ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ប្រពន្ធលោកកែមឡីថា «កុំយកសម្ដេចធ្វើជាសត្រូវ» អ្នកស្រី ប៊ូ រតនា និងកូនទាំងប្រាំនាក់ ដែលជាចំណងអាពាហ៍ពិពាហ៍ជាមួយលោក កែម ឡី កំពុងរស់នៅមែលប៊ន ប្រទេសអូស្ត្រាលី។ រូបថត AFP
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញអារម្មណ៍សោកស្ដាយចំពោះការស្លាប់របស់លោក កែម ឡី នៅចំពោះមុខប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី។ សម្ដេច ហ៊ុន សែន បាននិយាយថា សម្ដេចមិនបាននៅពីក្រោយនៃការស្លាប់របស់លោក កែម ឡី ឡើយ ហើយករណីនេះគឺគណបក្សប្រឆាំងទេ ដែលជាអ្នកចំណេញនយោបាយ ពីសាកសពលោក កែម ឡី។
ថ្លែងក្នុងវេទិការជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ៨០០នាក់ នៅអូស្ត្រាលី នៅថ្ងៃទី១៦ មីនានេះ សម្ដេច ហ៊ុន សែន បានអះអាងថា លោក កែម ឡី គឺជាមនុស្សម្នាក់ ដែលសម្ដេច គោរពរាល់ទស្សនបណ្ឌិតរបស់លោក ចំពោះការវិភាគលើបញ្ហានានាក្នុងសង្គម។ និយាយត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យភរិយាលោកកែម ឡី គឺលោកស្រី ប៊ូ រចនា កុំមានការយល់ច្រឡំលើសម្ដេច ក្នុងករណីស្លាប់របស់លោក កែម ឡី។ សម្ដេច ប្រាប់ឲ្យលោកស្រី ប៊ូ រចនា កុំយកសម្ដេចធ្វើជាសត្រូវផងដែរ។
សូមស្ដាប់សំឡេងនាយករដ្ឋមន្រ្តី៖
សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែង ស្ថិតនៅម្តុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃាតកម្មនេះកើតឡើង សមត្ថកិច្ចក៏បានឃាត់ខ្លួន លោក ជួប សម្លាប់ ក្នុងថ្ងៃនោះតែម្តង។ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ លោក អឿត អាង ហៅជួប សម្លាប់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ដោយរងការចោទប្រកាន់ថា បានបាញ់សម្លាប់លោក កែម ឡី។ យ៉ាងណាក៏ដោយ លោកស្រី ប៊ូ រចនា រួមទាំងសហគមន៍អន្តរជាតិមួយចំនួន ហាក់មិនសូវជឿនោះទេថា ជួប សម្លាប់ ពិតជាឃាតក។ ពួកគេ នៅតែចង់ឲ្យសមត្ថកិច្ចបន្តស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com