ពីនេះ ពីនោះ
តើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់ «​យ៉ាំង​កាវ​» ឬ «​ហ្សី​ប​» អាច​នឹង​បង្ក​វិនាសកម្ម​ដល់​មច្ឆជាតិ​ដល់​កម្រិតណា សម្រាប់​ថ្ងៃ​អនាគត​?
16, Mar 2018 , 7:19 pm        
រូបភាព
​អ្នកស្រី ឆែម ស្រី​ណែ​ត លើក​បង្ហាញ​ត្រី​ឆ្តោ ដែល​បាន​រួច​រស់​ជីវិត​ក្រោយពី​ត្រូវ​រងគ្រោះ​ដោយ​ឧបករណ៍​នេសាទ ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់ នៅក្នុង​បឹង​ទន្លេសាប​
​អ្នកស្រី ឆែម ស្រី​ណែ​ត លើក​បង្ហាញ​ត្រី​ឆ្តោ ដែល​បាន​រួច​រស់​ជីវិត​ក្រោយពី​ត្រូវ​រងគ្រោះ​ដោយ​ឧបករណ៍​នេសាទ ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់ នៅក្នុង​បឹង​ទន្លេសាប​
ដោយ: ថ្មីៗ





​រូបភាព​ត្រី​ឆ្តោ រួច​រស់​ជីវិត​ក្រោយពី​ត្រូវ​រងគ្រោះ​ដោយ​ឧបករណ៍​នេសាទ ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់ នៅក្នុង​បឹង​ទន្លេសាប



​រូបភាព​ត្រី​ឆ្តោ ធម្មតា​ដែលមាន​រស់នៅ​តាម​បឹង ស្ទឹង ទន្លេ អូរ ក្នុងប្រទេស​កម្ពុជា​

​រូបភាព​ខាងលើ គឺជា​ត្រី​ឆ្តោ រងគ្រោះ​ដោយ​ឧបករណ៍​នេសាទ ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់​។ ជាទូទៅ ត្រី​គ្រប់​ប្រភេទ ដែល​បាន​រួច​រស់​ជីវិត ក្រោយពី​ត្រូវ​រងគ្រោះ​ដោយសារ​ឧបករណ៍​នេសាទ​ឆក់​ហើយ ឆ្អឹងខ្នង​របស់​វា​មាន​សភាព​កោង​រួញ​ខុសធម្មតា ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ ករណីនេះ នៅ​មិនទាន់មាន​ការអះអាង​ពី​អ្នកជំនាញ​ណា​ម្នាក់ ថា​នឹងមាន​អ្វី​កើតឡើង ចំពោះ​ការបន្ត​ពូជ​របស់​ត្រី ដែល​រងគ្រោះ​ដោយសារ​ឧបករណ៍​នេសាទ ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់​នេះ​នៅឡើយ​ទេ​។​

​ចំណែកឯ​រូបភាព​ត្រី​ឆ្តោ ខាងក្រោម គឺជា​ត្រី​ធម្មតា តាម​លក្ខណៈ​ធម្មជាតិរ​ប​ស់ត្រី ដែល​ដងខ្លួន​របស់​វា​ត្រង់ មិន​កោង​រួញ​ឆ្អឹងខ្នង​។

 
​សកម្មភាព​នេសាទ ដោយ​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់ នៅក្នុង​បឹង​ទន្លេសាប ទន្លេសាប ទន្លេមេគង្គ និង​តាម​បឹង ឬ​ស្ទឹង​នានា ត្រូវបាន​ប្រជា​នេសាទ​ធម្មតា ព្រមទាំង​អ្នករស់នៅ​តាម​ដង​ទន្លេ​ផងដែរ តែ​ពួកគាត់​មិន​ចង់​បញ្ចេញ​ឈ្មោះ ដែល​ធ្លាប់​ឃើញ​ហេតុការណ៍​ទាំងនោះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការណ៍​ដែល​នឹង​អាច​វិនាស​ហិច​ហោច​មច្ឆជាតិ​គ្រប់​ប្រភេទ​នា​ថ្ងៃ​អនាគត ដោយសារ​ឧបករណ៍​ល្មើសច្បាប់​នេះ​។ ជារឿយៗ ពួកគាត់​អាច​មើលឃើញ ពី​សកម្មភាព​នេសាទ​ខុសច្បាប់​ទាំងនោះ ស្ទើរ​ក្លាយជា​ទម្លាប់ និង​ស៊ាំ​ភ្នែក​ទៅហើយ ព្រោះ​គេ​អាច​ប្រព្រឹត្ត​ទៅដោយ​បើកចំហរ និង​សេរី ពិសេស គឺ​ឧបករណ៍​នេសាទ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ «​យ៉ាំង​កាវ​» ឬ «​ហ្សី​ប​»​។ ឧបករណ៍​នេសាទ​«​យ៉ាំង​កាវ​» ឬ «​ហ្សី​ប​» នេះ ប្រើ​ទូក​ម៉ាស៊ីន​ពីរ​គ្រឿង​អូស​សាច់​អួន ដែលមាន​បង្កប់​ចរន្តអគ្គិសនី​ឆក់ សម្រាប់​ចាប់​ពពួក​ត្រី​ឥត​ស្រកា ទាំង​តូច ទាំង​ធំ មិន​រើស​ទំហំ នៅតាម​បាតទន្លេ ស្ទឹង បឹង​ជាដើម​។ ជាទូទៅ ការនេសាទ​បែបនេះ ប្រព្រឹត្តទៅ​នៅពេល​យប់​ច្រើនជាង​ពេល​ថ្ងៃ ព្រោះ​ជា​ពេលដែល​ត្រី​ចេញ​ដើរ​។​


​នេះ​ជា​គំនូស​បំ​ព្រូ​ញ​គូរ​ដោយ​អ្នកនេសាទ​ម្នាក់​នៅក្នុង​ទន្លេមេគង្គ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អំពី​ទម្រង់​នៃ​ឧបករណ៍​នេសាទ​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​មច្ឆជាតិ «​យ៉ាំង​កាវ​» ឬ «​ហ្សី​ប​» ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់​។ ឧបករណ៍​នេះ ប្រើប្រាស់​ទូក​ម៉ាស៊ីន​ពីរ​គ្រឿង​អូស​សាច់​អួន ដោយ​មានកំ​សួស​សម្រាប់​បណ្តែត​សាច់​អួន​នៅលើ​ទឹក និង​មាន​បង្កប់​ខ្សែភ្លើង​នៅ​ជើង​អួន សម្រាប់​ឆក់យក​ត្រី​គ្រប់​ប្រភេទ នៅតាម​បាតទន្លេ​។​

(​អត្ថ​ប​ទៈ Chhut Chheana រូបភាពៈ Chhut Chheana and Tach Phanara / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com