អន្តរជាតិ
ឥណ្ឌូណេស៊ី បង្កើត​ច្បាប់​សម្រាក​បិតុភាព​សម្រាប់​មន្ត្រី​រដ្ឋការ​បុរសៗ ដើម្បី​ជួយ​មើលថែ​ភរិយា​សម្រាលកូន
18, Mar 2018 , 9:30 am        
រូបភាព
ដោយ:
​ជារឿយៗ គេ​តែង​លឺ​ច្បាប់​ការងារ​ពាក់ព័ន្ធ​នឹង​មាតុភាព ដែល​សំដៅលើ​ការអនុញ្ញាត​ឲ្យ​មន្ត្រី ឬ​បុគ្គលិក​ជា​ស្ត្រី​អាច​ឈប់សម្រាក​សម្រាប់​ការ​សម្រាលកូន ។ ក៏ប៉ុន្តែ​ឥណ្ឌូណេស៊ី ទើបតែ​ប្រកាស​ពី​ច្បាប់​មួយ​ថ្មី​ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋការ​បុរសៗ ក៏​អាចដាក់​ច្បាប់​បិតុភាព​រយៈ​វែង​បាន​ដូចគ្នា​ផងដែរ ។

 
 
​ភ្នាក់ងារ​សាធារណៈ​ជាតិ​ឥណ្ឌូណេស៊ី បានចេញ​ប្រកាស​ពី​ច្បាប់​ថ្មី​មួយ ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​ស៊ីវិល​បុរសៗ អាច​សុំ​ការអនុញ្ញាត​ច្បាប់ បិតុភាព បាន​ក្នុង​រយៈពេល​១​ខែ ដើម្បី​ថែ​គ្រួសារ និង​ជា​ភរិយា​របស់​ពួកគេ​ដែល​ទើបតែ​សម្រាលកូន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post នៅ​ថ្ងៃ​១៣ មីនា ។ 
​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ បទបញ្ញត្តិ​ពាក់ព័ន្ធ​សុំ​ការអនុញ្ញាត​ច្បាប់​បិតុភាព​នេះ ត្រូវបាន​បង្កើតឡើង​តាំង​ឆ្នាំ​២០១៧​មកម្ល៉េះ ក៏ប៉ុន្តែ​ទើបតែ​ប្រកាស​ប្រើប្រាស់ ។ តាម​បញ្ញា​ត្តិ ដើម្បី​អាច​ទទួលបាន​ការអនុញ្ញាត​ច្បាប់​បិតុភាព មន្ត្រី​បុរស ត្រូវតែមាន​លិខិតបញ្ជាក់​សុខភាព​អំពី​កាលបរិច្ឆេទ នៃ​ការ​សម្រាលកូន​របស់​ភរិយា​ពួកគេ ។ 
 
​តាម​ភ្នាក់ងារ​សាធារណៈ​ឥណ្ឌូណេស៊ី បទបញ្ជា​ថ្មី​នេះ ក៏​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ ដោយ​ផ្តល់ឱកាស​ដល់​មន្ត្រី​បុរសៗ​ដើម្បី​បំពេញ​កាតព្វកិច្ច​គ្រួសារ​មួយ ដោយ​ត្រូវ​មើល​ភរិយា និង​ទារក​របស់​ពួកគេ ។ ការអនុញ្ញាត​ច្បាប់​នេះ មិន​ប៉ះពាល់​ដល់​ការអនុញ្ញាត​ច្បាប់​ប្រចាំ​ឡើយ ។ 
​ជាមួយគ្នានេះ តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ភ្នាក់ងារ​សាធារណៈ​ឥណ្ឌូណេស៊ី បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បិតុភាព​នេះ គឺជា​គោលនយោបាយ​ថ្មី​មួយ​ហើយ​សម្រាប់​មន្ត្រី​បុរសៗ ដ្បិត​កន្លងមក ពួកគេ អាច​សុំ​អនុញ្ញាត​ច្បាប់​បានត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​កំដ​ភរិយា​ក​សម្រាប់​ថ្ងៃ​សម្រាលកូន ខណៈ​មន្ត្រី​ស៊ីវិល នារី អាច​សុំ​អនុញ្ញាត​រយៈពេល​បី​ខែ​សម្រាប់​សម្រាលកូន និង​មើល​ថែកូន ៕ 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com