អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ស្នើ​ឲ្យ​សភា​ឈប់​លូកលាន់​រឿង​អាមេរិក​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​សង្គ្រាម​យេ​ម៉ែន​
16, Mar 2018 , 7:39 pm        
រូបភាព
រូបភាព Intercept
រូបភាព Intercept
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បានស្នើ​សុំ​ឲ្យ​សមាជិកសភា​អាមេរិក​ឈប់​លូកដៃ​ក្នុង​បេសកកម្ម​អាមេរិក​ដែល​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ការបន្ត​អន្តរាគមន៍​យោធា​តាមផ្លូវ​ការ​អាកាស​នៅ​ប្រទេស​យេ​ម៉ែន​។ លោក អះអាងថា អាមេរិក​មិនអាច​ដកខ្លួន​បានឡើយ​ព្រោះ​វា​នឹងធ្វើ​ឲ្យ​សង្គ្រាម​ផ្លូវអាកាស​នោះ​ឆក់យក​ជីវិត​ជន​ស៊ីវិល​កាន់តែច្រើន​។​



​ព្រឹទ្ធសភា​អាមេរិក​នឹង​ចាប់ផ្តើម​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​លើ​វិធាន​ការដែល​អាច​រឹតត្បិត​សកម្មភាព​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​គាំទ្រ​សង្គ្រាម​ផ្លូវអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​និង​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​ប្រទេស​យេ​ម៉ែន​។ ប៉ុន្តែ​មន្ទីរ​ប៉ង់​តា​ហ្កូ​ន​បាន​ចេញមុខ​ស្នើសុំ​ឲ្យ​សមាជិកសភា​ឈប់​លូកលាន់​ទៀត​។​

 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស (James Mattis) បាន​ផ្ញើ​សំបុត្រ​មួយច្បាប់​ទៅ​សមាជិកសភា​អាមេរិក​ដោយ​ស្នើសុំ​ចំៗ​ឲ្យ​ពួកគេ​ឈប់​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ ដោយ​ទុក​ឲ្យ​រដ្ឋបាល​អាមេរិក​សម្រេច​ការងារ​នេះ​ដោយ​ឯករាជ្យ​។​

​កន្លងមក​សមាជិកសភា​អាមេរិក​ជាច្រើន​រួមទាំង​លោក Bernie Sander ផង​នោះ​បង្ហាញ​ពី​ក្តីបារម្ភ​ខ្លាំង​ចំពោះ​សង្គ្រាម​បង្ហូរឈាម​រវាង​រដ្ឋ​ឈូង​សមុទ្រ​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​ឧទ្ទាម​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​គាំទ្រ​ដោយ​អ៊ីរ៉ង់ ហ៊ូ​ធី (Houthi) ដែល​ឆក់យក​ជីវិត​ជន​ស៊ីវិល​អស់​ច្រើនសន្ធឹក និង​បង្ក​គ្រោះមហន្តរាយ​មនុស្សជាតិ​ធ្ងន់ធ្ងរ​នោះ​។ ពួកគេ​ក៏​ស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ផងដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​នេះ លោក ម៉ា​ធី​ស បាន​សង្កត់ធ្ងន់ថា ការកម្រិត​សកម្មភាព​អាមេរិក​ក្នុងការ​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បក្សពួក​ក្នុងការ​ធ្វើសង្គ្រាម​នៅ​យេ​ម៉ែន​នឹង​បង្កបញ្ហា​កាន់តែ​អាក្រក់​ទៀត​ពោលគឺ​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​កាន់តែច្រើន​។  

«​ការ​រឹតត្បិត​សកម្មភាព​យោធា​របស់​អាមេរិក​នឹង​បង្កើន​ចំនួន​ជន​ស៊ីវិល​ដែល​ស្លាប់​និង​របួស ហើយ​បង្ក​ផលប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​វាង​អាមេរិក​ជាម​ដៃគូ​ដែល​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ឥទ្ធិពល​ផង​។ ដែល​នេះ​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​លើ​ស្ថា​ភាព ក៏ដូចជា​វិបត្តិ​មនុស្សជាតិ​ផងដែរ​»​។  នេះ​ជាស​ម្តី​របស់លោក ជេ​ម ម៉ា​ធី​ស ក្នុង​លិខិត​របស់ខ្លួន​ផ្ញើ​ទៅកាន់​សមាជិកសភា​។​

​លោក ម៉ា​ធី​ស ក៏​ជឿជាក់​ផងដែរ​ថា ការដកខ្លួន​របស់​អា​មេ​រិ​ក​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បង្កើន​តួនាទី​កាន់តែ​ធំ​ក្នុង​ជម្លោះ​យេ​ម៉ែន និង​ផ្តល់ឱកាស​ឲ្យ​អ៊ីរ៉ង់​បង្កើន​សកម្មភាព​បង្ករឿង​ដូចជា​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​វា​ជា​ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​សង្គ្រាម​តំបន់​ផ្ទុះឡើង​ផងដែរ​។​

​តាំ​ពី​ឆ្នាំ ២០១៥ មក​មន្ទីរ​ប៉ង់​តា​ហ្កូ​ន​បានផ្តល់​ការគាំទ្រ​មិនមែន​ប្រយុទ្ធ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​អាមេរិក​ផ្តល់​របាយការណ៍​ចារកម្ម និង​ផ្តល់​ការគាំទ្រ​ដោយ​ចាក់​ព្រេង​ដល់​យន្តហោះ​ចម្បាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បន្ត​ប្រតិបត្តិការ​សឹក​នៅ​យេ​ម៉ែន​ផង​។ អ្នក​រិះគន់​អាមេរិក​កន្លងមក​ផ្តល់យោបល់​ថា បើសិនជា​អាមេរិក​ឈប់​ជួយ អា​រ៉ា​ប៊ី​សា​អូឌីត ក៏​មិនមាន​លទ្ធភាព​បន្ត​យុទ្ធនាការ​របស់ខ្លួន​បានដែរ​៕


Tag:
 យេ​ម៉ែន​
  អាមេរិក​
  ជេ​ម ម៉ា​ធី​ស
© រក្សាសិទ្ធិដោយ thmeythmey.com