អន្តរជាតិ
ទីប្រឹក្សា​UN ៖ «​បើ​ជនជាតិ​រូ​ហ៊ីង​យ៉ា ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ ពួកគេ​នឹង​ត្រូវគេ​សម្លាប់​»
16, Mar 2018 , 10:39 pm        
រូបភាព
ដោយ:
​អ្នក​ប្រឹក្សា​អង្គការសហប្រជាជាតិ នៅតែមាន​ការព្រួយបារម្ភ​ខ្លាំង​ពី​ជោគវាសនា និង អាយុជីវិត​របស់​ជន​ភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង បាន​ព្រមាន​ពីបទ​ឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៀតផង ។ អ្នក​ប្រឹក្សា​អង្គការសហប្រជាជាតិ  ថែមទាំង​ព្រមាន ថា បើ​ជនភៀសខ្លួន​ទាំងនោះ ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ ពួកគេ​ប្រឈម​នឹង​ការបាត់​បង់ជីវិត ។​



«​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ត្រូវបាន​គេ​សម្លាប់ ធ្វើ​ទារុណកម្ម រំលោភ និង​ដុត​ទាំង​រស់​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់ លោក Adama Dieng អ្នក​ប្រឹក្សា​ពិសេស​អង្គការសហប្រជាជាតិ​ជំនាញការ​ទប់ស្កាត់​ប្រល័យពូជសាសន៍ បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​បង់​ក្លា​ដែ​ស និង​ជំរំ​របស់​ជនភៀសខ្លួន​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​ថ្ងៃ​៧ ដល់​ថ្ងៃ​១៣ មីនា ។

​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​១៤ មីនា អ្នក​ប្រឹក្សា​រូបនេះ បាន​ប្រើពាក្យ​ធ្ងន់ៗ ដើម្បី​ពណ៌នា​ពី​ទុក​លំបាក​របស់​ជនភៀសខ្លួន ក៏ដូចជា អំពើ​ឃោរឃៅ​របស់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ទៅលើ​ក្រុម​ជនភៀសខ្លួន ។ លោក ថែមទាំង​ហ៊ាន​អះអាងថា តាមរយៈ​ភស្តុតាង និង​របាយការណ៍​ដែល​លោក​ទទួលបាន អំពើ​ដែល​កើត​ឡើងលើ​ជនភៀសខ្លួន អាច​ចូលក្នុង​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​បាន​ទៀត​។

​មិន​ខុសពី​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​ផ្សេង​ទៀតឡើយ អ្នក​ប្រឹក្សា​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​របស់​អង្គការសហប្រជាជាតិ​រូបនេះ ក៏​មើលមិនឃើញ​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ត្រឡប់​ទៅវិញ​ផងដែរ ។ លោក​ថែមទាំង​បាន​សង្កត់ធ្ងន់ថា​៖« តាមរយៈ​ស្ថានភាព​បច្ចុប្បន្ន ការ​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ ប្រៀប​ដូច​រុញច្រាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ឲ្យ​ប្រឈម​នឹង​ការ​បទល្មើស​កាន់តែ​អាក្រក់​ជាងនេះទៅទៀត » ។

​ខណៈ​ពណ៌​នាពី​ជោគវាសនា​អភ័ព្វ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​តាំងពី​កើតមក អ្នក​ប្រឹក្សា​ក៏បាន​បន្ទោស​សហគមន៍​អន្តរជាតិ​ដែល​នៅតែ​បន្ត​លាក់​មុខ និង​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាប​ន្ត​បាត់​បង់ជីវិត បាត់បង់​តម្លៃ និង​ផ្ទះសម្បែង​ជា​បន្តបន្ទាប់ បើទោះបី​សហគមន៍​អន្តរជាតិ​បានដឹង​លឺ​ពីបទ​ល្មើស​ឃោរឃៅ​ទៅលើ​ជនជាតិ​ទាំងនោះ​ហើយក៏​ដោយ​។ 

​គួរ​ជម្រាប​ផងដែរ​ថា ការរត់​ភៀសខ្លួន​របស់​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពីរ​ដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា រាប់សិប​ម៉ឺន​នាក់​ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​អសន្តិសុខ​ក្នុងប្រទេស​។ មន្ត្រី និង​អ្នកជំនាញ​សិទ្ធិមនុស្ស​ជាច្រើន បន្ត​ដាក់​សំណួរ​ទៅកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ថា​តើ​ពួកគេ​ធ្លាប់​បានឃើញ​ពី​ស្ថានភាព​រស់នៅ​របស់​ជន​ជាតិ​ភាគតិច​ទាំងនោះ​ឬ​យ៉ាងណា បានជា​នៅតែ​មិនសូវ​អើពើ​ជាមួយ​បញ្ហា​នេះ​៕



Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com