អន្តរជាតិ
សិង្ហ​បុរី​, អូស្ត្រាលី ប្តេជ្ញា​ប្រឆាំង​នយោបាយ​គាំពារ​និយម និង​ពង្រឹង​ពាណិជ្ជកម្ម​សេរី​
16, Mar 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ក្នុងជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ជាមួយ​សម​ភាគី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល មេដឹកនាំ​ទាំងពីរ​បានប្រកាស​ជំរុញ​ពាណិជ្ជកម្ម​សេរី និង​ធ្វើយ៉ាងណា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​គោលនយោបាយ​គាំពារ​និយម​នោះ​។



​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល បានបង្ហាញ​ការយល់ឃើញថា គោលនយោបាយ​គាំពា​និយម មិនមែនជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​សេដ្ឋកិច្ច​ដែល​ពិភពលោក​កំពុង​ប្រឈម​។ វា​នឹង​បង្កបញ្ហា​ដល់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​ក្នុង​សន្និសីទ​ព័ត៌មាន​ក្រោយ​ជួប​ជាមួយ​សម​ភាគី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ក្រុង​ស៊ីដនី ថ្ងៃ​សុក្រ​ទី ១៦ ខែមីនា លោក​បាន​ថ្លែង​ដូច្នេះ​៖ «​អ្នកឯង​មិន​កាន់តែខ្លាំង​ឡើយ​ដោយ​ការបិទទ្វារ​ទៅកាន់​ទីផ្សារ​ប្រទេស​ដទៃ​។ ការ​គាំពារ​និយម គឺ​គ្មាន​ផល​ល្អ​ឡើយ​។ វា​មិនមែនជា​ជណ្តើ​ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​ងើប​ចេញពី​បញ្ហា​ឡើយ​។ វា​ជា​ប៉ែល​សម្រាប់​ជីកដី​ឲ្យ​កាន់តែ​ជ្រៅ​ដើម្បី​កប់​ខ្លួនឯង​ប៉ុណ្ណោះ​»​។​

«​យើង​ត្រូវ​ប្រឈម​ជាមួយ​បញ្ហា​នេះ មិនមែន​ងាក​ចេញពី​បញ្ហា​ឡើយ​។ គាំទ្រ​ពាណិជ្ជកម្ម​សេរី មិនមែន​ព្យាយាម​រត់ចេញ​ពី​វា​ឡើយ​»​។ លោក ធើ​ន​ប៊ូល បាន​បន្ថែម​ដូច្នេះ​។
​ការប្រកាស​នេះ​ធ្វើឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រកាសថា អាមេរិក​នឹង​ដំឡើង​ពន្ធ​សម្រាប់​ដែកថែប និង​អាលុយមីញ៉ូម​ដែល​នាំចូល​ពី​ក្រៅប្រទេស​ដើ​ម្ប​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​នោះ​។​

​ដោយឡែក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ដែល​ស្ថិត​ក្នុងជំនួប​នោះដែរ​នោះ បានបង្ហាញ​យោបល់​ថា បើ​ការជឿជាក់​គ្នា​បាត់បង់ និង​មាន​សង្គ្រាម​ពាណិជ្ជកម្ម ក៏ដូចជា​ការចាត់វិធានកា​រ​ឆ្លើយតប​គ្នា​ទៅវិញទៅមក​នោះ ទោះ​ប្រទេស​តូច​ឬ​ធំក្តី​សុទ្ធតែ​រងគ្រោះ​ដូចគ្នា​។

«​ខ្ញុំ​ដឹងថា សញ្ញា​នៃ​ពិភពលោក​គឺ​ដើរ​ផ្ទុយ​ពី​គោលដៅ ប៉ុន្តែ​នៅក្នុង​តំបន់​អាស៊ាន​យើងទាំងអស់គ្នា​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​និង​បង្កើន​ការពឹង​ពាក់​គ្នា​ទៅវិញទៅមក​ដើម្បី​ធ្វើការ​រួមគ្នា​ដើម្បី​បើកចំហរ​ទីផ្សារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក លី សៀន​ឡុង​។​

​មេដឹកនាំ​សិង្ហ​បុរី​រូបនេះ​បាន​បន្ថែម​ផងដែរ​ថា វា​ជា​រឿង​សំខាន់​ដែល​ភាគី​ទាំងពីរ​សិង្ហ​បុរី និង​អូស្ត្រាលី​ត្រូវ​បន្ត​សហការគ្នា​បន្ត​រក្សា​បទបញ្ញត្តិ​នានា​នៃ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​លើកស្ទួយ​សេរីភាព​វូប​នីយកម្ម​សេដ្ឋកិច្ច ក៏ដូចជា​សមាហរណកម្ម​តំបន់​ដែរ​។

 ខណៈដែល​លើកឡើង​ការប្រឹងប្រែង​ក្នុងការ​ប្រឆាំងនឹង​គោលការណ៍​គាំពារ​និយម​នោះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​អូស្ត្រាលី​សុទ្ធតែ​បានបង្ហាញ​ក្តី​រីករាយ និង​ពេញចិត្ត​ចំពោះ​ការទទួលយក​កិច្ចព្រមព្រៀង គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែល​ពីមុន​មាន​ឈ្មោះថា ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) កាលពី​ថ្មីៗ​នេះ​។ 

​ភាគី​ចំនួន ១១ ដែល​នៅសល់​សម្រេច​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ​នៅ​ទីក្រុង Santiago ប្រទេស​ស៊ី​លី  ទោះ​គ្មាន​វត្តមាន​អាមេរិក​ក្តី​។ ភាគី​ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​អះអាងថា វា​ជា​សមិទ្ធផល​ដ៏​ចម្បង​មួយ​ក្នុងការ​បង្កើត​ពាណិជ្ជក​ម្ម​សេរី​ក្នុង​តំបន់​។​

​ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ មេដឹកនាំ​អូស្ត្រាលី និង សិង្ហ​បុរី ក៏​បន្ត​ប្តេជ្ញា​ធ្វើយ៉ាងណា​ប្រឹងប្រែង​ព​ន្លឿ​ន និង​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ឲ្យ​បាន​ឆាប់​ដែរ​។  «​យើង​ចរចា​កិច្ចព្រមព្រៀង​នេះ ក៏ដូចជា​សារសំខាន់​នៃ​ការបញ្ចប់​ការចរចា​នេះ​ឲ្យ​ឆាប់​។ យើង​ចង់​បញ្ចប់​ត្រឹម​ឆ្នាំនេះ​»​។ លោក លី សៀន​ឡុង បញ្ជាក់​ដូច្នេះ​។​

​ឯ​លោក ធើ​ន​ប៊ូល​វិញ បាន​បន្ថែមថា​៖«​យើង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​ប្រឈម​តំបន់ សេដ្ឋកិច្ច សមាហរណកម្ម និង​ជាពិសេស​សារសំខាន់​ក្នុង​បង្កើន​ការប្រឹងប្រែង​ទ្វេដង​បន្ថែមទៀត​ដើម្បី​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP នោះ​។ យើង​មាន​កិច្ចពិភាក្សា​ល្អ​ពី​បញ្ហា​នេះ​»៕

Tag:
 អូស្ត្រាលី​
  អាស៊ាន​
  គាំពារ​និយម​
  ពាណិជ្ជកម្ម​សេរី​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com