អន្តរជាតិ
អគ្គរាជអាជ្ញា​៖ អូស្ត្រាលី​គ្មាន​សិទ្ធិ​កាត់ទោស​លោកស្រី ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ឡើយ​
17, Mar 2018 , 8:30 pm        
រូបភាព
ប្រជាជនបាតុកម្មប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី នៅអូស្ត្រាលី (AFP)
ប្រជាជនបាតុកម្មប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី នៅអូស្ត្រាលី (AFP)
ដោយ: ថ្មីៗ
​អគ្គរាជអាជ្ញា​អូស្ត្រាលី​បាន​បកស្រាយ​ថា ការ​ដំណើរការ​នីតិវិធីតុលាកា​ប្រឆាំង លោកស្រី អ៊ុង សាន ស៊ូ​ជី ជុំវិញ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ នៅលើ​ទឹកដី​អូស្ត្រាលី មិនអាច​ធ្វើទៅ​បានឡើយ​ដោយសារ​លោកស្រី​មាន​អភ័យឯកសិទ្ធិ​ពិសេស​។ ទោះ​មិនមែនជា​ប្រធានាធិបតី លោកស្រី​មាន​តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​ដែល​ជាក់ស្តែង​ជា​ប្រមុខ​រដ្ឋាភិបាល និង​មាន​តំណែង​មួយទៀត​ជា​រដ្ឋមន្ត្រីការបរទេស​នោះ​។



​សប្តាហ៍​នេះ អ្នកច្បាប់​អូស្ត្រាលី​ប្រាំ​រូប​បាននាំគ្នា​រៀបចំ​ពាក្យបណ្តឹង​ប្រឆាំង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ពិភពលោក លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ទៅ​តុលាការ​ដំបូង​ក្រុង ម៉ែ​ល​ប៊​ន និង​ទាមទារ​ឲ្យ​មានការ​កាត់ទោស​លោកស្រី​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ 
​យោងតាម​សារព័ត៌មាន​អង់គ្លេស The Guardian អ្នកច្បាប់​ទាំង​ប្រាំ​នាក់​នោះ​មាន​អ​តី​ចៅ​ក្រុម​តុលាការ​សហព័ន្ធ Ron Merkel QC អ្នកច្បាប់​អន្តរជាតិ Marion Isobel និង Raelene Sharp មេធាវី​ការពារ​ក្តី​សិទ្ធិមនុស្ស Alison Battisson និង លោក Daniel Taylor​។​
​លោកស្រី ស៊ូ​ជី រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​សិទ្ធិមនុស្ស​ដោយសារ​កា​រ​ស្ងៀមស្ងាត់​របស់លោក​ស្រី​ជុំវិញ​ហិង្សា​ជា​ប្រព័ន្ធ និង​ការ​ធ្វើទុក្ខបុកម្នេញ​មាន​សម្លាប់ រំលោភ និង​ដុត​ផ្ទះសម្បែង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាក​ន្ល​ង​មក​។  វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​ធ្វើ​ឲ្យ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង ប្រាំមួយ​សែន​នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ហើយ​អង្គការសហប្រជាជាតិ​បាន​អះអាងថា ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ភាគតិច​នេះ​ស្មើនឹង​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ទៀត​។​

​យ៉ាងណា​ក៏ដោយចុះ  បើតាម​ការបកស្រាយ​អគ្គរាជអាជ្ញា​អូស្ត្រាលី​លោក Christian Porter ក្នុងនាម​ជាទី​ប្រឹក្សា​រដ្ឋ ដែល​តាម​ជាក់ស្តែង​ជា​ប្រមុខ​រដ្ឋាភិបាល​នោះ (de facto leader of the government) និង​ជា​រដ្ឋមន្ត្រីការបរទេស​ផង​នោះ វា​ល្មម​ឲ្យ លោ​ស្រី ស៊ូ​ជី មាន​អភ័យឯកសិទ្ធិ​តួនាទី ដែល​មានចែង​ក្នុង​ច្បាប់​ទំនៀប​ទម្លាប់​អន្តរជាតិ​។ វា​បានន័យថា លោកស្រី​អាច​រួច​ផុតពី​ចាប់ខ្លួន ឃុំខ្លួន និង​កាត់ទោស​ផង​។​
​លោក Porter បាន​អះអាង​ដូច្នេះ​៖ «​លោកស្រី ស៊ូ​ជី មាន​អភ័យឯកសិទ្ធិ​ពេញលេញ រួចផុត​ពី​និ​តី​វិធី​តុលាការ​នេះ ព្រោះ​ក្នុង​ច្បាប់​ទំនៀមទម្លាប់​អន្តរជាតិ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រីការបរទេស​មាន​អភ័យឯកសិទ្ធិ​ការកាត់ទោស​នៅ​បរទេស និង​មិនអាច​បំពាន​បាន​ដូចជា​មិនអាច​ចាប់ខ្លួន ឃុំខ្លួន និង​ត្រូវ​ស្ថិតក្រោម​ការកាត់ទោសរ​បស់​តុលាការ​»​។ 
​តាមពិតទៅ​អូស្ត្រាលី​ទទួលស្គាល់ គោលការណ៍​យុត្តាធិការ​សាកល (Universal Jurisdiction) ដែល​មានន័យថា បទឧក្រិដ្ឋ​នោះ​កើត​នៅទីណា​ក៏ដោយ និង​ប្រព្រឹត្ត​ដោយ​ជនជាតិ​អ្វី​ក៏ដោយ ក៏​តុលាការ​អូស្ត្រាលី​មាន​សិ​ទិ្ធ​ដំណើរការ​នីតិវីធី​ជំនុំជម្រះ​ដែរ​។ ប៉ុន្តែ​អ្វីដែល​ខ្ទាស់​នីតិវិធី​នេះ​គឺ ការយល់ព្រម​ពី​អគ្គរាជអាជ្ញា​ជាមុន​។​

​តាមពិតទៅ លោកស្រី ស៊ូ​ជី ទៅ​អូស្ត្រាលី​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​ស្មើមុខស្មើមាត់ តប​តាម​ការអញ្ជើញ​ពី​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​ផ្ទាល់​។ ដូច្នេះ វា​គ្មាន​ហេតុផល​អ្វីដែល​រដ្ឋាភិបាល​អូស្ត្រាលី​បណ្តោយ​ឲ្យ​គេ​អនុវត្ត​នីតិវិធី​ប្រឆាំង​តំណាង​រដ្ឋ​មួយ​ដែល​ខ្លួន​បាន​អញ្ជើញ​ឡើយ​។​
​ក្នុងករណីនេះ គេ​អាច​នឹកឃើញ​ដល់​ឆ្នាំ ២០១៥ ពេល​អាហ្វ្រិក​ខាងត្បូង​អញ្ជើញ​ប្រមុខរដ្ឋ​ស៊ូដង់ អូ​ម៉ា អាល់​បា​ស៊ែរ ដែល​ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម និង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​តំបន់​ដា​ហ្វួ​រ (Darfur) ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​។ រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង មិន​ស្តាប់បង្គាប់​តុលាការ​ខ្លួន​ដែល​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​លោក បា​ស៊ែរ​ទុក​អនុលោម​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ ហើយ​បែរជា​បើកផ្លូវ​ឲ្យ​ឧក្រិដ្ឋជន​អន្តរជាតិ​នេះ​ចាកចេញ​យ៉ាង​ស្រួល​ទៅវិញ​។ 
​ត្រឡប់មកវិញ ក្រៅពី​លោកស្រី ស៊ូ​ជី ប្រមុខរដ្ឋ​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​កំពុង​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ព្រោះ​សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស បង្ខំចិត្ត​មិន​ទៅ​ប្រជុំ​នៅ​អូស្ត្រាលី​ឡើយ ហើយ​នៅ​ចែក​សញ្ញាបត្រ​ដល់​ក្រុមនិស្សិត​បណ្ឌិតសភាយោធា​វិញ​។ អាច​ថា លោក​ទំនងជា​ខ្លាចរអា​បន្តិច​ដែរ ព្រោះ​ហ្វីលីពីន​ក៏​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​បឋម​ពី​សំណាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផង​។​

​សូមបញ្ជាក់​បន្តិច​ទៅ​ចុះ បើទោះជា​លោក ឌូ​ទើ​តេ សម្រេច​ដក​ហ្វីលីពីន​ចេញពី​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏ដោយចុះ វា​មិនមាន​អនុភាព​លើ​បណ្តឹង​ប្រឆាំង​លោក ឬ​មាន​អនុភាព​បញ្ឈប់​នីតិវិធី​ស៊ើបអង្កេត​ឡើយ​។ ទោះ​ចេញ​ឬ​មិន​ចេញ លោក​នៅតែ​ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស ក្នុងករណី​ដែល​គេ​រកឃើញថា សង្គ្រាម​គ្រឿងញៀន​របស់លោក​ពិតជា បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​មែន​នោះ​។ ប៉ុន្តែ​កាត់ទោស​បាន ឬ​មិនបាន​នោះ​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល​នៅឡើយ ព្រោះថា តុលាការអន្តរជាតិ​មួយ​នេះ​គ្មាន​កម្លាំង​ផ្ទាល់ខ្លួន និង​យន្តការ​រឹងមាំ​សម្រាប់​អនុវត្ត​សេចក្តីសម្រេច​ខ្លួន​ឡើយ​៕ 

Tag:
 អ៊ុង​សាន ស៊ូ​ជី​
  អូស្ត្រាលី​
  ប្រល័យពូជសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com