ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពី​លើកមុខ​មាត់​ប្រទេស អ្នករបាំ​បុរាណ ជា​អ្នក​បន្តវេន និង​ផ្ទេរ​ចំណេះ​ទៅ​ក្មេងជំនាន់ក្រោយ​
18, Mar 2018 , 9:00 am        
រូបភាព
​ភ្នំពេញ​៖ របាំ​បុរាណ បាន​ជួយ​លើក​មុខមាត់​ប្រទេសជាតិ និង​ធ្វើ​ឲ្យ​បរទេស​ស្គាល់​ពី​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ច្រើន​។ រាល់​ការ​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស​ម្ដងៗ បរទេស​តែង​ពោល​សរសើរ​ថា នារី​ខ្មែរ​រាំ​របាំ​ស្អាត និង​មាន​កាយវិការ​ទន់ភ្លន់ បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​។ អ្នករបាំ​បុរាណ មិន​ត្រឹមតែ​បាន​ជួយ​លើកមុខ​ប្រទេសជាតិ នៅក្នុង​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នក​ដែល​ត្រូវ​បន្តវេន​ពី​អ្នក​ជំនាន់​មុន អ្នក​អភិរក្ស និង​ជា​អ្នក​ផ្ទេរ​ចំណេះ ជំនាញ​របាំ​បុរាណ ទៅកាន់​អ្នកជំនាន់ក្រោយ​ដែរ​។​

 
​អ្នកនាង ប្រសិទ្ធ វិច្ឆិការ គឺជា​អ្នករបាំ​បុរាណ​ដែលមាន​បទពិសោធន៍​ជិត​១០​ឆ្នាំ​មកហើយ​។ ជា​គ្រូរបាំ​បុរាណ​ផង អ្នកនាង ប្រសិទ្ធ វិច្ឆិការ បាន​នាំយក​របាំ​បុរាណ ទៅ​សម្ដែង​នៅក្រៅ​ប្រទេស​ប្រមាណ​២០​ប្រទេស​រួចមកហើយ​។ អ្នកនាង​ថា រាល់​ការ​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស អ្នកនាង​តែងតែ​ឮ​ភ្ញៀវ​បរទេស សរសើរ​ពី​វប្បធម៌​ខ្មែរ ពី​របាំ​ខ្មែរ និង​សរសើរ​ពី​ភាពទន់ភ្លន់​របស់​នារី​ខ្មែរ​ពេល​រាំ​របាំ​។ គ្រូរបាំ​បុរាណ​រូបនេះ​ថា ស្ត្រី​ខ្មែរ បាន​ជួយ​លើកមុខ​មាត់​ប្រទេស​តាមរយៈ​របាំ ដោយបាន​បង្ហាញ​ប្រទេស​ដទៃ បានឃើញ​ពី​ភាពស្រស់ស្អាត នៃ​របាំ​ខ្មែរ និង​អាចធ្វើ​ឲ្យ​ភ្ញៀវ​ទាំងអស់​ជាប់ចិត្ត និង​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​។ អ្នកនាង វិច្ឆិការ បញ្ជាក់​៖ «​រាល់​ពេលដែល​ខ្ញុំ​ទៅ​សម្ដែង​នៅក្រៅ​ប្រ​ទស​ម្ដងៗ ខ្ញុំ​មាន​មោទកភាព​ខ្លាំង ព្រោះ​ជនជាតិ​គេ គេ​សរសើរ​របាំ​ខ្មែរ​ថា​អស្ចារ្យ ស្អាត អ្នករាំ​ក៏​រាំ​ទន់ភ្លន់​។ នេះ​ជា​ចំណែក​មួយ ដែល​នារី​បាន​ជួយ​លើកមុខ​មាត់​របស់​ប្រទេស​តាមរយៈ​របាំ​»​។ 

 
 
​កុមារី ទេព ច័ន្ទ​ដាលីន ជា​អ្នករបាំ​បុរាណ​មួយរូប​ទៀត ដែល​បាន​ចូល​ហាត់​របាំ ដោយសារ​ការស្រឡាញ់​។ មាន​អាយុ ១៤​ឆ្នាំ ក្មេងស្រី​រូបនេះ បាន​ចេញទៅ​សម្ដែង​ក្រៅប្រទេស​បាន​២​ដង​ដែរ ហើយ​រូបគេ​បាន​សង្កេតឃើញថា ភ្ញៀវ​បរទេស​តែង​ពោលថា នារី​ខ្មែរ ពេល​ដើរ ឬ​អង្គុយ មាន​របៀបរៀបរយ​ស​ម​ជា​អ្នកសិល្បៈ ជាពិសេស ពេល​រាំ គឺមាន​ភាពទន់ភ្លន់​។ កុមារី ទេព ច័ន្ទ​ដាលីន បន្ថែមថា នារី​មាន​ភាព​អត់ធ្មត់​ច្រើន​ក្នុងការ​ហាត់រៀន​របាំ ទោះ​តែមាន​ការពិបាក​ដោយ​ការហាត់​ពត់​ដៃ ពត់​ជើង​ក៏ដោយ​។ ដាលីន​បញ្ជាក់​៖«​ខ្ញុំ​ចូលរៀន​របាំ​អាយុ​១០​ឆ្នាំ​ហើយ ពេល​រៀនមាន​ពត់​ដៃ ពត់​ជើង​ច្រើន សម្រាប់​ខ្ញុំ​មិនសូវ​ពិបាក​ខ្លាំង​ទេ ព្រោះ​ខ្ញុំ​មាន​ទេពកោសល្យ​ខ្លះ ហើយ​ខ្លួន​ខ្ញុំ​ទន់​ស្រាប់​ផង​។ តែ​អ្នកខ្លះ ពេល​កាច់​ដៃជើង​យំ​ក៏មាន តែ​នៅតែ​ស៊ូ​រៀន​ទៀត​»​។ 

 
​ចំណែកឯ​អ្នកគ្រូ ណុប ធីតា គ្រូបង្ហាត់​របាំ​អប្សរា បាន​ឲ្យ​ដឹងថា របាំ​បុរាណ​ខ្មែរ មានតែ​នារី​ប៉ុណ្ណោះ ដែល​រាំ​។ នារី​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​សិល្បៈ ព្រោះ​នារី​ជា​អ្នក​ជួយ​បន្តវេន​របាំ និង​ជួយ​បណ្ដុះបណ្ដាល​របាំ​ដល់​សិស្ស​ជំនាន់​ក្រោយៗ​ទៀត​។ អ្វីដែល​សំខាន់​ទៀត នារី​ខ្មែរ បាន​ជួយ​យ៉ាងច្រើន​ដល់​សិល្បៈ​លើ​ឆាក​អន្តរជាតិ​។ អ្នកគ្រូ ធីតា បញ្ជាក់ថា​៖«​នារី​ខ្មែរ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​សិល្បៈ ទាំង​ជា​អ្នក​បន្តវេន និង​បណ្ដុះបណ្ដាល​ក្មេង​បន្ត​។ នារី​ខ្មែរ​ពេល​ចេញទៅ​សម្ដែង​ក្រៅប្រទេស គាត់​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​ច្រើន ជាពិសេស​ការ​ស្លៀកពាក់​ជា​របៀប​ខ្មែរ​។ ពេល​គាត់​រក្សាបាន​អ្វី​ដែលជា​ខ្មែរ បរទេស​នឹង​បានដឹងថា ខ្មែរ​មាន​ភាសា មាន​សិល្បៈ ប្រពៃណី មាន​វប្បធម៌ របស់ខ្លួន​ច្បាស់លាស់ »​។​


 
​អ្នកគ្រូ ធីតា បាន​ផ្ដាំផ្ញើ​ទៅកាន់​នារី​ខ្មែរ​ទាំងអស់ បើ​មាន​ពេលទំនេរ​សូម​មក​រៀន​របាំ​ខ្មែរ ឲ្យ​បាន​ច្រើន​ដើម្បី​បាន​ស្វែងយល់​ពីរ​ប្ប​ធម៌​ជាតិ​កាន់តែច្បាស់​។ ម្យ៉ាងវិញទៀត ទោះបីជា​ស្ត្រី​ខ្មែរ​មិនចេះ​របាំ​បុរាណ យ៉ាងហោចណាស់​ឲ្យ​ចេះ រាំក្បាច់ រាំវង់ សា​រ៉ា​វ៉ាន់ ដែរ ព្រោះនេះ​ជា​ចង្វាក់​របស់​ខ្មែរ​។ អ្នកគ្រូ​ថា​គ្រាន់តែ​ចេះ​រាំ​ចង្វាក់​របស់​ខ្មែរ​ប៉ុណ្ណឹង​ក៏​អាច​ចាត់​ចូល​ថា នារី​ខ្មែរ​បាន​ចូលរួមចំណែក​ជួយ​ថែរក្សា​សិល្បៈ​ខ្មែរ​ដែរ​៕

Tag:
 សិទ្ធិនារី​
 IWD2018
 ​របាំ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com