អន្តរជាតិ
អូស្ត្រាលី ប្រាប់​មេដឹកនាំ​អាស៊ាន​ឲ្យ​ពង្រឹង​ការសហការ​គ្នា​ទប់ទល់​ការគំរាមកំហែង​ភេរវកម្ម​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​
17, Mar 2018 , 9:30 pm        
រូបភាព
លោក Peter Dutton ( រូបភាព៖AFP)
លោក Peter Dutton ( រូបភាព៖AFP)
ដោយ: ថ្មីៗ
​អូស្ត្រាលី​បាន​ប្រាប់​មេដឹកនាំ​អាស៊ាន​ដែល​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​ក្រុង​ស៊ីដនី​ថា ការប្រើប្រាស់​កម្មវិធីរ​ក្សា​សារ​សម្ងាត់​ដើម្បី​ទាក់ទង​គ្នា និង​រៀបចំ​គម្រោង​វាយប្រហារ​ភេរវកម្ម​នោះ​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​ក្រុម​ភ្នាក់ងារ​ចារកម្ម​។ អូស្ត្រាលី​បាន​អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា និង​ឯកភាពគ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នេះ​។



​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ផ្ទៃក្នុង​អូស្ត្រាលី Peter Dutton បាន​ប្រាប់​មេដឹកនាំ​នៃ​បណ្តា​រដ្ឋ​អាស៊ាន​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែមីនា​ថា ការប្រើប្រាស់​គេហទំព័រ​ខុសច្បាប់​របស់​បណ្តាញ​ក្រុម​ជ្រុលនិយម និង​ក្រុម​ឧក្រិដ្ឋជន​នោះបាន​ក្លាយជា​បញ្ហា​ធំ​សម្រាប់​សមត្ថភាព​ចារកម្ម​។​
«​ការប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​ដែល​អាច​រក្សា​ការសម្ងាត់​ខ្ពស់ (encrypted messaging apps) ដោយ​បណ្តាញ​ក្រុម​ភេរវជន និង​ក្រុម​ឧក្រិដ្ឋជន​ក្លាយជា​បញ្ហា​ប្រឈម​ចម្បង​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ចារកម្ម​នាពេល​បច្ចុប្បន្ន​»​។ លោក Dutton បានលើកឡើង​ដូច្នេះ​។​
 
​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​រូបនេះ​បាន​ប្រាប់​មេដឹកនាំ​តំបន់​អាស៊ីអាគ្នេយ៍​ថា ការពង្រឹង​សហប្រតិបត្តិការ​រវាង​អាស៊ាន និង អូស្ត្រាលី ជា​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​ទាំងនេះ​រួមទាំង​ទប់ទល់​ការគំរាមកំហែង​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ក្រុម​ដទៃទៀត​ដែល​កំពុង​ព្យាយាម​ជ្រើសរើស​សមាជិក​ថ្មី​នោះ​។  
​លោក Dutton អះអាង​បន្ត​ដូច្នេះ​៖ «​ខណៈដែល​ប្រជាជាតិ​របស់​យើង​ផ្តោតលើ​ការប្រឆាំង​នឹង​ការគំរាមកំហែង​របស់​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន វា​ជា​កំហុសឆ្គង​ដែល​យើង​នៅ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ចាត់ទុក​វា​ជា​បញ្ហា​ក្នុង​ស្រុង​សុទ្ធសាធ​។ ភេរវកម្ម និង​ហិង្សា​ជ្រុលនិយម​មិនមាន​ព្រំដែន​ឡើយ​»​។​
​លោក​បន្តថា ការប្រឆាំង​ភេរវកម្ម​ត្រូវការ​ការ​ពង្រ​ងឹ​ង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា និង​ត្រូវការ​ប្រឹងប្រែង​រួមគ្នា​ដោយមាន​ការសម្របសម្រួល​គ្នា​រវាង​ភ្នាក់ងារ​សន្តិសុខ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ជាតិ​ផងដែរ​។​
 
​អាស៊ាន​ក្លាយជា​គោលដៅ​សំខាន់​របស់​បណ្តាញ​ក្រុម​ភេ​វជន​ជាពិសេស​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ស៊ី​រី និង​អ៊ីរ៉ាក់​ដែល​ព្យាយាម​បង្កើត​រដ្ឋ​ឥស្លាម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ កន្លងមក​អូស្ត្រាលី​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​គាំទ្រ​បណ្តា​ប្រទេស​អាស៊ាន​ក្នុងការ​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​របស់​ក្រុង​ភេរវជន និង​ប្រឆាំង​ហិង្សា​ជ្រុលនិយម​ទាំងនេះ​ផង​។ ដូច​ឃើញស្រាប់​កាលពី​ឆ្នាំមុន អូស្ត្រាលី​បាន​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​ជន​ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​កាន់កាប់​ក្រុង Marawi នៅ​កោះ​មិន​ដា​ណាវ​នោះ​រហូតដល់​បាន​ជ័យជម្នះ​។   
​នៅក្នុង​កិច្ចប្រជុំ​ពិសេស​លើក​នេះ ក្រៅពី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការទូត អូស្ត្រាលី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ភេរវកម្ម​តាមរយៈ​ការចែករម្លែក​របាយការណ៍​ចារកម្ម និង​ពង្រឹងសមត្ថភាព​អនុវត្ត​ច្បាប់​នៅក្នុង​ការប្រឆាំង​ភេរវជន​នេះដែរ​៕  
 
 

Tag:
 អូស្ត្រាលី​
  អាស៊ាន​
  Peter Dutton
  ភេរវជន
© រក្សាសិទ្ធិដោយ thmeythmey.com