អន្តរជាតិ
មីយ៉ាន់ម៉ា ថារបាយការណ៍សិទ្ធិមនុស្សរបស់ UN ស្តីបញ្ហាខ្លួនមិនអាចជឿទុកចិត្តបាន១០០ភាគឡើយ
× រដ្ឋាភិបាលក្រុងណៃពិដោរ បានបដិសេធរបាយការណ៍សិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិពាក់ព័ន្ធស្ថានភាពរបស់មីយ៉ាន់ម៉ា ។ ក្រុងណៃពិដោរ បានដាក់សំណួរទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជុំវិញគុណភាព និងភាពទុកចិត្តបាននៃរបាយការណ៍សិទ្ធិមនុស្សនេះ ដ្បិតរបាយការណ៍នោះចងក្រងឡើងដោយគ្មានកិច្ចសហការជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ហ្ស ធេ ( Zaw Htay ) នៅថ្ងៃ១៣ មីនា បានអះអាងថា របាយការណ៍សិទ្ធិមនុស្សមីយ៉ាន់ម៉ារបស់បេសកកម្មឯករាជ្យស្វែងរកការពិត និងអ្នករាយការណ៍សិទ្ធិមនុស្សពិសេសនៅមីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី ( Yanghee Lee ) ដែលត្រូវបានយកទៅធ្វើបទបង្ហាញដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស មិនអាចជឿទុកចិត្តបាន១០០ភាគបានឡើយ ។
តាមទីភ្នាក់ងារព័ត៌មាន AP អ្នកនាំពាក្យដដែលនោះ មិនប្រកែកចំពោះបញ្ហានៃការបំពានសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាឡើយ ក៏ប៉ុន្តែ អ្វីដែលមីយ៉ាន់ម៉ា មិនអាចទទួលយកបាននោះ ត្រង់ថា តើរបាយការណ៍នោះ អាចគួរជឿជាក់ និងមានសុក្រឹត្យភាពកម្រិតណា បើអ្នកធ្វើរបាយការណ៍ទាំងនោះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសផងដែរនោះ ។
តាមប្រភពព័ត៌មានដដែល របាយការណ៍ស្តីពីសិទ្ធិមនុស្សមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងជនភៀសខ្លួនពីមីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស ថៃ និង ម៉ាឡេស៊ី , រូបភាពផ្ការណប និងឃ្លីបវីដេអូ មួយចំនួនតូចប៉ុណ្ណោះ ។ ជាងនេះទៅទៀតនោះ របាយការណ៍ ថែមទាំងចោទប្រកាន់ពីវិបត្តិជនភៀសខ្លួន និងបញ្ហាសិទ្ធិមនុស្សមីយ៉ាន់ម៉ា កើតឡើងជាលក្ខណៈប្រព័ន្ធទៀតផង ។
តាមពិតទៅ មិនមែនជាលើកដំបូងឡើយ ដែលមីយ៉ាន់ម៉ា បដិសេធរបាយការណ៍សិទ្ធិមនុស្សនោះ ។ មួយវិញទៀត ពាក់ព័ន្ធនឹងការហាមមិនឲ្យមន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចូលក្នុងប្រទេសខ្លួនដើម្បីបើកការស៊ើបអង្កេតនោះ ដ្បិតរដ្ឋាភិបាលមីយ៉ាន់ម៉ា បានអស់ការជឿជាក់ចំពោះអ្នករាយការណ៍សិទ្ធិមនុស្សកន្លងមក ដោយបានរាយការណ៍ពីស្ថានភាពមីយ៉ាន់ម៉ាដោយលម្អៀង និងខ្វះមូលដ្ឋានភស្តុតាង ដែលធ្វើឲ្យមានការភាន់ច្រឡំពីសហគមន៍អន្តរជាតិជាមួយនឹងស្ថានភាពជាក់ស្តែង ៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com