អន្តរជាតិ
ចិន​ជា​ប្រទេស​សម្បូរ​ប្រជាជនមាន​ចំណូល​មធ្យម​ច្រើនជាងគេ​លើ​ពិភពលោក
18, Mar 2018 , 8:30 am        
រូបភាព
ដោយ:
​ចិន​គឺជា​ប្រទេស​សម្បូរ​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ នេះ​ជាការ​ប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ក្នុង​កិច្ចប្រជុំសភា​ប្រជាជន​នីតិកាល​ទី​១៣ នាពេល​កន្លងមក​។ ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ កម្រិត​រស់នៅ​របស់​ប្រជាជន​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ប្រាក់ចំណូល​មធ្យម​របស់​មនុស្សម្នា​ក់មាន​កំណើន​មធ្យម​ប្រចាំឆ្នាំ​ចំនួន​៧.៤​ភាគរយ គឺ​ខ្ពស់ជាង​កំណើនសេដ្ឋកិច្ច​។​

 
​ក្នុង​របាយការណ៍​ដែល​មិនទាន់​រៀបចំ​ស្រេចបាច់ ប្រជាជន​ចិន​ច្រើនជាង​៤០០​លាន​នាក់​ក្នុងចំណោម​ចំនួន​សរុប​ជិត​១.៤​ពាន់​លាន​នាក់ ក្លាយជា​អ្នកមាន​ចំណូល​មធ្យម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក He Lifeng ប្រធាន​គណៈកម្មការ​កែ​ទម្រង់ និង​អភិវឌ្ឍ​ជាតិ ដែល​បន្តថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ឆាប់រហ័ស​ទៀត​។ ការកើនឡើង​ចំនួន​ប្រជាជន​ក្នុង​វណ្ណៈ​នឹង​ជួយ​ជំរុញ​កំណើន​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។​
 
​ជាមួយនឹង​ការទស្សទាយ​ពី​កំណើន​ទីផ្សារ​ប្រើប្រាស់​នៅពេល​ខាងមុខ លោក He និយាយថា ទីផ្សារ​ប្រើប្រាស់​នេះ​នឹង​រួមចំណែក​ប្រហែល​៦០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៨ ។ ទិន្នន័យ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​បង្ហាញថា ចំណូល​ក្រោយ​កាត់​ពន្ធ​រួច​របស់​ប្រជាជន​ម្នាក់​មាន​ចំនួន​បួន​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ។​
 
​នា​ឆ្នាំ​ឆ្នាំ​២០១៧ មក ចិន​ដាក់ចេញ​វិធានការ​ឆ្លើយតប​ទៅនឹង​បេសកកម្ម​បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដោយមាន​កំណើន GDP ចំនួន​៦.៩​ភាគរយ ហើយ​ចំណូល​ក្រោយ​កាត់​ពន្ធ​មាន​ចំនួន​៧.៣​ភាគរយ ពោលគឺ​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​។ លោក He បញ្ជាក់ថា ចិន​នឹង​បើកចំហ​កាន់តែ​ធំ​ទៅកាន់​ពិភពលោក ក៏ដូចជា​បង្កើន​ការតាំង​ចិត្ត​ដើម្បី​ជំរុញ​កំណើន​ការប្រើប្រាស់​របស់​ប្រជាជនមាន​ចំណូល​មធ្យម និង​ប្រជាជន​ទូទៅ​ដែរ​។​
 
​ទន្ទឹមគ្នា​នោះ ទេសចរណ៍​ទៅ​ក្រៅប្រទេស​របស់​ប្រជាជន​ចិន​ដែល​បាន​កើនឡើង ក៏​ក្លាយជា​លក្ខខណ្ឌ​ដ៏​សំខាន់​ដើម្បី​វាស់​ស្ទង់​ភាព​រីករាយ​របស់​ប្រជាជន​ទីក្រុង និង​យុវជន​ជំនាន់​ក្រោយ​។ ដោយសារ​ចំណូល​កើនឡើង ប្រជាជន​ចិន​កាន់តែច្រើន​មានលទ្ធភាព​ទៅលេង​បរទេស ដែល​នេះ​ជា​រឿង​ល្អ​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក​។ ចិន​ក្លាយជា​ប្រភព​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ដោយ​ក្នុង​ឆ្នាំ​២០១៧ ប្រជាជន​ចិន​ចំនួន​១៣០​លាន​នាក់​បាន​ទៅ​ក្រៅប្រទេស​។​
 
​ទិន្នន័យ​ចុងក្រោយ​របស់​អង្គការ​ទេ​ចរណ៍​ពិភពលោក​បង្ហាញថា ការចំណាយ​នៅ​បរទេស​របស់​ទេសចរ​ចិន​មាន​ទំហំ​ច្រើនជាង​មួយ​ភាគ​ប្រាំ​នៃ​ការចំណាយ​ទាំងអស់​។ ឧស្សាហកម្ម​ទេសចរណ៍​រំពឹងថា ជួយ​បង្កើត​ការងារ​ច្រើនជាង​មួយ​ភាគ​បួន​នៃ​ការងារ​បង្កើត​ថ្មី​របស់​ពិភពលោក​នៅ​រយៈពេល​មួយ​ទសវត្សរ៍​បន្ទាប់ ហើយ​ទេសចរណ៍​ចិន គឺជា​ម៉ាស៊ីន​ជំរុញ​ដ៏​ធំ​។ ទីផ្សារ​ចិន គឺ​ពេញ​ដោយ​សក្តានុពល ហើយ​គេ​រំពឹងថា ចិន​នឹង​ចេញ​លិខិតឆ្លងដែន​ចំនួន​១០​លាន​ក្នុង​មួយឆ្នាំៗ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com