ជាតិ
អគ្គិភ័យ​ត្របាក់​សាល​មហោស្រព​អង្គរ​ខូចខាត​ស្ទើរ​ទាំងស្រុង​
16, Mar 2018 , 2:49 pm        
រូបភាព
​សៀមរាប​៖ អគ្គិភ័យ​បាន​ត្របាក់​ឆេះ​សាល​មហោស្រព​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ដែល​ធ្វើ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។ អគ្គិភ័យ​នេះ បានចាប់ផ្តើម​នៅ​ម៉ោង ៩​កន្លះ រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ទើប​អាជ្ញាធរ​អាច​គ្រប់គ្រង​បាន​។


 

តាមរបាយការណ៍ជាបឋមរបស់ស្នងការនគរបាលខេត្តសៀមរាប ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនៅសាលមហោស្រពអង្គរ បានប្រើប្រាស់ឡានទឹកអស់ ១៨គ្រឿង ដែលចូលរួមចម្រុះស្ថាប័ន។ សម្រាប់មូលហេតុនៃការឆេះនេះ កម្លាំងជំនាញរបស់ស្នងការកំពុងធ្វើការស្រាវជ្រាវនៅឡើយ ប៉ុន្តែជាការសន្និដ្ឋានដំបូង អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

 

បុគ្គលិកនៅសាលមហាស្រពអង្គរ បានប្រាប់សារព័ត៌មានថ្មីៗថា ពួកគេក៏មិនដឹងពីមូលហេតុពិតប្រាកដដែរ គ្រាន់តែអះអាងថា បានឃើញភ្លើងចេញផ្នែកខាងក្រោយនៃអគាររោងមហោស្រព និងបានរាលឆេះយ៉ាងលឿន។ ប្រធានផ្នែកគ្រប់គ្រងអគ្គិភ័យនៅស្នងការនគរបានខេត្តសៀមរាប លោក ភឹង សម្បត្តិ បានថ្លែងថា ក្រុមការងាររបស់លោកពិបាកចូលទៅគ្រប់គ្រងស្ថានការណ៍ ព្រោះថា រោងមហោស្រពសម្បូរឧបករណ៍ជាតិជ័រច្រើន។

 

ផ្នែកកណ្តាលនៃរោងមហោស្រព (កន្លែងទស្សនាការសម្តែង) ត្រូវបានខូចខាតទាំងស្រុង។ ក្នុងហេតុការណ៍ អាជ្ញាធរបានប្រើរថយន្តស្ទួច ដើម្បីឡើងបាញ់នៅដំបូលផងដែរ ព្រោះថា វាមានកម្ពស់ខ្ពស់ ដែលពិបាកឱ្យឡានទឹកបាញ់ដល់។

 

ក្នុងហេតុការណ៍ដ៏អាក្រក់នេះដែរ ធ្វើឱ្យពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅកន្លែងកើតហេតុ គេឃើញអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ខ្នះជើងខ្នះដៃតាំងពីម៉ោង ១០ព្រឹក និងរហូតដល់កម្លាំងចម្រុះគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។ លោកអភិបាលខេត្តបានប្រាប់អ្នកសារព័ត៌មានថា លោកចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ និងសំណូមពរដល់ពលរដ្ឋឯទៀត មានការប្រុងប្រយ័ត្នខ្ពស់ និងកុំហ្វេសប្រហែសចំពោះបញ្ហាអគ្គីភ័យនេះ។

 

មហាជនដែលបានមកដល់កន្លែងកើតហេតុ បានសម្តែងអារម្មណ៍ក្តុកក្ដួល ចំណែកអ្នកគ្រប់គ្រង និងបុគ្គលិកនៅសាលមហោស្រព បានសម្រក់ទឹកភ្នែក ចំពោះការបាត់បង់ទ្រពសម្បត្តិ ក៏ដូចជាការងារដែលពួកគេបាននិងកំពុងធ្វើផងដែរ។

 

គួររម្លឹកថា សាលមហោស្រពអង្គរ មានទីតាំងស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ឬជាប់នឹងបុរីប្រិមប្រិយ។ សំណង់អគារនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនចិន កាហេង និងលោកឧកញ្ញ៉ា ពុង ឃាវសែ ក្នុងរង្វង់ទឹកប្រាក់១៥លានដុល្លារ។ សាលមហោស្រពនេះមានទំហំអគារ ៥០ម៉ គុណ ១០០ម៉ ដែលអាចផ្ទុកមនុស្សបានជាង ១២០០នាក់៕

 

 



















































Tag:
 មហោស្រព​អង្គរ
  អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com