញដាក់គ្នា អតីតចារកម្មរុស្ស៊ី Skripal ដែលរងការវាយប្រហារដោយសារធាតុគីមី (រូបភាព៖ AFP)
× ករណីបំពុលអតីតចារកម្មរុស្ស៊ីធ្វើការឲ្យអង់គ្លេស Sergei Skripal កំពុងតែធ្វើឲ្យទំនាក់ទំនងរវាងក្រុងឡុងដ៍ និងក្រុងមូស្គូ ដុនដាបខ្លាំងទៅៗ។ រដ្ឋាភិបាលអង់គ្លេសបានចោទរុស្ស៊ីថា នៅពីក្រោយរឿងនេះ តែរុស្ស៊ីបានបដិសេធដាចណាត់ និងបានទាមទាររកភស្តុតាងដើម្បីបញ្ជាក់ថា ខ្លួនប្រើប្រាស់សារធាតុគីមីដើម្បីសម្លាប់លោក Skripal មែន។ អាមេរិកឯណោះវិញ និងប្រទេសអឺរ៉ុបខ្លះទៀត ក៏ចេញមុខចោទរុស្ស៊ីចំៗដែរ។ ក្រៅពីបដិសេធ រុស្ស៊ីក៏គំរាមចាត់វិធានការតបតអង់គ្លេសវិញទៀត។
អង់គ្លេស និងរុស្ស៊ី នៅតែបន្តវាយប្រហារទៅមកលើករណីប៉ុនប៉ងសម្លាប់អតីតចារកម្មរុស្ស៊ី Sergei Skripal និងកូនស្រី Yulia កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ។ ហេតុការណ៍នេះកើតឡើងនៅឯ Salisbury ដោយអង់គ្លេសរកឃើញថា អ្នកទាំងពីរនេះត្រូវបានវាយប្រហារដោយសារធាតុគីមី Novichok ។ អង់គ្លេសបានចោទរុស្ស៊ីថា នៅក្រោយរឿងនេះព្រោះរុស្ស៊ីទើបមានសារធាតុគីមីហាមឃាត់ប្រភេទនេះ។
ទោះជារុស្ស៊ីទាត់ចោលការចោទប្រកាន់ទាំងអស់ក្ដី រដ្ឋាភិបាលក្រុងឡុងដ៍បានចាត់វិធានការឆ្លើយតបរួចហើយ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េយ៍ បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីចំនួន២៣នាក់ពីទឹកដីអង់គ្លេស ដោយអះអាងថា ពួកគេជាមន្ត្រីចារកម្ម។ ជាមួយគ្នានោះ ក៏គ្មានសមាជិករាជវង្សណា ឬរដ្ឋមន្ត្រីណារបស់អង់គ្លេសទៅចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ហើយការចរចាថ្នាក់ខ្ពស់ទ្វេភាគីក៏ត្រូវផ្អាកដែរ។
ងាកទៅរករុស្ស៊ីវិញ បើអង់គ្លេសហ៊ានបណ្ដេញមន្ត្រីទូតរបស់ខ្លួន រុស្ស៊ីក៏មិននៅស្ងៀមដែរ ដោយរុស្ស៊ីក៏នឹងបញ្ជូនមន្ត្រីទូតអង់គ្លេសឲ្យត្រឡប់ទៅស្រុកវិញដែរ។ យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Gavin Williamson បានប្រាប់ឲ្យរុស្ស៊ីបិទមាត់ និងដើរចេញឲ្យឆ្ងាយ ក៏ដូចជាមិនត្រូវតបតនឹងវិធានការរបស់អង់គ្លេសឡើយ ព្រោះបើហ៊ានមានចំណាត់ការតបនោះ អង់គ្លេសនឹងពិចារណាបញ្ចេញវិធានការថែមទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC ។
១. បារាំង អាល្លឺម៉ង់ និងអាមេរិកគាំទ្រអង់គ្លេស តែចិនស្នើឲ្យរក្សាការអត់ធ្មត់
អង់គ្លេសបានយកករណីបំពុលលោក Skripal អតីតចារកម្មរុស្ស៊ីតែធ្វើការឲ្យអង់គ្លេស ទៅកាន់កិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ។ បារាំង អាល្លឺម៉ង់ និងអាមេរិក បានគាំទ្រអង់គ្លេសពេញមួយទំហឹងលើករណីនេះ។ តំណាងអង់គ្លេស Jonathan Allen និយាយថា អង់គ្លេសរកឃើញភស្តុតាងបញ្ជាក់ពីការទទួលខុសត្រូវរបស់រុស្ស៊ីលើការប៉ុនប៉ងសម្លាប់លោក Skripal និងចាត់ទុកទង្វើរបស់រុស្ស៊ីជាការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងសមាជិកអង្គការសហប្រជាជាតិ។
ចំណែកឯតំណាងបារាំង និងអាមេរិក សុទ្ធតែបានបង្ហាញជំហរជឿជាក់លើការស៊ើបអង្កេតរបស់អង់គ្លេស។ ប្រេសិតបារាំងប្រចាំងអង់គ្លេសសហប្រជាជាតិលោក Francois Delattre លើកឡើងថា ករណីលោក Skripal បង្ហាញពីការឈានដល់ដំណាក់កាលថ្មីទៀតនៃការប្រើប្រាស់សារធាតុគីមីហាមឃាត់។ ប៉ុន្តែចិនឯណោះវិញ បានស្នើឲ្យមានអត់ធ្មត់ ហើយអ្នកនាំពាក្យក្រសួងការបរទេសនិយាយថា រុស្ស៊ី និងអង់គ្លេស គួរដោះស្រាយបញ្ហានេះតាមសម្រួលវិញ។
២. អង់គ្លេសនឹងអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យ
ទោះជាការស៊ើបអង្កេតរបស់ខ្លួនរកឃើញថា រុស្ស៊ីពិតជាបានប្រើប្រាស់សារធាតុហាមឃាត់ក្ដី រដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន និយាយថា អង់គ្លេសនឹងអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្វែងរកការពិត។ បើតាមសម្ដីរដ្ឋមន្ត្រីរូបនេះ អង់គ្លេសនឹងផ្ដល់ឱកាសឲ្យអ្នកជំនាញនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ប្រចាំទីក្រុងឡាអេ ដើម្បីវិនិច្ឆ័យលទ្ធផលរកឃើញរបស់ខ្លួនជុំវិញករណីវាយប្រហារលើលោក Skripal និងកូនស្រី។
នៅទីក្រុងមូស្គូឯណោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បន្តនៅតែទាត់ចោលការចោទប្រកាន់របស់អង់គ្លេស។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែមីនា អ្នកនាំពាក្យរូបនេះក៏រិះគន់អង់គ្លេសដែលស្ទាក់ស្ទើរមិនព្រមប្រគល់ភស្តុតាងឲ្យរុស្ស៊ីដូចជាសារធាតុដែលរកឃើញនៅកន្លែងកើតហេតុជាដើម។ បើតាមអ្នកនាំពាក្យដដែល អ្វីដែលរុស្ស៊ីទទួលបាន គឺការឆ្លើយតបដែលគ្មានន័យទៅវិញ។
៣. អ្វីជាសារធាតគីមី Novichok?
បើតាមការអះអាងរបស់អង់គ្លេស លោក Skripal និងកូនស្រី រងគ្រោះដោយសារសារធាតុគីមីហាមឃាត់ឈ្មោះ Novichok ។ Novichok ជាសារធាតុគីមីប្រើប្រាស់ដោយយោធា និងត្រូវបានអភិវឌ្ឍដោយសហភាពសូវៀតនៅទសវត្សរ៍ទី៧០ និងទី៨០ ។ វត្តមានរបស់សារធាតុនេះត្រូវបានទម្លាយដោយលោក Vil Mirzayanov នៅទសវត្សរ៍ទី៩០ តែលោក Mirzayanov បានភៀសខ្លួនទៅអាមេរិកនៅពេលក្រោយមក។
សារធាតុគីមី Novichok មានកម្រិតជាតិពុលខ្លាំងសារធាតុ VX ដល់ទៅ៥ ទៅ៨ដងឯណោះ។ យោធារុស្ស៊ីបានប្រើប្រាស់សារធាតុនេះដើម្បីផលិតជាអាវុធគីមីពុលដោយដាក់ឈ្មោះថា Novichok-5 ។ ពពួកសារធាតុគីមីនេះ មានរូបរាងច្រើនទម្រង់ដោយពេលខ្លះអាចជាវត្ថុរាវដូចទឹក ហើយពេលខ្លះអាចជាវត្ថុរឹងផងដែរ។ ដោយសារហេតុនេះ គេងាយស្រួលដឹកជញ្ជូន ក៏ស្តុកទុកសារធាតុនេះណាស់។ វាត្រូវការពេលតែ៣០វិនាទី ទៅពីរនាទីប៉ុណ្ណោះដើម្បីបញ្ចេញឥទ្ធិពលរបស់វា៕
Tag:
អង់គ្លេស
រុស្ស៊ី
Sergei Skripal
© រក្សាសិទ្ធិដោយ thmeythmey.com