កីឡាអន្តរជាតិ
អន្តរជាតិ
Son អាច​អវត្តមាន​នៅ Spurs ពីរ​រដូវ​កាល ព្រោះ​ត្រូវបំពេញ​កាតព្វកិច្ច​យោធា​
16, Mar 2018 , 5:06 pm        
រូបភាព
Heung-min Son ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​កូរ៉េខាងត្បូង អាច​អវត្តមាន​ឲ្យ​ក្រុម Tottenham Hotspur រហូតដល់​ទៅ ២​រដូវ​កាល ដោយសារ​ត្រូវ​ជាប់​បំពេញ​កិច្ចការ​យោធា​នៅក្នុង​ប្រទេស​កំណើត​។



​នៅក្រោម​ច្បាប់​របស់​ប្រទេស​កូរ៉េខាងត្បូង បុរស​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​យោធា​រយៈពេល ២១​ខែ នៅមុន​អាយុ ២៨​ឆ្នាំ​។ ដូច្នេះ Son សមាជិក​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​ដែល​បច្ចុប្បន្ន​មាន​វ័យ ២៥​ឆ្នាំ ក៏​នឹងត្រូវ​ជាប់​ភារកិច្ច​មួយ​នេះ​ផងដែរ​។​

​អតីត​ខ្សែប្រយុទ្ធ Bayer Leverkusen នឹង​ឈានដល់​ពេលវេលា​ត្រូវបំពេញ​កាតព្វកិច្ច​យោធា​ជូន​ជាតិ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៩ តទៅ ដែល​វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ចំនួន​២​រដូវ​កាល ពោលគឺ​ក្នុង​រដូវ​កាល ២០១៩-២០២០ និង ២០២០-២០២១​។​



Son បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​តែងតែ​រក​គ្រាប់​បាល់​ឲ្យ Spurs ស្ទើ​គ្រប់​ការប្រកួត និង​ជួយ​កូរ៉េខាងត្បូង​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ទៀតផង​។ ប្រសិនបើ​មិនអាច​គេច​ផុតពី​កាតព្វកិច្ច​នេះ រូបគេ​ក៏​អាច​ប៉ះពាល់​ដល់​អាជីព​កីឡាករ​បាល់ទាត់​នេះដែរ​។​

​យ៉ាងណាក៏ដោយ បើតាម​ច្បាប់​ខាងលើ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បានផ្តល់​ការលើកលែង​វិញ​ដែរ​ចំពោះ​អត្ត​ព​លិ​ក​រូប​ណា​ដែល​អាចជួយ​ក្រុម​ឈ្នះ​ការប្រកួត​ធំៗ​បាន​។​

​នេះ​មានន័យថា ប្រសិនបើ​ជម្រើសជាតិ​កូរ៉េខាងត្បូង និង Son អាច​ឈ្នះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Game) ឆ្នាំ ២០១៨ ឬ​ការប្រកួត Asian Cup 2019 នោះ​រូបគេ នឹងត្រូវ​បានផ្តល់​ការលើកលែង​ពី​កាតព្វកិច្ច​យោធា​នេះ​មិន​ខាន​៕



Tag:
 បាល់ទាត់​
  Heung-min Son
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com