ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«សង្ក្រាន្តព្រៃវែង» ត្រៀមខ្លួនបម្រើភាពរីករាយ៥ថ្ងៃនាឱកាសអបអរបុណ្យចូលឆ្នាំថ្មី
× ព្រៃវែង៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងក្រុងព្រៃវែង រយៈពេល ៥ថ្ងៃ ពីថ្ងៃទី ១២ -១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋក្នុងខេត្តនេះ។ «សង្ក្រាន្តព្រៃវែង» រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង សហការជារដ្ឋបាលខេត្តព្រៃវែង។
នេះជាឆ្នាំទី ៣ ហើយ ដែលខេត្តព្រៃវែង រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង»។ ក្នុងឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» នឹងប្រារព្ធឡើងក្នុងទឹកដីនៃក្រុងព្រៃវែង រយៈពេល ៥ថ្ងៃ ពីថ្ងៃទី ១២ ដល់ ទី១៦ ខែមេសា ឆ្នាំ២០១៨ នៅទីតាំងចំនួន ៣ រួមមាន តំបន់សួនច្បារសម្ដេចជាស៊ីម តំបន់ចុងប៉ម និងតំបន់កីឡដ្ឋានបាល់ទាត់។ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ជាការផ្តួចផ្ដើមគំនិតរបស់ លោក ហ៊ុន ម៉ានី និងលោក ស សុខា ដោយមានការសហការជាមួយរដ្ឋបាលខេត្តព្រៃវែង ក្នុងការគាំទ្រព្រឹត្តិការណ៍សង្រាន្តព្រៃវែងឆ្នាំ២០១៨នេះ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង លោក ខៀវ ភារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ប្រជាកសិករ និងកម្មករ កម្មការិនី បានមកកម្សាន្តក្នុងថ្ងៃចូលឆ្នាំ ជាមួយកម្មវិធីជាច្រើនក្នុងព្រឹត្តិការណ៍នេះ។ លោក ខៀវ ភារិទ្ធ បន្ថែមថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីជាច្រើនទាក់ទងនឹងវប្បធម៌ សាសនា ការលេងល្បែងប្រជាប្រិយ រួមទាំងការប្រគំតន្ត្រីបុរាណ និងសម័យផងដែរ។
បើតាមប្រធានស.ស.យ.ក ខេត្តព្រៃវែង ក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានកម្មវិធីប្លែកជាច្រើន ពិសេសការរំលេចចេញនូវរូបរាង រូបយក្សចំនួន ៥ នៅកណ្ដាលសួនច្បារនៃក្រុងព្រៃវែង។ ជាមួយគ្នានេះ ក្នុងព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍ជាតិ និងអន្តរជាតិ ប្រមាណ ៣០០ស្ដង់ រួមទាំងការប្រកួតបវរកញ្ញាឯកចាស់ៗ និងការប្រកួតចំរៀងឯក និងស្រីស្អាត ប្រុសស្អាតផងដែរ។
លោក ខៀវ ភារិទ្ធ បញ្ជាក់ថា «សង្ក្រាន្តព្រៃវែង»នេះ មានល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទដូចជា ទាញព្រ័ត្រ ឡើងសសរខ្លាញ់ បោះអង្គុញ ជាពិសេសការរំលឹកអនុស្សាវរីយ៍ក្នុងទសវត្សទី ៨០ ដែលរំលឹកពីកុមារភាពផងដែរ។ ម្យ៉ាងវិញ ការលើកយកនូវទស្សនីយភាពល្ខោនខោល ល្ខោនបាសាក់ និងការប្រគំតន្ត្រីសម័យ ដែលមានតារាល្បីៗចូលរួមផងដែរ។ ប្រធានស.ស.យ.ក ខេត្តព្រៃវែងរូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍លើកទី៣នេះ នឹងមានប្រជាពលរដ្ឋចូលរួមពី១០ម៉ឺនទៅ១៥ម៉ឺននាក់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ កន្លងទៅ ខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍នេះ នៅក្នុងស្រុកកញ្ជ្រៀច និងឆ្នាំ២០១៧ រៀបចំស្រុកបាភ្នំ ដែលមានរយៈពេល ៥ថ្ងៃ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់។ នេះបើតាមប្រធានស.ស.យ.ក ខេត្តព្រៃវែងខាងលើ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
ចូលឆ្នាំខ្មែរ
ខៀវ ភារិទ្ធ
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com