អន្តរជាតិ
បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​មិន​ខ្វល់​ពាក្យរិះគន់​លើ​ការដាក់​ឈ្មោះ​កូន​ថា «Donald Trump»
17, Mar 2018 , 10:30 pm        
រូបភាព
លោក Sayed Assadullah Pooya និងកូនប្រុសឈ្មោះ Donald Trump ដែលមានអាយុ១៨ខែ។ រូបថត AFP
លោក Sayed Assadullah Pooya និងកូនប្រុសឈ្មោះ Donald Trump ដែលមានអាយុ១៨ខែ។ រូបថត AFP
ដោយ: ធីតា
​គ្រួសារ​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស្រឡាញ់​ពេញចិត្ត​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) យ៉ាងខ្លាំង​។ មិនមែន​ដោយសារ​គាត់​ជា​អ្នកនយោបាយ និង​ជា​ប្រធានាធិបតី​អាមេរិក​នោះឡើយ តែ​ក្នុងនាម​ជា​អ្នកជំនួញ​គំរូ​ម្នាក់​។ ជាមួយគ្នានេះ លោក Sayed Assadullah Pooya បានសម្រេច​ចិត្ត​ដាក់ឈ្មោះ​កូន​ទី​បី​របស់លោក​ថា Donald Trump ផងដែរ​។​



​បន្ទាប់ពី​អាន​សៀវភៅ «Trump: How to Get Rich» ដែល​បកប្រែ​ជា​សា​ភា Dari លោក Sayed Assadullah Pooya បានចាត់ទុក​លោក ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​គំរូ​ម្នាក់ ជាពិសេស​ផ្នែក​មុខ​ជំនួញ​។ «​ខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​ជាច្រើន​អំពី​គាត់ ហើយ​ទីបំផុត​ខ្ញុំ​បានសម្រេច​ចិត្ត​យកឈ្មោះ​របស់គាត់​ដាក់​ឲ្យ​កូនប្រុស​ទី​បី​»​។ នេះ​ជា​សំដី​របស់លោក Sayed ដែល​ដកស្រង់​ដោយ AFP​។​
​កុមារា​អា​ហ្វ​ហ្គា​នី​ស្ថាន Donald Trump បានកើត​នៅ​ខែសីហា ឆ្នាំ​២០១៦ ដោយមាន​សក់​ពណ៌​ទង់ដែង​តិចៗ​ផងដែរ​។ លោក Sayed រំពឹងថា ឈ្មោះ​ដែល​លោក​ដាក់​ឲ្យ​នោះ នឹង​នាំ​ឲ្យ​គេ​ទទួលបាន​សំណាងល្អ ជាពិសេស​ការ​ប្រឡូក​ក្នុង​វិស័យ​ជំ​នូ​ញ​នាពេល​អនាគត​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ គ្រួសារ​របស់លោក Sayed ទទួលរង​នូវ​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ពី​មិត្ត​រួម​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ អ្នកខ្លះ មិន​ទើសទាល់​នឹង​លោក Donald Trump នោះឡើយ ប៉ុន្តែ​ពួកគេ​ខឹងសម្បារ​ដោយសារតែ​គ្រួសារ​មួយ​នេះ រំលង​ទំនៀមទម្លាប់ តាមរយៈ​ការដាក់​ឈ្មោះ​កូន ខុសពី​មូស្លីម​។​
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ AP ផងដែរ លោក Sayed បាន​អះអាងថា នៅពេលដែល​លោក​ហៅ​ឈ្មោះ​កូន​ថា Trump ឪពុក​របស់លោក​តែងតែ​ខឹងសម្បារ​។ មូលហេតុ​បែបនេះ ហើយ​បានជា​លោក​សម្រេចចិត្ត​ប្តូរ​ទៅ​រស់នៅ​ក្រុង​កា​ប៊ុល​វិញ​។​
​អ្នកខ្លះ​បាន​រិះគន់ថា គ្រួសារ​លោក Sayed ដាក់ឈ្មោះ​កូន​បែបនេះ ក្នុង​គោលបំណង​ចង់បាន​សិទ្ធិ​ភៀសខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Sayed បាន​បដិសេធ ដោយ​អះអាងថា មិនដែល​មានគំនិត​បែបនេះ​ឡើយ​។​
 
«​ឈ្មោះ​គឺ​ឈ្មោះ​។ ប្រសិនបើ កូន Donald Trump ចង់​ដូរ​ឈ្មោះ​របស់ខ្លួន​នៅពេល​ធំ​ឡើង វា​ជា​សិទ្ធិ​ជា​សិទ្ធិ​របស់គេ ប៉ុន្តែ​បច្ចុប្បន្ន​ការសម្រេចចិត្ត​ស្ថិតនៅលើ​ខ្ញុំ ហើយ​សម្រេចចិត្តថា គេ​ឈ្មោះ Trump»​។ មេ​គ្រួសារ​រូបនេះ បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​។​
​ទោះបីជា​រលក​នៃ​ការរិះគន់​ចេះតែ​បន្ត​មាន​មិន​ឈប់ឈរ​បែបណាក៏ដោយ ក៏​លោក Sayed មិន​ឈឺក្បាល​វិលមុខ​នោះដែរ ហើយ​លោក​ទាំង​និយាយ​បន្ថែមថា បើ​មាន​កូនស្រី​មួយទៀត លោក​ទំនងជា​ដាក់ឈ្មោះថា Ivanka Trump ដូច​កូនស្រី​លោក​ប្រធានាធិបតី​អាមេរិក​៕
 

Tag:
 អា​ហ្វ​ហ្គា​នី​ស្ថាន​
  Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com