អន្តរជាតិ
​បច្ចេកវិទ្យា
សំបុត្រ​មួយ​របស់លោក Einstein កាលពី​ឆ្នាំ​១៩២៨ លក់បាន​ក្នុងតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​
17, Mar 2018 , 8:30 am        
រូបភាព
លោក Albert Einstein នៅក្នុងការិយាល័យធ្វើការក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩១៩។ រូបថត PD-US
លោក Albert Einstein នៅក្នុងការិយាល័យធ្វើការក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩១៩។ រូបថត PD-US
ដោយ: ធីតា
សំបុត្រ​មួយច្បាប់​ដែល​សរសេរ​ដោយ​រូប​វិទូ Albert Einstein ត្រូវ​លក់​នា​ការដេញថ្លៃ​មួយ​ក្នុងតម្លៃ ១០៣.៧០០​ដុល្លារ​អាមេរិក កាលពី​ថ្ងៃទី​១៣ ខែមីនា កន្លងមក នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ដែល​បច្ចុប្បន្ន​អ៊ីស្រាអែល​ប្រកាសថា ជាទី​ក្រុង​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។​

 
​លិខិត​នោះ បាន​សរសេរ​ជា​ភាសា​អាល្លឺម៉ង់ ទាក់ទង​នឹង​ទ្រឹស្តី​ទំនាញ ដែល​លោក Albert Einstein បាន​ផ្ញើ​ចេញពី​ទីក្រុង​ប៊ែ​រ​ឡាំង​ទៅ​មិត្តភក្តិ​គណិត​វិទូ​ម្នាក់ កាលពី​ឆ្នាំ​១៩២៨ ។ អ្នកដេញថ្លៃ​បាន​នោះ មិន​ត្រូវបាន​បង្ហើប​ពី​អត្តសញ្ញាណ​នោះឡើយ​។​
 
​លោក Gal Wiener នាយក​ក្រុមហ៊ុន​ដេញថ្លៃ Winner’s Auctions ក្រៅពី​លិខិត​របស់លោក Einstein ហត្ថលេខា និង​រូបថត​របស់​កំពូល​អ្ន​ក​ប្រាជ្ញ​រូបវិទ្យា ដែល​ទទួលបាន​ពានរង្វាន់​ណូបែល កាលពី​ឆ្នាំ​១៩២១ រូបនេះ ក៏​លក់​ដេញថ្លៃ​បាន​រាប់ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​
 
​កាលពី​ខែតុលា ឆ្នាំ​២០១៧ កំណត់ត្រា​មួយ​របស់លោក Albert Einstein ស្តីពី​អាថ៌កំបាំង​នៃ​សុភមង្គល បាន​លក់ដាច់​ក្នុងតម្លៃ ១.៥៦​លាន​ដុល្លារ​អាមេរិក ដែល​ដំបូង​ឡើយ គេ​ប៉ាន់​ស្មានថា លក់​បានតែ​ក្នុង​រង្វង់​៥០០០ ទៅ​៨០០០​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។​
 
​បើតាម BBC កាលពីពេល​ថ្មីៗ​កន្លងមក​ផងដែរ កំណត់ត្រា​មួយ​របស់លោក Einstein នៅ​ឆ្នាំ​១៩២១ ដែល​សរសេរ​ទៅកាន់​នាង Elisabetta Piccini និស្សិត​គីមីវិទ្យា ក៏បាន​លក់ដាច់​ក្នុងតម្លៃ​៦១០០​ដុល្លារ​អាមេរិក​ក្នុងការ​ដេញថ្លៃ​មួយ​នៅ​ហ្សេ​រុយ​សា​ឡឹម​ផងដែរ​។ Piccini ជនជាតិ​អ៊ីតាលី ដែល​រស់នៅក្នុង​អាគារ​នៅ​ក្រុង Florence ជាមួយ Maja ដែលជា​ប្អូនស្រី​របស់លោក Einstein​។​
 
​លោក Einstein បាន​បដិសេធ​ចំពោះ​តំណែង​ប្រធានាធិបតី​ដំបូង​របស់​រដ្ឋ​អ៊ីស្រាអែល ប៉ុន្តែ​បានធ្វើ​ជា​អភិបាល​នៃ​សាកលវិទ្យាល័យ Hebrew University of Jerusalem រហូតដល់​លោក​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៩៥៥ ។​
 
​ឯកសារ​ជាច្រើន​របស់លោក Einstein ត្រូវបាន​តម្កល់ទុក​សម្រាប់​អ្នកស្រាវជ្រាវ​នៅតាម​សាកលវិទ្យាល័យ ជាពិសេស​កំណត់ត្រា​សំខាន់ៗ​ទាក់ទង​នឹង​ទ្រឹស្តី និង​របកគំហើញ​អ្វីមួយ​៕
 

Tag:
 Albert Einstein
  រូបវិទូ
© រក្សាសិទ្ធិដោយ thmeythmey.com