អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ប្រទេស​នៅក្បែរ​ចិន មាន​ទស្សនវិស័យ​ខុសពី​ប្រទេស​នៅ​ឆ្ងាយ​ពី​ចិន​
16, Mar 2018 , 8:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ឈរក្បែរនាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល (រូបភាព AFP)
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ឈរក្បែរនាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង នៅ​ថ្ងៃទី​១៦ ខែមីនា បានបង្ហាញ​ការយល់ឃើញ​ខុសគ្នា​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ជុំវិញ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ បើតាម​លោក លី សៀន​ឡុង ការ​ងើបឡើង​របស់​ចិន មិន​ត្រឹមតែ​បង្កើត​ការខ្វែងគំនិត​គ្នា​សម្រាប់​ប្រទេស​ក្នុង​តំបន់​ឡើយ តែ​ក៏បាន​ផ្លាស់ប្ដូរ​តុល្យភាព​យុទ្ធសាស្ត្រ​សកល​ដែរ​។ យ៉ាងណាមិញ អាស៊ាន​មិនមាន​ការរើសអើង​អ្វី​មហាអំណាច​ណា​ទាំងអស់​។​



​នា​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ស៊ីដនី នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង និយាយថា សមាជិក​អាស៊ាន​ទាំង​ង​១០ បាន​ឆ្លើយតប​ផ្សេងៗ​គ្នា​ចំពោះ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ទាំង​ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។ លោក លី ហាក់​មិន​ភ្ញាក់ផ្អើល​នឹង​រឿងនេះ ព្រោះ​សមាជិក​ទាំងអស់​មាន​ផលប្រយោជន៍​រៀងៗ​ខ្លួន តែ​ប្រទេស​អាស៊ាន​ក៏​មិនបាន​មើល​ពិភពលោក​ស​ផង ខ្មៅ​ផង​ឡើយ​។ ពោល គឺ​សមាជិក​ទាំងអស់​ចាប់ដៃ​ជាមួយ​មហាអំណាច​ទាំងអស់​។​

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោក លី សៀន​ឡុង និយាយ​បែបនេះ ជា​ចម្លើយ ទៅ សំណួរ​របស់​សារព័ត៌មាន​អូស្ត្រាលី​ដែល​សួរ​លោក​ថា អាស៊ាន​បែកបាក់​ដោយសារ​ចិន​ឬ​យ៉ាងណា​។ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ​បកស្រាយ​ថា ប្រសិន​ប្រទេសមួយ​គ្មាន​ព្រំដែន​សមុទ្រ​ហើយ​ជាប់ ជាមួយ​ចិន ប្រទេស​នោះ​នឹង​ឃើញ​ពិភពលោក​ផ្សេង​ពី​ប្រទេស​កោះ​ដែល​នៅ​ឆ្ងាយ​ពី​ចិន ហើយ​រកស៊ី ជាមួយ​ដៃគូ​ធំៗ​ជាច្រើន​។​

«​ដូច្នេះ​នេះ​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​សមាជិក​អាស៊ាន​មាន​ទស្សនវិស័យ​ខុសគ្នា ប៉ុន្តែ​មិនមែនជា​កត្តា​តែមួយគត់​ដែល​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​មានគំនិត​ផ្សេងគ្នា​ដែរ ហើយ​យើង​ត្រូវតែ​រំពឹង​បែបនេះ ព្រោះ​វា​ជាការ​ពិត​ដែល​កើត​ឡើងលើ​ពិភពលោក​»​។ នេះ​ជា​សម្ដី​របស់លោក លី សៀន​ឡុង ដែលជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៨ ។   

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ទំនង​ចង់​បានន័យថា ប្រទេស​អាស៊ាន​ទាំង​១០ មើលឃើញ​ចិន​ក្នុង​ផ្លូវ​ផ្សេងគ្នា​។ សមាជិក​ខ្លះ​មើលឃើញ​ផលប្រយោជន៍​ធំ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន ព្រោះ​រកស៊ី​ជាមួយ​ចិន​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​ខ្លួន ប៉ុន្តែ​ប្រទេស​ខ្លះ​មើល​ចិន​ជាការ​គំរាមកំហែង ឬ​ជា​ដៃគូ​ប្រជែង​ទៅវិញ​។ 

​ជាការ​ពិត ការកើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​ចិន ពិតជា​ធ្វើ​ឲ្យ​អាស៊ាន​ជួប​បញ្ហា​ប្រឈមមុខ​មែន​។ ទោះជា​មើល​ពី​ក្រៅ អាស៊ាន​រួបរួមគ្នា​មែន តែ​សមាជិក​នៃ​សមាគម​ប្រទេស​ចំនួន​១០​នេះ មានគំនិត​ខុសគ្នា​លើ​បញ្ហា​ជាច្រើន​ដែល​ទាក់ទង​ជាមួយ​ចិន​។ ឧទាហរណ៍​ជាក់ស្ដែង គឺ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តែម្ដង​។ រដ្ឋ​អាស៊ាន​បួន​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​តំបន់​នេះ និង​ចង់​ឲ្យ​សមាជិក​ផ្សេងទៀត​បញ្ចេញ​សំឡេង​រួម​តែមួយ ប៉ុន្តែ​ប្រទេស​អាស៊ាន​ខ្លះ​យល់ថា បញ្ហា​នេះ​មិនមែនជា​រឿង​របស់​អាស៊ាន​ឡើយ​៕


Tag:
 ចិន​
  អាស៊ាន​
  សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com