អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​នាយករដ្ឋមន្ត្រី​វៀតណាម ផាន់ វ៉ាន់ខាយ ទទួលមរណភាព​នៅ​អាយុ​៨៥​ឆ្នាំ​
17, Mar 2018 , 3:03 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីវៀតណាម ផាន់ វ៉ាន់ខាយ ទទួលមរណភាព (រូបភាព៖ AFP)
អតីតនាយករដ្ឋមន្រ្តីវៀតណាម ផាន់ វ៉ាន់ខាយ ទទួលមរណភាព (រូបភាព៖ AFP)
​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម ផាន់ វ៉ាន់ខាយ បានទទួល​ទទួលមរណភាព​ហើយ​នៅ​ថ្ងៃទី​១៧ ខែមីនា ក្នុង​អាយុ​៨៥​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​យោងតាម​ការប្រកាស​របស់​រដ្ឋាភិបាល​វៀត​ណា​ម​។ លោក ផាន់ គឺជា​អ្នកនយោបាយ​កែទម្រង់ ដែល​បាន​ជំរុញ​សេដ្ឋកិច្ច​វៀតណាម​រីកចម្រើន​ដូច​បច្ចុប្បន្ន​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ក៏​ជា​មេដឹកនាំ​វៀតណាម​ដំបូង​គេ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​ក្រោយ​ចប់​សង្គ្រាម​វៀតណាម​នោះ​។​

 
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន រដ្ឋាភិបាល​វៀតណាម​បាន​លើកសរសើរ​លោក ផាន់ វ៉ាន់ខាយ ពី​គំនិត​ច្នៃប្រឌិត​ថ្មី​របស់លោក និង​បាន​ជួយ​កែទម្រង់សេដ្ឋកិច្ច ក៏ដូចជា​បើកចំហ​ប្រទេស​ក្នុង​សមាហរណកម្ម​ពិភពលោក​។ ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ផាន់ ច្បាប់​មូលដ្ឋាន​នៃ​ដំណាក់កាល​ទីមួយ និង​ដំណើការ​បើកចំហ ត្រូវបាន​បង្កើតឡើង ហើយ​ដែល​បាន​ជួយ​រុញ​សេដ្ឋកិច្ច​វៀតណាម​ឲ្យ​កាន់តែ​រីកចម្រើន ក្រោយ​ការអនុវត្ត​នយោបាយ​កុម្មុយនីស្ត​បិទទ្វារ​ប្រទេស​ជាច្រើន​ឆ្នាំ​។​
 
​ជា​អ្នកនយោបាយ​មាន​ជំនាញ​សេដ្ឋកិច្ច​ពី​សូ​វៀត លោក ផាន់ ដឹកនាំ​វៀតណាម​តាំងពី​ឆ្នាំ​១៩៩៧ ចំពេល​នៃ​ការអនុវត្ត​នយោបាយ​បើកចំហ​ដែល​ប្រែក្លាយ​វៀតណាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​នៅ​អាស៊ីអាគ្នេយ៍​។ យ៉ាងណាមិញ រដ្ឋាភិបាល​វៀតណាម​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​មរណភាព​របស់លោក ផាន់ ឡើយ ទោះជា​សុខភាព​របស់លោក​ត្រូវបាន​រាយការណ៍​ថា​ធ្លាក់ចុះ​ប៉ុន្មាន​សប្ដាហ៍​មកហើយ​ក្ដី​។​
 
​លោក ផាន់ បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​អាមេរិក​នៅ​ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​មេដឹកនាំ​វៀតណាម​មុនគេ​ជាន់​ទឹកដី​អតីត​គូសត្រូវ​សម័យ​សង្គ្រាម​។ ទស្សនកិច្ច​របស់លោក​បាន​ជួយ​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​រវាង​វៀតណាម និង​អាមេរិក​។ មាន​ដើមកំណើត​នៅ​ទីក្រុង​ហូជីមិញ លោក​ចូលប្រឡូក​ក្នុង​នយោបាយ​នៅ​វ័យ​១៤​ឆ្នាំ ជា​សកម្មជន​ក្នុង​បដិវត្តន៍​ប្រឆាំង​អាណានិគម​បារាំង និង​ចូលរួម​ជាមួយ​បក្ស​កុម្មុយនីស្ត​នៅ​វ័យ​២៦​ឆ្នាំ​។​
 
​បន្ទាប់មក អ្នកនយោបាយ​រូបនេះ​ក្លាយជា​អភិបាលក្រុង​ហូជីមិញ​នៅ​ឆ្នាំ​១៩៨៥ ហើយ​៦​ឆ្នាំ​ក្រោយមក ក៏​ជាប់ឆ្នោត​ជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម ដែលជា​ស្ថាប័ន​សម្រេចចិត្ត​ធំជាងគេ​។ មុនពេល​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៧ លោក ផាន់ អង្គុយ​កៅអី​ឧបនាយករដ្ឋមន្ត្រី​៦​ឆ្នាំ​ក្នុង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី វ៉ូ វ៉ាន់​គៀត ។ នៅ​ឆ្នាំ​២០០៦ លោក​បាន​សុំលាលែង​ពី​តំណែង មួយឆ្នាំ​មុន​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០០៧ ៕

Tag:
 វៀតណាម​
  Pham Van Khai
© រក្សាសិទ្ធិដោយ thmeythmey.com